បារាំង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 22 មេសា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 22 មេសា 2012

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង​ជុំ​ទី​មួយ

បេក្ខជនប្រធានាធិបតី​បារាំងឆ្នាំ​២០១២ ​ទាំង​១០​រូប
បេក្ខជនប្រធានាធិបតី​បារាំងឆ្នាំ​២០១២ ​ទាំង​១០​រូប

ដោយ អៀង សុខម៉ិញ

ការិយាល័យ​បោះឆ្នោត​ នៅទូទាំង​ប្រទេស​ បាន​បើក​ទ្វារ​ តាំង​ពី ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨​ល្ងាច​ នៅ​តាម​ទីក្រុង​​ទី​ប្រជុំ​ជន​ធំៗ និង​ម៉ោង​៦​ល្ងាច​នៅ​តាម​ភូមិ ទទួល​បណ្តា​ជន​បារាំង​ប្រមាណ​៤៥​​លាន​នាក់ ឱ្យ​មក​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី។ នៅ​ក្នុង​ឆ្នាំ ២០១២ បេក្ខជន​ឈរ​ឈ្មោះ​សរុប​មាន​១០រូប។ ការ​បោះឆ្នោត​ជុំ​ទីពីរ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦​ឧសភា។

សេចក្តី​អត្ថាធិប្បាយ​របស់ អៀង សុខម៉ិញ
 

22/04/2012

បេក្ខជន​ដែល​ចូល​មក​ប្រកួត​ប្រជែង​ ក្នុង​សម័យ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង ឆ្នាំ​២០១២ មាន​១០​រូប ៖

- ប្រធានាធិបតី​ផុត​អាណត្តិ លោក​ នីកូឡា សាកូហ្ស៊ី អាយុ​៥៧​ឆ្នាំ ម្តាយ​ឪពុក​មាន​ដើម​កំណើត​បរទេស​ ជនជាតិ​ហុង​គ្រី។ លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង កាលពី​ឆ្នាំ​២០០៧។ លោក​ នីកូឡា សាកូហ្ស៊ី ឈរ​ឈ្មោះ​ជា​ថ្មី​-ជា​បេក្ខជន​ប្រធានាធិបតី​ របស់​បក្ស​ស្តាំ​និយម UMP នេះ ក្នុង​ខណៈ​ដែល​ប្រជាប្រិយភាព​របស់​លោក​ ធ្លាក់​ចុះ​ដល់​កំរិត​ទាប​បំផុត ហើយ​បើ​និយាយ​អំពី​តុល្យការ​​​ការងារ​៥​ឆ្នាំ ជា​ប្រធានាធិបតី​បារាំងវិញ ប្រជាជន​បារាំង​មួយ​ភាគ​ធំ​មិន​ពេញ​ចិត្ត​​ទេ ដោយ​ចោទ​ប្រកាន់​ថា​បាន​ដឹកនាំ​រដ្ឋាភិបាល​​អនុគ្រោះ​ដល់​តែ​អ្នក​មាន​ បង្កើន​ហានិភ័យ​ក្នុង​សង្គម ចំនួន​អ្នក​ឥត​ការងារ​ធ្វើ​កើន​ឡើង​ខ្លាំង ចូល​ចិត្ត​​ចេញ​មុខ​ចេញ​មាត់​ជ្រុល​ពេក។ ​ប៉ុន្តែ​ គណបក្ស​ស្តាំនិយម​ នៅតែ​គាំទ្រ​លោក ព្រោះ​យល់​ថា​ លោក​នីកូឡា សាកូហ្ស៊ី ជា​បុគ្គល​ដែល​ប្រកប​ដោយ​ថាមពល​ ស្វាហាប់ សម្រេច​ការងារ​នៅ​លើ​ឆាក​អន្តរជាតិ​បាន​យ៉ាង​ប្រពៃ​ ជា​ពិសេស​​នៅ​ក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០០៨ និង​២០១១។ កម្មវិធី​នយោបាយ​​របស់​លោក ឬ​របស់បក្ស​ក្នុង​ពេល​ឃោសនា គឺ​មានអត្ថន័យ​ជា​អ្នក​ស្តាំ​និយម​ពិតៗ ដោយ​ផ្តោត​ជា​សំខាន់​លើ​ សន្តិសុខ អន្តោប្រវេសន៍ អ៊ីស្លាម​។

