កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 16 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 16 តុលា 2012

សាររម្លែក​ទុក្ខជាតិ និង​អន្តរជាតិ​ចំពោះ​ការ​សោយទិវង្គត​របស់​សម្តេចឪ

សម្តេចម៉ែមូនីនាថ
សម្តេចម៉ែមូនីនាថ
© reuters

ដោយ លាង ដឺលុច

សាររម្លែកទុក្ខ​ពី​ប្រទេស​ជា​មិត្តរបស់​កម្ពុជាចំពោះ​ការ​សោយទិវអង្គត​របស់​អង្គ​អតីត​ព្រះមហាវីរៈក្សត្រ​ត្រូវ​បាន​ផ្ញើ​មក​ដល់​រដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់។ រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ការ​កាន់ទុក្ខ​ចំនួន​៧​ថ្ងៃ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ទី​១៧​​ដល់​ថ្ងៃ​ទី​២៣​តុលា។ ក្នុង​រយៈ​ពេល​នេះ ស្ថានីយទូរទស្សន៍ និង​វិទ្យុ​ទាំងអស់​ត្រូវបាន​ស្នើ​អោយរៀបចំ​កម្មវិធី​យ៉ាងសមញ្ញ មិន​អោយមាន​កម្មវិធីសប្បាយ ហើយថា ពិធីករ ពិធីការិនី​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ក៏​ត្រូវ​ស្លៀកសំលៀកបំពាក់​កាន់ទុក្ខ​ផងដែរ។

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ
 

16/10/2012 by លាង ដឺលុច

លោកប្រធានាធិបតី​បារាំង Francois Hollande បាន​សម្តែង​សមានទុក្ខ​ក្រៀមក្រំបំផុត​ចំពោះ​ការ​សោយទិវង្គត​របស់​សម្តេចឪ​នរោត្តម សីហនុ។ នៅ​ក្នុងសាររម្លែកទុក្ខ​ដែលលោក​បាន​ផ្ញើ​មក​រដ្ឋាភិបាល​កម្ពុជា​ លោក​ប្រធាធិបតី​បារាំង​បាន​រម្លឹក​អំពី​ការ​លះបង់ និង​ស្នាដៃ​ធំៗ​របស់​អង្គសម្តេច​តា​ ពិសេស​ការការពារ​វប្បធម៌ ហ្វ្រង់កូហ្វូនី ដែលរួមមាន​ភាសា និងសិល្បៈនៃ​ប្រទេស​និយាយ​ភាសា​បារាំង។

លោក​ Francois Hollande បាន​សរសេរយ៉ាង​ដូច្នេះ​ថា​៖ «ខ្ញុំដឹងអំពីទំនាក់ទំនងដ៏ខ្លាំងក្លានិង​ជាប្រវត្តិសាស្ត្រ​រវាង​ព្រះមហាវីរៈក្សត្រ និង​ប្រទេស​បារាំង ហើយ​ដែល​តាម​រយៈ​ព្រះអង្គ ទំនាក់ ទំនង​ទាំងនេះ បាន​រួម​ចំណែក​ធ្វើ​អោយ​ប្រទេស​ជាតិ និង​ប្រជាជនយើង​ទាំងពីរ​កាន់​តែ​ខិត​ចូលគ្នា។ ជាស្ថាបនិកនៃឯករាជ្យជាតិ​កម្ពុជា ជា​អ្នក​ការពារ​​ប្រទេស​របស់​ទ្រង់​ដោយ​មិន​ចេះ​នឿយ​ហត់លើ​ឆាក​អន្តរជាតិ។ សម្រាប់​មនុស្ស​ភាគច្រើន ព្រះអង្គគឺជា​និមិត្តរូប​នៃ​នយោបាយ​អាស៊ី​មួយ​ដែល​លើក​តម្កើង​នូវ​សមភាព និង​ការ​ការពារ​អធិបតេយ្យភាព​នៃ​ប្រជាជាតិ​នានា"។
 
