បន្ទាប់ពីស៊ូណាមី ជប៉ុនត្រូវប្រឈមនឹងព្យុះកំណាចម្តង
មានស្លាប់យ៉ាងហោចណាស់ ៤១នាក់ និងបាត់ខ្លួនជាង៥០នាក់ នៅប្រទេសជប៉ុន ដោយខ្យល់ព្យុះ តាឡាស។ ខ្យល់ព្យុះសង្ឃរា ដែលក្លាយជាខ្យល់ព្យុះកំបុតត្បូង រដូវវស្សានេះ បានបោកបក់ និងពាំនាំទឹកភ្លៀងយ៉ាងខ្ជោកខ្ជាំ រហូតបង្កជាទឹកជំនន់ បាក់ដី ... ជនរងគ្រោះរាប់ពាន់នាក់ បាត់បង់ទីជម្រក និងជាប់កុន នៅភាគខាងលិចប្រទេស។
នេះជាខ្យល់ព្យុះដ៏កំណាច និងមរណៈបំផុតមួយ ដែលជប៉ុនបានជួបប្រទះ គិតចាប់តាំងពីឆ្នាំ២០០៤មក។ ជាមួយនឹងកម្លាំងខ្យល់បោកបក់ខ្លាំង និងទឹកភ្លៀងដូចគេចាក់ទឹក ភាគខាងលិចប្រទេស ជាពិសេសខេត្តវ៉ាកាយ៉ាម៉ា និងណារ៉ា ត្រូវកាត់ផ្តាច់ពីពិភពខាងក្រៅ។ ទឹកជំនន់ និងការបាក់ដី បានកាត់ផ្តាច់ ផ្លូវថ្នល់ ផ្លូវដែក និងអូសនាំយកអគារសាធារណៈ ផ្ទះសម្បែង ស្ទើរគ្មានសល់ ធ្វើឲ្យគេនឹកឃើញឡើងវិញ នូវវិនាសកម្មរញ្ជួយដី -រលកយក្សស៊ូណាមី និងនុយក្លេអ៊ែរ នៅហ្វូគុស្ហ៊ីម៉ា កាលពីថ្ងៃទី ១១មីនា។
ប្រជាជនជិត៥ពាន់នាក់ត្រូវជាប់កុន និងជម្លៀសទៅកាន់មជ្ឈមណ្ឌលជនរងគ្រោះ។ ៧ពាន់នាក់ផ្សេងទៀត ក៏ត្រូវចាកចេញពីផ្ទះសម្បែងខ្លួនដែរ។ ក្រុមប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងយោធា បន្តរុករកអ្នកបាត់ខ្លួនដទៃទៀត នៅថ្ងៃអង្គារនេះ។ ចំណែកអាជ្ញាធរវិញ បានបើកយុទ្ធនាការចែកចាយស្បៀងអាហារ ជាអង្ករ មីឆុង និងទឹកស្អាត។
តាឡាស (Talas) ខ្យល់ព្យុះសង្ឃរា ក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក បានវាយបោកបក់លើជប៉ុន យ៉ាងពេញទំហឹង នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ត្រូវបានគេចាត់ទុកត្រឹមតែជាខ្យល់ព្យុះត្រូពិកប៉ុណ្ណោះ ប៉ុន្តែដោយបូកផ្សំនឹងខ្យល់ព្យុះតូចមួយទៀតនៅភាគឦសានប្រទេស ទើបទឹកភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំង រហូតមកដល់ថ្ងៃអង្គារនេះទៀត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








