អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 04 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 04 កញ្ញា 2012

គណបក្សប្រជាធិបតេយ្យ​ចាប់ផ្តើម​សមាជ​នៅ​ទីក្រុង Charlotte

គណបក្សប្រជាធិបតេយ្យ​ចាប់ផ្តើម​សមាជ​នៅ​ទីក្រុង Charlotte ពី​ថ្ងៃទី៤ កញ្ញា ឆ្នំា ២០១២
គណបក្សប្រជាធិបតេយ្យ​ចាប់ផ្តើម​សមាជ​នៅ​ទីក្រុង Charlotte ពី​ថ្ងៃទី៤ កញ្ញា ឆ្នំា ២០១២
RFI/Raphaël Reynes

ដោយ គួច គន្ធារ៉ា

នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​គណបក្ស​សាធារណរដ្ឋ ឥឡូវ​នេះ​ដល់​វេន​គណបក្ស​ប្រជាធិបតេយ្យ​ម្តង​ដែល​ត្រូវ​បើក​សមាជ​របស់​ខ្លួន។ សមាជ​ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី៤ កញ្ញា​នេះ​នៅ​ក្នុង​ទីក្រុង Charlotte នៃ​រដ្ឋ Caroline ខាងជើង។ ក្នុង​ឱកាស​នោះ និង​ដូច​ដែល​បាន​គ្រោង​ទុក សមាជ​នឹង​ត្រូវ​ជ្រើស​តំាង​លោក បារ៉ាក់ អូបាម៉ា ជា​បេក្ខជន​ផ្លូវការ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នា​ខែ​វិច្ឆិកា​ខាង​មុខ។ តើ​ក្រោយ​ពី​បាន​កាន់​តំណែង​ប្រធានាធិបតី​អស់​រយៈពេល ៤ឆ្នំា​មក លោក អូបាម៉ា​នឹង​អាច​មាន​ភ័ព្វសំណាង​ជាប់​ឆ្នោត​មួយ​អាណត្តិ​ទៀត ឬ​ទេ ?

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

04/09/2012 by គួច គន្ធារ៉ា

ថ្ងៃទី ៤ វិច្ឆិកា ឆ្នំា ២០០៨ គឺ​ជា​ថ្ងៃ​ដែល​លោក​បារ៉ាក់ អូបាម៉ា​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ទី១​ក្នុង​លោក។ គឺ​នៅ​ថ្ងៃ​នោះ​ឯង ដែល​លោក​អូបាម៉ា​បាន​សន្យា​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​អាមេរិកំាង និង​ពិភពលោក ថា​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ តាម​រយៈពាក្យ​មួយ​ឃ្លា​ដែល​លោក​បាន​ប្រើ « Yes We Can »។ កាល​ណោះ ជ័យជំនះ​របស់​លោក​អូបាម៉ា​មិន​ត្រឹមតែ​បាន​ផ្តល់​សេចក្តី​សង្ឃឹម​យ៉ាង​ច្រើន​ដល់​ពលរដ្ឋ​អាមេរិកំាង​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ផ្តល់​សេចក្តីសង្ឃឹម​ឲ្យ​ប្រជាជន​នៅ​ទូទំាង​ពិភពលោក​ផង​ដែរ។ និយាយ​ដោយឡែក​នៅ​ប្រទេស​កេនយ៉ា​ដែល​ជា​ប្រទេស​កំណើត​របស់​ឪពុក​លោក​អូបាម៉ា រដ្ឋាភិបាល​កេនយ៉ា​ថែម​ទំាង​បាន​យក​ថ្ងៃ​ដែល​លោក​អូបាម៉ា​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី ជា​ថ្ងៃ​បុណ្យ​ទៀត​ផង។

៤ឆ្នំា ក្រោយ​មក និង​ជាង ២ខែ​មុន​ថ្ងៃ​បោះឆ្នោត​ឈាន​មក​ដល់​នៅ​ដំណាច់​ឆ្នំា ២០១២​នេះ លទ្ធផល​នៃ​ការ​ស្ទង់មតិ​បាន​បញ្ជាក់​ថា លោក អូបាម៉ា និង​គូប្រជែង​របស់​គាត់ មក​ពី​គណបក្សសាធារណរដ្ឋ គឺ​លោក Mitt Romney បាន​ទទួល​សម្លេង​គំាទ្រ​ប្រកិត​គ្នា មាន​ន័យ​ថា ក្នុង​ខណៈ​នេះ នៅ​មិន​ទាន់​មាន​អ្នកណា​ទទួល​បាន​សម្លេង​គំាទ្រ​ច្រើន​ជាង​អ្នកណា​ទេ។ សម្រាប់​លោក អូបាម៉ា បើ​ទោះ​បី​ជា​គាត់​បាន​ទទួល​ការ​ស្រឡាញ់​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​អាមេរិកំាង​ទូទៅ​ក៏​ដោយ ក៏​មាន​ពលរដ្ឋ​អាមេរិកំាង​ជា​ច្រើន​បាន​ចាត់​ទុក​លោក Mitt Romney ថា​មាន​សមត្ថភាព​ក្នុង​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិក។
 
កាល​ពី​សប្តាហ៍​មុន នៅ​ក្នុង​សមាជ​របស់​គណបក្ស​សាធារណរដ្ឋ​នា​ទីក្រុង Tampa នៃ​រដ្ឋ Floride កម្មវត្ថុ​របស់​បេក្ខជន Mitt Romney មាន​តែ​មួយ​គត់ គឺ​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ស្រឡាញ់​ចូលចិត្ត​គាត់ និង​បង្ហាញ​ពី​ចិត្ត​មនុស្សធម៌​របស់​គាត់។ តែ​ក្នុង​សប្តាហ៍​នេះ នៅ​ក្នុង​សមាជ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នា​ទីក្រុង Charlotte នៃ​រដ្ឋ Caroline ខាងជើង លោក អូបាម៉ា​ត្រូវ​តែ​ព្យាយាម​ពន្យល់​ពលរដ្ឋ​អាមេរិកំាង​ពី​តុល្យការ​វិជ្ជមាន​នៃ​ការ​កាន់កាប់​អំណាច​ក្នុង​រយៈពេល ៤ឆ្នំា​កន្លង​មក​របស់​លោក។ នេះ ពិត​ជា​រឿង​មួយ​មិន​ងាយស្រួល​ឡើយ៕

tags: បោះឆ្នោត - សហរដ្ឋអាមេរិក - អាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close