ចន្ទ 11 តុលា 2010
ដីធ្លី​ក្នុង​តំបន់​ខ្លះ​ចាប់ផ្ដើម​ងើប​ឡើង​វិញ​បន្តិច ប៉ុន្តែ​ដីធ្លី​នៅ​ក្នុង​តំបន់​ខ្លះ​ទៀត​នៅ​បន្ត​សន្លប់​នៅ​ឡើយ
សំណង់​អាគារ​កំពុង​សាងសង់ នៅ​ភ្នំពេញ
សំណង់​អាគារ​កំពុង​សាងសង់ នៅ​ភ្នំពេញ
© សុវណ្ណារ៉ា/RFI
ដោយ គី សុខលីម

ដីធ្លី​តំបន់​ខ្លះ​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​បន្តិច​ ប៉ុន្តែ​ដីធ្លី​នៅក្នុង​តំបន់​ខ្លះ​ទៀត​នៅ​បន្ត​សន្លប់​នៅ​ឡើយ។ តើ​ដីធ្លី​ក្នុង​តំបន់​ណា​ចាប់​ផ្ដើម​មាន​ហាងឆេង​ឡើង​វិញ​និង​ដីធ្លី​ក្នុង​តំបន់​ណា​នៅ​បន្ត​ជាប់​គាំង​នោះ?​

តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ​ចាប់​ផ្ដើម​រំញោច​ឡើង​វិញ​បន្តិច​ហើយ ​ប៉ុន្តែ​ហាងឆេង​ដីធ្លី​នៅ​តំបន់​ដាច់​ស្រយាល​នៅ​ងាប់​ស្ដូក​នៅ​ឡើយ។ នេះ​គឺ​ជា​ការ​វាយ​តម្លៃ​របស់​ទី​ភ្នាក់ងារ​អចលនទ្រព្យ Visal Real Estate ក្នុង​ឆមាស​ទី​២​នៃ​ឆ្នាំ​២០១០​នេះ។ លោក ស៊ា ឆៃលីន ប្រធាន​ទី​ភ្នាក់ងារ​អចលនទ្រព្យVisal Real Estate បាន​បញ្ជាក់​ប្រាប់​ថា ចាប់តាំង​ពី​ដើម​ឆមាស​ទី​២​នៃ​ឆ្នាំ​២០១០​មក ចំនួន​ភ្ញៀវ​ដែល​រក​ទិញ​អចលនទ្រព្យ​តាម​រយៈ​ទី​ភ្នាក់ងារ​របស់​លោក​មានការ​កើនឡើង​ជាង​ឆមាស​ទី១។
 
ការ​កើនឡើង​នៃ​ចំនួន​អតិថិជន​នេះ​បាន​ជំរុញ​អោយ​អ្នក​ជំនាញ​ក្នុង​វិស័យ​ដីធ្លី​ទាញ​សេចក្តី​សន្និដ្ឋាន​បាន​ខ្លះ​ថា ទីផ្សារ​អចលនទ្រព្យ​អាច​ចាប់​ផ្ដើម​ដឹង​ខ្លួន​ឡើង​វិញ​បន្តិច​ម្តង​ៗ​បន្ទាប់​ពី​សន្លប់​មួយ​រយៈ​ធំ​មក។ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ទីផ្សារ​អចលនទ្រព្យ​បាន​ដាំ​ក្បាល​ចុះ​សឹង​ហៅ​មិន​ឮ។ ក្នុង​រយៈ​ពេល​នោះ សម្បូរ​ណាស់​អ្នក​ប្រកាស​លក់​អចលនទ្រព្យ​ប៉ុន្តែ​គ្មាន​ឡើយ​អ្នកទិញ។ គ្រប់​ទី​កន្លែង​នៃ​ប្រទេស​កម្ពុជា​ គេ​សង្កេត​ឃើញ​តែ​ផ្លាក​ដាក់​លក់​អចលនទ្រព្យ។
 
ជាង​បី​ឆ្នាំ​ក្រោយ​មក ស្ថានភាព​ស្ងាត់​ជ្រងំ​បាន​រសាត់​ចេញ​ឆ្ងាយ​បន្តិច​ម្តង​ៗ។ លោក ស៊ា ឆៃលីន ប្រធាន​ទី​ភ្នាក់ងារ​អចលនទ្រព្យVisal Real Estate បាន​បញ្ជាក់​ទៀត​ថា ដីធ្លី​ដែល​ចាប់​ផ្ដើម​មាន​អ្នក​រក​ទិញ​ឡើង​វិញ​នោះ​ គឺ​ភាគច្រើន​ជា​ដី​ក្នុង​តំបន់​ពាណិជ្ជកម្ម​ និង​ដី​ក្នុង​តំបន់​ស្នាក់​នៅ​ទំនើបៗ​ដូចជា​ដី​នៅ​តំបន់​បឹង​កេងកង​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ជាដើម។ បើ​យោង​តាម​លោក ស៊ា ឆៃលីន ដី​មួយ​ម៉ែត្រ​ការ៉េ​នៅ​តំបន់​បឹង​កេងកង​អាច​លក់​បាន​ក្នុង​តម្លៃ​២០០០​ដុល្លារ​អាមេរិក​ក្នុង​ពេល​បច្ចុប្បន្ន រីឯ​កាល​ពី​ពេល​ហាង​ឆេង​ធ្លាក់​ខ្លាំង ដី​នៅក្នុង​តំបន់​នេះ​មាន​តម្លៃ​តែ​១៥០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។
សូម​រម្លឹក​បន្តិច​ថា ដី​ក្នុង​តំបន់​បឹង​កេងកង​ដែល​ជា​តំបន់​លេខ​មួយ​នោះ​មាន​តម្លៃ​រហូត​ដល់​ជាង​៤០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​កាល​ពី​តម្លៃ​ដីធ្លី​ឡើង​ខ្ពស់​បំផុត​នៅ​ចុង​ឆ្នាំ​២០០៧។
 
