អានតួអត្ថបទ
ភូមា

អឺរ៉ុប​សម្រាល​ទណ្ឌកម្ម​ដែលខ្លួន​បាន​ដាក់​ទៅ​លើ​ភូមា

ចាប់​ពី​ខែ​មេសា​ខាង​មុខ​នេះ​ទៅ ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ភូមា និង​ក្រុម​គ្រួសារ​នឹង​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​សហភាពអឺរ៉ុប​ បាន។ នេះ​គឺ​ជា​វិធានការ​ទី​មួយ​នៃ​ការសម្រាល​ទណ្ឌកម្ម​ទៅ​លើ​ភូមា ក្រោយ​ពី​របប​ថ្មី​នៅ​ណៃពីដោ ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ថេន សេន​បាន​ផ្តើម​ធ្វើ​កំណែទម្រង់​នយោបាយ​ស៊ីជម្រៅ តាំង​ពី​ខែ​មីនា ឆ្នាំ​ទៅ​មិញ​មក​ម្ល៉េះ។

រដ្ឋមន្រ្តី​បរទេស​អង់គ្លេស លោក​William Hague (ពីឆ្វេង​ទៅស្តាំ)និយាយ​ពី​បញ្ហា​ប្រទេស​ភូមា ជាមួយ​រដ្ឋមន្រ្តី​បរទេស​ និង​ព្រះអង្គម្ចាស់​ត្រូវសោយរាជ្យ​ប្រទេស​លុចសំបួ នៅទីក្រុង​ប៊្រុចសែល កាលពី​ថ្ងៃ​ចន្ទ​ទី ២៣ មករា ២០១២
រដ្ឋមន្រ្តី​បរទេស​អង់គ្លេស លោក​William Hague (ពីឆ្វេង​ទៅស្តាំ)និយាយ​ពី​បញ្ហា​ប្រទេស​ភូមា ជាមួយ​រដ្ឋមន្រ្តី​បរទេស​ និង​ព្រះអង្គម្ចាស់​ត្រូវសោយរាជ្យ​ប្រទេស​លុចសំបួ នៅទីក្រុង​ប៊្រុចសែល កាលពី​ថ្ងៃ​ចន្ទ​ទី ២៣ មករា ២០១២ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​បាន​ធ្លាក់​មក​ដល់ កាល​ពី​ម្សិលមិញ ថ្ងៃ​ចន្ទ​ទី​២៣​មករា។ ក្រោយ​ការបោះ​ឆ្នោត​សភា​មួយ​ភាគ នៅ​ភូមា​ក្នុង​ថ្ងៃ​ទី​១​មេសា ហើយ ពួក​អ្នកដឹកនាំ​កំពូលៗ​នៃ​ប្រទេស​នេះ និង​ក្រុម​គ្រួសារ​អាច​នឹង​ទទួល​បាន​ទិដ្ឋាការ ដើម្បី​ដើរ​ហើរ ដោយ​សេរី នៅ​ក្នុង​ទ្វីប​អឺរ៉ុប។

ជា​ការពិត​ណាស់​ដែល​ថា ការ​ដកបម្រាម ដែល​ហាម​មិន​ឲ្យ​ថ្នាក់ដឹកនាំ​ទីក្រុង​ណៃពីដោ​អាច​ធ្វើ​ដំណើរ​មក​អឺរ៉ុប​បាន មិន​មែន​ជា​សេចក្តី​សម្រេចចិត្ត​មួយ​ធំ​ដុំ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ទម្ងន់​ទាំង​មូល​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អឺរ៉ុប​ទៅ​លើ​ភូមា។ ក៏​ប៉ុន្តែ កាយវិការ​បែប​នេះ​មាន​អត្ថន័យ​នយោបាយ​មួយ​ជ្រៅ នោះ​គឺ​សហភាព​អឺរ៉ុប​ចង់​បង្ហាញ​ថា ខ្លួន​ពេញចិត្ត​ចំពោះ​កំណែ​ទម្រង់​នយោបាយ​ដែល​របប​ថ្មី​ភូមា​បាន និង​កំពុង​បន្ត​អនុវត្ត។

កាល​ពី​ម្សិលមិញ​នេះ បណ្តា​ប្រមុខការ​ទូត​នៃ​ប្រទេស​សមាជិក​អឺរ៉ុប​បាន​សន្យា​ថា ចាប់​ពី​ពេល​នេះ​រហូត​ទៅ​ដល់​ខែ​មេសា ពួក​គេ​នឹង​ពិនិត្យ​មើល​ម្តង​មួយៗ​ឡើង​វិញ វិធានការ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​កញ្ចប់​ទណ្ឌកម្ម។ តាម​មើល​ទៅ សហភាព​អឺរ៉ុប​អាច​នឹង​បន្ត​សម្រាល​បណ្តើរៗ​តទៅ​មុខ​ទៀត ទណ្ឌកម្ម​ដែល​ខ្លួន​បាន​ដាក់​ទៅ​លើ​ប្រទេស​ភូមា​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ម្ល៉េះ។

សូម​ជម្រាប​ថា កន្លង​ទៅ​ថ្មីៗ​នេះ ប្រមុខ​ការទូត​អង់គ្លេស ង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ភូមា និង​បាន​កត់​សម្គាល់​ឃើញ​ថា ប្រទេស​នេះ​បាន ង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​នយោបាយ និង​បោះ​ជំហាន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