ពី​ប្រទេស​កូរ៉េ​ខាងជើង​ដែល​ជា​មិត្តភក្រ​របស់​សម្តេច​ឪ​ដែរ​នោះ មេដឹកនាំ​របប​ព្យុងយ៉ាង លោក គីម ជុងអ៊ុន​ក៏​បាន​ថ្លែងក្តី​រម្លែកទុក្ខ​ដ៏ស្មោះស្ម័គ្រជាមួយរាជ្សានុវង្ស​កម្ពុជា​ចំពោះ​ការ​បាត់បង់​ព្រះជន្ម​របស់​សម្តេ​ចឪ​នរោត្តម​សីហនុ​ផងដែរ។
 
ងាកទៅ​សហរដ្ឋអាមេរិក​វិញដែល​ធ្លាប់​គាំទ្រ​របប​លន់ នល់​ទម្លាក់​សម្តេច​សីហនុ​ពី​អំណាច​នោះ​ក្នុង​ឆ្នាំ​១៩៧០នោះ តាម​រយៈអ្នកនាំពាក្យ​នៃក្រសួង​ការបរទេស​អាមេរិក រដ្ឋាភិបាល​អាមេរិក​បាន​សម្តែង​ការ​រម្លែក​ទុក្ខ​ជាមួយ​ព្រះមហាក្សត្រនរោត្តម សីហមុនី សម្តេច​ម៉ែ​មុនីនាថ សីហនុ និង​ប្រជាជនកម្ពុជាទាំងអស់​។
 
ពី​ប្រទេស​សឹង្ហបុរី​វិញ សាររម្លែកទុក្ខ​មាន​មក​ពី​លោក​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការ​បរទេស​ផង។ ក្រៅ​ពី​ការ​សម្តែង​ការរម្លែកទុក្ខ លោក​នាយករដ្ឋមន្ត្រី​សឹង្ហបុរី​ លី ស៊ានឡុង​បាន​រម្លឹក​អំពីស្នាព្រះហស្ថ​របស់​សម្តេច​ឪ​ដែល​ធ្វើ​អោយ​កម្ពុជា​និងសឹង្ហ​បុរី​ក្លាយជាមិត្តជិតស្និទ្ធ​គ្នា ហើយ​ថា​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​បាន​ទទួលស្គាល់​ឯករាជ្យ​របស់​សឹង្ហបុរី​នៅ​ក្នុង​ឆ្នាំ​១៩៦៥។
 
នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ធ្វើ​សារសម្តែងទុក្ខក្រៀមក្រំ ដោយចាត់ទុក​ការបាត់បង់​ព្រះរាជ​វត្តមាន​ដ៏​ឧត្តុង្គឧត្តម​នៃ​អង្គ​សម្តេចព្រះ​មហាវីរក្សត្រនា​ឱកាស​​នេះ គឺជា​ការបាត់បង់​តួអង្គ​អតីតព្រះមហាក្សត្រ​ខ្មែរ ដ៏​មហា​ឆ្នើមគ្មាន​គូ​ប្រដូច​មួយ​ព្រះអង្គ។
 
រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ការ​កាន់ទុក្ខ​ចំនួន​៧​ថ្ងៃ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ទី​១៧​​ដល់​ថ្ងៃ​ទី​២៣​តុលា។ ក្នុង​រយៈ​ពេល​នេះ ស្ថានីយទូរទស្សន៍ និង​វិទ្យុ​ទាំងអស់​ត្រូវបាន​ស្នើ​អោយរៀបចំ​កម្មវិធី​យ៉ាងសមញ្ញ មិន​អោយមាន​កម្មវិធីសប្បាយ ហើយថា ពិធីករ ពិធីការិនី​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ក៏​ត្រូវ​ស្លៀកសំលៀកបំពាក់​កាន់ទុក្ខ​ផងដែរ៕

tags: កម្ពុជា
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close