-          បេក្ខជន​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ គឺ​លោក ហ្វ្រង់ស័រ ហូឡង់ (៥៧ឆ្នាំ​) នៃ​គណបក្ស​សង្គម​និយម​។ ជា​អ្នក​ឆ្វេង​និយម មាន​និន្នាការ​ធ្វើ​កំណែ​ទម្រង់​ មាន​មហិច្ឆតា​​ក្លាយ​ជា​ប្រធានាធិបតី​បារាំង ដឹក​នាំរដ្ឋាភិបាល​តាម​​​បែប​សាមញ្ញ មិន​ឆើត​ឆាយ​ដូច​ប្រធានាធិបតី​ចាស់។ លោក​ធ្លាប់​ជា​មាន​តួនាទី​ជា​លេខា​ទី​មួយ​របស់​បក្សសង្គម​និយម​-បក្ស​ឆ្វេង​និយម​ដ៏​ធំបង្អស់​​នៅ​បារាំង​រយៈ​ពេល​១១​ឆ្នាំ​ ធានា​បាន​ការ​បង្រួបបង្រួមបក្ស​​ និង​បាន​តាំង​ខ្លួន​ជា​បេក្ខជន​ដែល​មិន​ធ្វើ​ឱ្យ​ប្រជាជន​ខក​ចិត្ត។ កម្មវិធី​នយោបាយ​របស់​លោក គឺ​សំដៅ​កាត់​បន្ថយ​ឧុនភាព​ថវិកា​ជាតិ​ ដូច​ខាង​ស្តាំ​និយម​ដែរ តែ​លោក​បាន​សន្យា​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធ​ដារ​​ ដើម្បី​ឱ្យ​មាន​សមភាព​រវាង​អ្នក​ក្រ​-អ្នក​មាន និង​បញ្ហា​សង្គម ប៉ុន្តែ​លោក​គ្មាន​បទ​ពិសោធន៍លើ​ឆាក​អន្តរជាតិ មិន​ធ្លាប់​មាន​​តួនាទី​អ្វី​ក្នុង​​ក្រសួង​ណា​មួយ​ពី​មុន​មកទេ។ លោកត្រូវ​បាន​គេ​រិះគន់​ថា​មិន​ស្វាហាប់ មិន​ចេះ​អារកាត់​បញ្ហាភ្លាមៗ។ ភរិយា​ដើម​របស់​លោក គឺ​លោកស្រី​ Ségolène Royal អតីត​បេក្ខជន​នារី​ប្រធានាធិបតី​ចាញ់​ឆ្នោត​កាលពី​ឆ្នាំ ២០០៧។
-          លោកហ្សង់លុច មេឡង់ឆុង​ (Jean Luc Mélenchon) ៦០ឆ្នាំ ជា​តំណាង​បេក្ខជន គណបក្ស​​រណសិរ្ស​ឆ្វេង​និយម ស្និទ្ធ​នឹង​បក្ស​កុម្មុយនិស្ត​ បាន​បង្កើត​ជា​ព្រឹត្តិការណ៍​លេចធ្លោ​ច្រើន​នៅ​ពេល​ឃោសនា។ លោក​បាន​វោហា​ខ្លាំង ចង់​រៀប​ចំ​ក្រុម​អ្នក​ឆ្វេងនិយម​ឡើង​វិញ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សេដ្ឋកិច្ច​សេរីនិយម និង​ទីផ្សារ​អឺរ៉ុប។
-          លោកស្រី​ ម៉ារីន ឡឺប៉ែន (Marine Le Pen) ៤៣ឆ្នាំ ឈរ​ឈ្មោះ​ជា​លើក​ដំបូង ឱ្យ​គណបក្ស​រណសិរ្សជាតិ (ស្តាំ​និយម​ជ្រុល) ​ កំពុង​តែ​ខិត​ខំ​ទាក់ទាញ​សំឡេង​ឆ្នោត​ ចង់​ដណ្តើម​ជោគជ័យ​ឡើង​ដល់​ជុំ​ទីពីរ ដូច​សម័យ​ឪពុក​លោកស្រី កាលពី​ឆ្នាំ​២០០២។ គោលនយោបាយ​របស់​បក្ស​នេះ​ គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍ និង​អស្ថិរភាព​ សង្គម​ ធ្វើ​ឱ្យ​មាន​ការ​កុង​កាច់​ខ្លាំងជាមួយ​នឹង​​​គណបក្ស​UMP កំពុង​កាន់​អំណាច​។
-          គណបក្ស​កណ្តាល​និយម តំណាង​ដោយ​លោក ហ្វ្រង់ស័រ​ បាយរូ (François Bayrou)។​ គណបក្ស​នេះ​មាន​នយោបាយ​ការ​ពារ​ផលិតផលក្នុង​ស្រុក ​ធ្វើ​នៅ​​បារាំង Made in France ប៉ុន្តែ​ដោយ​ការ​ស្ទុះ​ឡើង​នៃ​គណបក្ស​រណសិរ្ស​ជាតិ និង​រណសិរ្ស​ឆ្វេង​និយម បាន​ធ្វើ​ឱ្យ​ជោគ​វាសនា​គណបក្ស​ក្នុង​សម័យ​បោះឆ្នោត​លើក​នេះ​ មាន​លក្ខណៈ​មិន​ច្បាស់​លាស់។ កាលពី​សម័យ​បោះឆ្នោត​ឆ្នាំ​២០០៧ គណបក្ស​កណ្តាល​និយម MODemនេះ​ បាន​ជាប់​ឆ្នោត​លំដាប់​ទីបី។
 
ក្រៅ​ពី​នេះ​នៅ​មាន​បេក្ខជន​មក​ពី​គណបក្ស​តូចៗ​ចំនួន​៦​ទៀត ៖ លោកស្រី​ អេវ៉ា ហ្សូលី ​(Eva Joly) ៦៨ឆ្នាំ ជា​អ្នក​បរិស្ថាន​​- លោកស្រី​ ណាតាលី អារតូ ​(Nathalie Arthaud) អាយុ​៤២​ឆ្នាំ ជា​គ្រូ​បង្រៀន មក​ពី​គណបក្ស​តស៊ូ​​កម្មករ។ លោក​ហ្វីលីព​ ពូទូ (Philippe Poutou) នៃ​គណបក្ស​ប្រឆាំង​នឹង​មូលធននិយម។ អ្នក​ទាំង​បី​ សុទ្ធ​សឹង​ជា​អ្នក​មាន​​និន្នាការ​ឆ្វេង​និយម។ ចំណែក​បក្ស​ស្តាំ​និយម​តូច​ៗ​វិញ មាន​ជា​អាទិ៍​ លោក​ នីកូឡា ឌុយប៉ុង-អៃញ៉ង់ (Nicolas Dupont-Aignan) ជា​ ​ស្តាំ​និយម​បែប​ថ្មី មិន​បុរាណ និង​លោក ហ្សាក់ ហ្សឺមីណាត (Jacques Cheminade)បេក្ខជន​វ័យ​ចំណាស់​ជាង​គេ​អាយុ​៧០​ឆ្នាំ។
 
បើ​តាម​តួលេខ​ផ្តល់​ដោយ​ក្រសួង​មហាផ្ទៃ មកទល់នឹងម៉ោង​១២​ថ្ងៃ​ត្រង់ ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​ប្រមាណ​២៨,២៩%​ប៉ុណ្ណោះ ពោល​គឺ​ទាប​ជាង​កាលពី​ឆ្នាំ​២០០៧ បើប្រៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា​។
 
​ជា​រៀង​រាល់​ពេល​បោះឆ្នោត​ប្រធានាធិបតីម្តងៗ​ មាន​បណ្តា​ជន​បារាំង​ប្រមាណពី​១៥​%​ទៅ​៣០% មិន​ទៅ​បោះឆ្នោត។ ​វិបត្តិ​សេដ្ឋកិច្ច បាន​ធ្វើ​ឱ្យអ្នក​អត់​ការងារ​ អ្នកមាន​ការងារ​មិន​ជាប់​លាប់ មិន​ចាប់​អារម្មណ៍​ចង់​ទៅ​បោះឆ្នោត។ ម្យ៉ាង​ទៀត​បើ​តាម​ការ​សិក្សាជា​ច្រើន​បង្ហាញ​ថា មក​ពី​បេក្ខជន​ប្រធានាធិបតីលើក​ឡើង​តែ​អំពី​បញ្ហា​សន្តិសុខ អន្តោប្រវេសន៍ ដែល​មិន​មែន​ជា​អាទិភាព​ចម្បង​របស់​ប្រជាជន​បារាំង​បច្ចុប្បន្ន ទើប​ធ្វើ​ឱ្យ​ពួក​គេ​​ រឹត​តែលែង​ចង់​ទៅ​បោះឆ្នោត​ទៀត។
 
អវត្តមាន​មិន​ទៅ​បោះឆ្នោត​អាច​ជះឥទ្ធិពល​ទៅ​លទ្ធផល​ឆ្នោត​ខ្លាំង និង​ជា​បុព្វហេតុ​មួយ​នាំ​ចំណេញ​ដល់​បក្ស​ជ្រុល​និយម​ រណសិរ្សជាតិ របស់​លោកស្រី​ម៉ារីន ឡឺប៉ែន និង​រណសិរ្ស​ឆ្វេងនិយម​របស់​លោក​មេឡង់ឆុង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បេក្ខជន​ប្រធានាធិបតី​ទាំង​អស់ ជាពិសេស​បេក្ខជន​នាំ​មុខ​គេ​ទាំង​ពីរ គឺ​លោក​នីកូឡា សាកូហ្ស៊ី និង​លោក​ ហ្វ្រង់ស័រ​ ហូឡង់ បាន​អំពាវនាវ​ហើយ អំពាវនាវ​ទៀត​ ឱ្យ​បណ្តា​ជន​បារាំង​នាំ​គ្នា​ទៅ​បោះឆ្នោត៕

 

tags: បារាំង - បោះឆ្នោត
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close