កម្ពុជាពង្រឹងការអភិរក្សត្រីផ្សោតដែលប្រឈមនឹងការបាត់បង់

កម្ពុជានិងអង្គការថែរក្សាសត្វព្រៃបង្ហាញជំហររួមគ្នាពង្រឹងការអភិរក្សត្រីផ្សោតនៅក្នុងទន្លេមេគ្គងដែលកំពុងប្រឈមនឹងការបាត់បង់។ខេត្តក្រចេះនិងខេត្តស្ទឹងត្រែងមានត្រីផ្សោតប្រមាណជាជិត២០០ក្បាល។
គណៈកម្មការការពារនិងថែរក្សាត្រីផ្តោតទន្លេមេគង្គ អគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្មនិងអង្គការថែរក្សាសត្វព្រៃ WWF បានចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាសមួយដើម្បីការពារត្រីផ្សោតដែលប្រឈមនឹងការបាត់បង់នៅក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែងនិងតំបន់ព្រំដែនកម្ពុជាឡាវ។
សេចក្តីប្រកាសនេះមានឈ្មោះថា៖“សេចក្តីប្រកាសខេត្តក្រចេះស្តីពីការថែរក្សាត្រីផ្សោត Irrawaddy ក្នុងទន្លេមេគង្គ”។
ត្រីផ្សោតគឺជាត្រីមួយចំណោមត្រី៥៨ប្រភេទផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែលតម្រូវអោយមានការការពារពីព្រោះត្រីប្រភេទនេះបាននិងកំពុងប្រឈមនឹងការបាត់បង់។
ក្នុងអំឡុងឆ្នាំ២០០០ដល់ឆ្នាំ២០០៦កន្លងមក ត្រីផ្សោតបានងាប់១៥ក្បាលក្នុងមួយឆ្នាំៗ។ ការងាប់នេះបណ្តាលមកពីការដាក់មងយកត្រីរបស់ប្រជាពលរដ្ឋប៉ុន្តែចាប់តាំងពីឆ្នាំ២០០៧មក ការងាប់ត្រីផ្សោតដោយសារការជាប់មងរបស់ប្រជាពលរដ្ឋបានថយចុះយ៉ាងច្រើន។ ជាក់ស្តែង ក្នុងឆ្នាំ២០១១កន្លងមនេះ មានតែត្រីផ្សោត៣ក្បាលប៉ុណ្ណោះបានងាប់ដោយសារការដាក់មង។
លោក ទូច ស៊ាងតាណា ប្រធានគណៈកម្មការថែរក្សានិងអភិរក្សត្រីផ្សោតមេគង្គកម្ពុជាបាននិយាយប្រាប់នៅថ្ងៃសៅរ៍នេះថាវាមានសារៈសំខាន់ណាស់ក្នុងការគិតគូរពីការថែរក្សាកាពារត្រីផ្សោតដែលនៅសេសសល់។ លោកបានបន្តទៀតថា ដើម្បីការពារត្រីផ្សោតអោយមានប្រសិទ្ធិភាព តួអង្គពាក់ព័ន្ធត្រូវសហការគ្នាអោយបានច្រើននិងយល់គ្នាអោយបានច្រើនបន្ថែមទៀត។ ម្យ៉ាងវិញទៀត ការដាក់មងរបស់ប្រជាពលរដ្ឋត្រូវតែបញ្ចប់ពីព្រោះដោយសារការដាក់មងនេះ ត្រីផ្សោតបានងាប់ជាបន្តបន្ទាប់។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំនៅកម្ពុជាបានបន្ថែមទៀតថាការចុះហត្ថលេខាលើសេចក្តីប្រកាសរួមខេត្តក្រចេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរវាងតួអង្គពាក់ព័ន្ធក្នុងការការពារប្រភេទត្រីកម្រពីការបាត់បង់និងអាចជួយជំរុញបង្កើនប្រភេទត្រីទាំងនេះឡើងវិញនៅក្នុងទន្លេមេគង្គ។
របាយការណ៍នានាបានបង្ហាញថា នៅក្នុងទន្លេ Irrawaddy ប្រទេសភូមា ត្រីផ្សោតត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង១ពាន់ក្បាល។ប្រទេសកម្ពុជាជាពិសេសខេត្តក្រចេះនិងខេត្តស្ទឹងត្រែងមានត្រីផ្សោតក្នុងចន្លោះពី១៧០ទៅ១៨០ក្បាល។ កូនត្រីផ្សោតពីរក្បាលថ្មីទៀតទើបចាប់កំណើតកាលពីចុងឆ្នាំ២០១១កន្លងមកនេះនៅក្នុងប្រទេសកម្ពុជា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati













អត្ថាធិប្បាយ (1)
សត្វផ្សោតមិនមែនជាត្រីទេ។
សត្វផ្សោតមិនមែនជាត្រីទេ។ វាជាថនិកសត្វទឹក។
ប្រតិកម្មជុំវិញអត្ថបទនេះ