សៅរ៍ 04 កុម្ភៈ 2012
សំណុំ​រឿង​០០១​បញ្ចប់​ដោយ​សង្ឃឹម!
ឌុច​អតីតមេគុក​ទួល​ស្លែង
ឌុច​អតីតមេគុក​ទួល​ស្លែង
RFI/Sovannara
ដោយ ប៉ែន បូណា

កាំង ​ហ្គេចអ៊ាវ​ ​ហៅឌុច​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ស២១ ​ឬ​ហៅ​ថា​គុក​ទួលស្លែង​ក្នុង​សម័យ​ខ្មែរក្រហម ​ត្រូវបាន​តុលាការ​កំពូល ​នៃ​សាលាក្តី​ខ្មែរក្រហម​ចេញ​សាលដីកា​ស្ថាពរ ​កាលពី​ថ្ងៃ​សុក្រ​ដោយ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ សាលដីកា​នេះ​បាន​ធ្វើ​ឲ្យ​ជនរងគ្រោះ​ខ្មែរ​ជាទូទៅ​ជាពិសេស​ជនរងគ្រោះ​ក្នុង​គុកទួលស្លែង​ផ្ទាល់​តែម្តង​ពេញចិត្ត​ និង​អាច​ទទួល​យក​បាន៊​។​ សាលដីកា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​លើក​ទឹកចិត្ត​ជនរងគ្រោះ​ និង​បាន​ពង្រឹង​ជំនឿ​ចិត្ត​របស់​មហាជន​ទូទៅ​ ទៅលើ​សាលាក្តី​ខ្មែរក្រហម​ពោល ​គឺ​ជាការ​បញ្ចប់​ដោយ​សង្ឃឹម។

ខុស​ពី​សាលក្រម​របស់​សាលាដំបូង​ សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ប្រឆាំង​នឹង​កាំង ហេ្គចអ៊ាវ​ ហៅ​ឌុច​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ពេញចិត្ត។ ​ពេញចិត្ត​ដ្បិត​ជន​ជាប់ចោទ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ទារុណកម្ម​ និង​ការ​កាប់​សម្លាប់​មនុស្ស​ជាង​១​ម៉ឺន​នាក់​នៅ​គុក​ទួលស្លែង​នោះ​បាន​ទទួល​ទោស​កម្រិត​អតិបរមា​តាម​ច្បាប់​កម្ពុជា​គឺ​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដែល​ជា​ការ​ទន្ទឹង​រង់ចាំ​របស់​ជនរងគ្រោះ ។ ការ​ផ្តន្ទាទោស​នេះ​បាន​ធ្វើ​ឲ្យ​ជនរងគ្រោះ​ហាក់​មាន​អារម្មណ៍​ថា​ពួកគេ​ទទួល​បាន​យុត្តិធម៌។

ជាការពិត​ បើ​គិត​ពី​ភាព​ឡូហ្សិក​ ទម្ងន់​ទោស​របស់​ឌុច​ឬ​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ផ្សេង​ទៀត​មិន​អាច​ប្រហាក់​ប្រហែល​នឹង​ឃាតករ​ដែល​សម្លាប់​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​បាន​ទេ។ ​ហេតុ​នេះ​ហើយ​បាន​ជា​សេចក្តី​សម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​បាន​សម្រេច​ផ្តន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​ត្រឹម​៣៥​ឆ្នាំ​នោះ​បាន​ធ្វើ​ឲ្យ​ជនរងគ្រោះ​ខកចិត្ត​យ៉ាងខ្លាំង។ ​ប៉ុន្តែ ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​បាន​ផ្លាស់ប្តូរ​ស្ថានភាព​ទាំង​ស្រុង។ ​សម្រាប់​ក្រុម​អ្នកវិភាគ​និង​តាម​ដាន​សាលាក្តី​ខ្មែរក្រហម​ សាលដីកា​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល​មាន​អត្ថន័យ​ធំ​ធេង​សម្រាប់​សាលាក្តី​ចម្រុះ​មួយ​នេះ។
 
