រដ្ឋាភិបាលផ្តើមផ្សព្វផ្សាយឯកសារគោលស្តីពីបញ្ហាព្រំដែន

កម្រងឯកសារគោលស្តីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយបំភ្លឺរដ្ឋសភាកាលពីថ្ងៃទី៩សីហាត្រូវបានរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈហើយនៅចុងសប្តាហ៍នេះ។ ឯកសារដែលលោកនាយករដ្ឋមន្ត្រីចាត់ទុកជាការបំភ្លឺសព្វគ្រប់អំពីបញ្ហាព្រំដែនជាមួយវៀតណាមនេះក៏ត្រូវគេគ្រោងបោះពុម្ពជាសៀវភៅ និងជាឯកសារវីដេអូ និងខ្សែអាត់សំឡេងផងដែរ។ យ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់នៅមិនទាន់ចាត់ទុកឯកសារនេះថាមានតម្លៃគ្រប់គ្រាន់នៅឡើយទេ។
កម្រងឯកសារ កម្រាស់ ៨៦ ទំព័រដែលជាការពន្យល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងអង្គសភា កាលពីថ្ងៃទី៩ សីហា ត្រូវបានបង្ហោះក្នុងគេហទំព័រទីស្តីការគណៈរដ្ឋមន្ត្រីចាប់ពីថ្ងៃសៅរ៍ម្សិលមិញមក។
ឯកសារដែលត្រូវបានរដ្ឋាភិបាលចាត់ទុកជាការផ្តល់ការបំភ្លឺដ៏ច្បាស់លាស់ ស្តីពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងកម្ពុជា និងវៀតណាម បានបញ្ជាក់ថា គោលការណ៍សំខាន់ គឺការធានាឲ្យបានដាច់ខាតថា កម្ពុជានឹងមិនបាត់បង់ដីសូម្បីតែ ១ ម៉ែត្រក្រឡាឡើយ។ ក្រៅពីខ្លឹមសារនៃបទបង្ហាញរបស់លោកនាយករដ្ឋមន្ត្រី ឯកសារនោះក៏មានរំលេចដោយផែនទី រូបថតសកម្មភាពបោះបង្គោលព្រំដែន និងព្រះរាជសាររបស់អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ស្តីពីបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាមផងដែរ។
កាលពីថ្ងៃទី៩សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពេលជាង៥ម៉ោងដោយគ្មានឈប់សម្រាកដើម្បីឆ្លើយបំភ្លឺអំពីកិច្ចការព្រំដែនដែលរដ្ឋាភិបាលបានធ្វើជាមួយវៀតណាម។ ការឆ្លើយបំភ្លឺនេះបានធ្វើឡើងតបតាមការកោះអញ្ជើញរបស់តំណាងរាស្ត្រគណបក្សសម រង្ស៊ី។ នៅក្នុងវេទិកានោះ លោកនាយករដ្ឋមន្ត្រីបានប្រើប្រាស់ពេលវេលាជាច្រើនដើម្បីវាយបកទៅលើបក្សប្រឆាំង និងសកម្មជនព្រំដែនទាំងក្នុងនិងក្រៅប្រទេសដែលបានចោទរដ្ឋាភិបាលថាបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។
យ៉ាងណាក៏ដោយ នៅក្នុងកម្រងឯកសារគោលដែលរដ្ឋាភិបាលបានផ្សព្វផ្សាយនៅពេលនេះ គ្មានបញ្ចូលអត្ថាធិប្បាយឬការវាយបករបស់លោកនាយករដ្ឋមន្ត្រីទៅលើបក្សប្រឆាំង និងសកម្មជនព្រំដែននោះទេ។ ប៉ុន្តែ សម្តីដើមទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រីទំនងជាមាននៅក្នុងឯកសារវីដេអូ និងខ្សែអាត់សំឡេង។ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី១៥សីហាថា នៅពេលមានសំណួរឬការចោទប្រកាន់ជាថ្មីណាមួយស្តីពីបញ្ហាព្រំដែន ឯកសារវីដេអូ និងខ្សែអាត់សំឡេងនោះនឹងត្រូវគេយកទៅចាក់ជាថ្មីដើម្បីបំភ្លឺដោយមិនចាំបាច់មានការបកស្រាយជាថ្មីណាទៀតឡើយ។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំង និងសកម្មជនព្រំដែនទាំងក្នុង និងក្រៅប្រទេសនៅមិនទាន់ទទួលយកទាំងស្រុងនូវការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រីនៅឡើយទេ។ ពួកគេអះអាងថា រដ្ឋាភិបាលនៅបិទបាំងបញ្ហាមួយចំនួន និងមិនបានបើកឲ្យបក្សប្រឆាំងសួរដេញដោល។ តំណាងរាស្ត្រគណបក្សសម រង្ស៊ីដែលជាម្ចាស់សំណួរអះអាងថា ពួកគេមានបំណងចោទសួរលោកនាយករដ្ឋមន្ត្រីជាថ្មីទៀតអំពីបញ្ហាព្រំដែននេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