ដូចគ្នា​ដែរ​សម្រាប់​ដី​ក្នុង​តំបន់​ពាណិជ្ជកម្ម អ្នក​ជំនាញ​ដីធ្លី​បាន​បន្ត​ទៀត​ថា ដី​នៅក្នុង​តំបន់​ផ្លូវ​មុនីវង្ស​ជា​ផ្លូវ​ដែល​សម្បូរ​ទៅ​ដោយ​សកម្មភាព​សេដ្ឋកិច្ច​នោះ​បាន​ឡើង​ថ្លៃ​គួរសម​វិញ​ហើយ។ នៅ​តំបន់​ដង​មហាវិថី​មុនីវង្ស​នា​ពេល​បច្ចុប្បន្ន​នេះ ដី​អាច​មាន​តម្លៃ​ក្នុង​ចន្លោះ​ពី​១២០០​ទៅដល់​៣៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​អាស្រ័យ​ទៅតាម​តំបន់​និង​ទំហំ​ដី​ឡូត៍​នីមួយៗ។ រីឯ​ពេល​ហាងឆេង​ធ្លាក់ ដី​ទីនេះ​អាច​មាន​តម្លៃ​ក្នុង​ចន្លោះ​ពី​៧០០​ទៅ​២៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។
 
ការ​ប៉ាន់ស្មាន​នៃ​ការ​ងើប​ឡើង​នៃ​ទីផ្សារ​អចលនទ្រព្យ​បាន​ធ្វើឡើង​ចំ​ពេល​ដែល​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​ទស្សន៍​ទាយ​ពី​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ព្យាករ​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​ក្រីក្រ​មួយ​នេះ​នឹង​ទទួល​បាន​កំណើន​៥​ភាគរយ​សម្រាប់​ឆ្នាំ​២០១០​នេះ។
 
កំណើន​សេដ្ឋកិច្ច​៥​ភាគរយ​របស់​កម្ពុជា​​គឺ​បាន​មក​ពី​កំណើន​នៃ​ការ​នាំ​ចេញ​សំលៀកបំពាក់​និង​ការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស។ របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​សរសេរ​បញ្ជាក់​ថា ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១០​ការ​នាំ​ចេញ​​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ជាង​១០​ភាគរយ​បើ​គិត​ជា​ទឹក​ប្រាក់​និង​កំណើន​ប្រហែល​២៤​ភាគរយ​បើ​គិត​ជា​បរិមាណ​ទំនិញ។
 
ចំណែក​ឯ​វិស័យ​ទេសចរណ៍​វិញ កំណើន​ទេសចរ​បរទេស​បាន​កើន​ឡើង​១២,៤​ភាគរយ​ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០១០​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ព្យាករ​​ថា កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១១​នឹង​មាន​៦​ភាគរយ។ ការ​ស្ទុះ​ឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ច​អាច​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដទៃ​ទៀត​ក្នុង​ការ​រុញច្រាន​អោយ​វិស័យ​អចលនទ្រព្យ​ងើប​ឡើង​វិញ​ប៉ុន្តែ​ដើម្បី​អោយ​ដឹង​ថា​វា​ងើប​ឡើងវិញ​ឆាប់​ឬ​ក៏​យឺត​នោះ​គ្មាន​នរណា​អាច​ទស្សន៍​ទាយ​បាន​នោះ​ទេ។​
 
ហាងឆេង​ដីធ្លី​ទីក្រុង​ភ្នំពេញ​ក្នុង​តំបន់​ពាណិជ្ជកម្ម​និង​ក្នុង​តំបន់​ស្នាក់នៅ​ទំនើប​ៗ​មាន​សញ្ញា​ងើប​ឡើង​វិញ​បន្តិច​មែន​ប៉ុន្តែ​អ្នក​ជំនាញ​ដីធ្លី​បាន​បញ្ជាក់​ថា ដីធ្លី​នៅ​តាម​តំបន់​ដាច់​ស្រយាល​នៅតែ​គ្មាន​តម្លៃ​ដដែល៕

Close