អត្ថន័យ​ទី១​ សាលដីកា​នេះ​បាន​ធ្វើ​ឲ្យ​ជនរងគ្រោះ​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រែ​ធាតុ​ពី​ការ​ខកចិត្ត​មក​ជា​ការ​ពេញ​ចិត្ត​ដ្បិត​អ្វី​ដែល​ពួកគេ​ទាមទារ​បាន​សម្រេច​លទ្ធផល។ ​អត្ថន័យ​ទី២​ សាលដីកា​នេះ​បាន​ពង្រឹង​ជំនឿ​ចិត្ត​របស់​មហាជន​ទៅ​លើ​តុលាការ​ខ្មែរក្រហម​ឡើង​វិញ។ ​ត្រង់​ចំណុច​នេះ​ គេ​គួរ​កត់សម្គាល់​ថា​ ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​កាលពី​ខែ​កក្កដា​ឆ្នាំ២​០១០​ របស់​សាលា​ដំបូង​មហាជន​ខ្មែរ​ជាទូទៅ​ ជាពិសេស​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​បាត់បង់​ជំនឿ​យ៉ាង​ខ្លាំង​ទៅ​លើ​សាលាក្តី​ដោយសារ​តែ​សាលក្រម​ឌុច​បាន​ធ្វើ​ឲ្យ​ពួកគេ​ខកចិត្ត​ឥតឧបមា។ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ភាគី​ដើមបណ្តឹង​រដ្ឋប្បវេណី​មួយចំនួន​ជាពិសេស​អ្នក​ដែល​រួចរស់​ជីវិត​ពី​គុក​ទួលស្លែង​ផ្ទាល់​តែម្តង​មិន​សូវ​ជា​រវីរវល់​នឹង​សាលាក្តី​ប៉ុន្មាន​ឡើយ។ ជាក់ស្តែង​ លោក​ ជុំ ម៉ី​ និង​លោក ​ប៊ូ ម៉េង​ បាន​ចំណាយ​ពេល​វេលា​តិចតួច​ប៉ុណ្ណោះ​ជាមួយ​សាលាក្តី​ពីព្រោះតែ​ពួកគេ​អស់​ជំនឿ​ថា​នឹង​បាន​ទទួល​យុត្តិធម៌​ ប៉ុន្តែ​ ពួកគាត់​បែរ​ជា​ប្រើ​ពេល​វេលា​កាន់តែ​ច្រើន​ដើម្បី​លក់​សៀវភៅ​ជីវៈប្រវត្តិ​របស់​ខ្លួន​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ដើម្បី​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត។ ​ប៉ុន្តែ ​ឥឡូវ​នេះ​ស្នាម​ញញឹម​ និង​ក្តី​សង្ឃឹម​បាន​វិល​មក​រក​ពួកគាត់​វិញ​ហើយ។
 
និង​អត្ថន័យ​ទី៣ ​សាលដីកា​របស់​តុលាការ​កំពូល​ដែល​ផ្តន្ទាទោស​ឌុច​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក៏ជា​ការ​ពញ្ញាក់​ស្មារតី​ដល់​បណ្តា​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ផងដែរ​ ពីព្រោះ​ចូរ​កុំ​ភ្លេច​ថា​ ការ​សាទរ​របស់​ជនរងគ្រោះ​បាន​បន្ថែម​ទម្ងន់​ទៅ​លើ​សាលាក្តី។ ​ទម្ងន់​នេះ​មិន​ត្រឹម​តែ​ពង្រឹង​ជំនឿ​ចិត្ត​របស់​មហាជន​ខ្មែរ​ជា​ទូទៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ ​វា​ក៏​បាន​ពង្រឹង​ជំនឿ​ចិត្ត​របស់​ប្រទេស​ផ្តល់​ជំនួយ​ផងដែរ។​ គួរកត់​សម្គាល់​ថា​ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​នៅ​ខណៈ​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​តែ​ខ្វះ​ថវិកា​សម្រាប់​បើក​ឲ្យ​បុគ្គលិក​ខាង​ភាគី​កម្ពុជា​ទាំងស្រុង។
 
ដូច្នេះ ​សាលដីកា​ផ្តន្ទាទោស​ឌុច​ពេល​នេះ​គឺជា​សូរ​ជួង​ដាស់​ស្មារតី​បណ្តា​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ភ្ញាក់​ពី​ការ​រារែក​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​សាលាក្តី​នេះ។ ​ជាក់ស្តែង​ ភ្លាមៗ​ក្រោយពី​ការ​ប្រកាស​សាលដីកា​ឌុច​ ស្ថានទូត​បារាំង​ និង​ជប៉ុន​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​ដែរ​ដោយ​សម្តែង​ការ​គាំទ្រ​ចំពោះ​សាលដីកា​នេះ ។ ​បារាំង​ និង​ជប៉ុន​ ដែល​ជា​សហប្រធាន​នៃ​បណ្តា​ប្រទេស​ជាមិត្ត​របស់​សាលាក្តី​ក៏​បាន​សន្យា​ថា​នឹង​បន្ត​គាំទ្រ​ដល់​សាលា​ក្តី​ខ្មែរក្រហម។ ​តើ​ទាំង​នេះ​មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​សាលាក្តី​ខ្មែរក្រហម​ទេ​ឬ?
 
ជាការ​ពិត​ហើយ​ថា ​ការ​កាត់​ទោស​ឌុច​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក៏​មិន​អាច​សង​អ្វី​ដែល​គាត់​បាន​ធ្វើ​ទៅ​លើ​ជនរងគ្រោះ​បាន​ដែរ​ ប៉ុន្តែ​ ភាព​សមរម្យ​ដែល​អាច​ទទួល​យក​បាន​គឺជា​ក្តី​ប្រាថ្នា​របស់​ជនរងគ្រោះ។ ​ឥឡូវ​នេះ​ ពួកគេ​បាន​ទទួល​ភាព​សមរម្យ​ហើយ ​ហើយ​សាលាក្តី​ក៏​ហាក់​បាន​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​ជនរងគ្រោះ ​ក៏ដូចជា​សម្រាប់​ភាព​ជឿជាក់​មក​លើ​ការងារ​របស់​ខ្លួន​ដែរ។​ បើ​និយាយ​តាម​បែប​ប្រលោមលោក​វិញ ​អ្នកនិពន្ធ​បាន​បញ្ចប់​សំណុំរឿង​០០១ ​ដោយ​សង្ឃឹម​ សម្រាប់​អ្នកអាន​របស់​ខ្លួន៕

អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close