កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 04 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 04 កុម្ភៈ 2012

ម្ចាស់​ជំនួយ​សាទរ​ការ​ផ្តន្ទាទោស​ឌុច តែ​ចង់​បាន​ការ​លើក​កម្ពស់​បទ​ដ្ឋាន​ច្បាប់

អតីត​មេគុក​ទួលស្លែង ឌុច
អតីត​មេគុក​ទួលស្លែង ឌុច
©Reuters

ដោយ ប៉ែន បូណា

ភ្លាមៗ​ក្រោយ​ពី​ការ​ប្រកាស​សាលដីកា​ផ្តន្ទាទោស​ កាំង ហ្គេចអ៊ាវ​ហៅឌុច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត​ ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។ ​ប្រទេស​បារាំង​ និង​ជប៉ុន ​ដែល​ជា​សហប្រធាន​នៃ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ បាន​សាទរ​ចំពោះ​សាលដីកា​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល ​ប៉ុន្តែ​តំណាង​ប្រទេស​ផ្តល់​ជំនួយ​ទាំងពីរ​មិន​ភ្លេច​រម្លឹក​មន្ត្រី​តុលាការ​ខ្មែរក្រហម​ឲ្យ​លើក​កម្ពស់​បទដ្ឋាន​និង​នីតិវិធី​ច្បាប់​ឲ្យ​បាន​ខ្ពស់​បំផុត។​ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ក៏​នាំ​គ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​ដែរ។

សេចក្តី​រាយការណ៍របស់ ប៉ែន បូណា ពី​ភ្នំពេញ
 

04/02/2012 by ប៉ែន បូណា

 

សាលដីកា​ផ្តន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត​បាន​ទទួល​ការ​សាទរ​ពី​ប្រទេស​ម្ចាស់​ជំនួយ​នៃ​សាលាក្តី​ខ្មែរក្រហម។ ​ភ្លាមៗ​ក្រោយពី​ការ​ប្រកាស​សាលដីកា​ប្រឆាំង​ឌុច​ពី​សំណាក់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​៣​កុម្ភៈ​ម្សិលមិញ ​ស្ថានទូត​បារាំង ​និង​ជប៉ុន​ ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ ​ដោយ​សម្តែង​ការ​សាទរ​ចំពោះ​សាលដីកា​នេះ។ ​សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ផ្តល់​ជំនួយ​សូម​សាទរ​ចំពោះ​ការបិទ​បញ្ចប់​សំណុំរឿង​ ០០១​ ជា​ប្រវត្តិសាស្ត្រ​របស់​សាលាក្តី​ខ្មែរក្រហម។
 
ប្រទេស​បារាំង​ និង​ជប៉ុន​ ក្នុង​នាម​សហប្រធាន​នៃ​បណ្តា​ប្រទេស​ជាមិត្ត​របស់​សាលាក្តី ​បាន​កត់សម្គាល់​ថា​ ការ​សម្រេច​សេចក្តី​ផ្តន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​គឺជា​អ្វី​ដែល​គេទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ។ ​សាលដីកា​នេះ​ក៏ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ទទួល​ស្គាល់​ការ​ឈឺ​ចាប់​របស់​ប្រជាជន​កម្ពុជា ​និង​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ចន្លោះពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។​ តំណាង​ប្រទេស​ផ្តល់​ជំនួយ​ទាំងពីរ​របស់​សាលាក្តី​ខ្មែរក្រហម​ក៏បាន​វាយ​តម្លៃ​ថា ​នេះ​គឺជា​ការ​បោះ​ជំហាន​មួយ​ដ៏វែង​ឆ្ងាយ​ឆ្ពោះ​ទៅ​កាន់​យុត្តិធម៌ ​និង​ការ​បង្រួប​បង្រួម​ជាតិ​របស់​ប្រជាជន​កម្ពុជា។ ​ទន្ទឹម​នឹង​នោះ​ដែរ​ តំណាង​ប្រទេស​ម្ចាស់​ជំនួយ​ទាំងពីរ​ក៏​បាន​រម្លឹក​ដល់​មន្ត្រី​ជាតិ ​និង​អន្តរជាតិ​នៃ​តុលាការ​ខ្មែរក្រហម​ឲ្យ​លើក​កម្ពស់​បទដ្ឋាន ​និង​នីតិវិធី​ច្បាប់​ឲ្យ​បាន​ខ្ពស់​បំផុត​ និង​សុំឲ្យ​ពួកគេ​បំពេញ​តួនាទី​ដើម្បី​បុព្វហេតុ​យុត្តិធម៌​ និង​ក្នុង​ពេល​វេលា​សមស្រប​ដើម្បី​ជាប្រយោជន៍​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងអស់។
 
គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ នៃ​អង្គការ​-សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ​(CHRAC) ​ដែល​ជា​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ២៣ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សាទរ​ចំពោះ​សាលដីកា​ផ្តន្ទាទោស​ឌុច​នេះ​ដែរ។ ​ប៉ុន្តែ ​ពួកគេ​ក៏បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ​អង្គការ​សហប្រជាជាតិ​ និង​ម្ចាស់​ជំនួយ​ ឲ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា​ក្នុង​លក្ខណៈ​ស៊ីសង្វាក់​មួយ​ដើម្បី​ឈាន​ទៅ​ដំណើរការ​ដោយ​ឯករាជ្យ ​និង​មិន​លម្អៀង​សម្រាប់​សំណុំរឿង​០០២ ​សំណុំរឿង​០០៣ ​និង​០០៤។
 
ដោយឡែក ​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក ​Kurt M. Campbell​ ក៏បាន​និយាយ​ដល់​សំណុំរឿង​ ០០៣ ​និង​០០៤​ផងដែរ។ ​ក្រោយពី​ជំនួប​ជាមួយ​លោក​ហោ ណាំហុង ​នៅ​ទីក្រុង​ភ្នំពេញ ​កាលពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ ​លោក ​Kurt M. Campbell​ អះអាង​ថា ​សហរដ្ឋ​អាមេរិក​អាច​នឹង​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ដល់​សាលាក្តី​ខ្មែរក្រហម៕

 

tags: កម្ពុជា - តុលាការខ្មែរក្រហម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

សំណួរ

តើការរំលឹកនេះមាននយ័យ៉ាងណា? ហេតុអ្វីបានជាត្រូវរំលឹក?

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close