សហចៅក្រមស៊ើបអង្កេតអន្តរជាតិចូលកាន់តំណែងពេលសាលាក្តីជួបវិបត្តិថវិកា

សហចៅក្រមស៊ើបអង្កេតអន្តរជាតិលោកMark Hamon បានស្បថចូលកាន់តំណែងជាផ្លូវការហើយនៅថ្ងៃសុក្រម្សិលមិញ។ ការចូលកាន់តំណែងរបស់លោក ម៉ាក់ ហាម៉ុន អាចអនុញ្ញាតឲ្យសាលាក្តីខ្មែរក្រហមបន្តការស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ បន្តទៀត។ ប៉ុន្តែ ដំណឹងនេះបានកើតឡើងខណៈដែលសាលាក្តីកំពុងជួបវិបត្តិថវិកាដែលបង្ខំឲ្យសាលាក្តីកាត់បន្ថយចំនួនថ្ងៃបើកសវនាការសំណុំរឿង ០០២ នៅសល់តែបីថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ដោយឡែក ជនជាប់ចោទអៀង សារី កំពុងទទួលការត្រួតពិនិត្យពីគ្រូពេទ្យជំនាញអំពីកាយសម្បទារ។
រយៈពេលចុងក្រោយនេះ មានការវិវឌ្ឍន៍ជាវិជ្ជមានផងនិងគួរឲ្យព្រួយបារម្ភផងនៅឯសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ នៅចុងសប្តាហ៍នេះមានដំណឹងល្អថាសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មីបានស្បថចូលកាន់តំណែងជាផ្លូវការហើយបន្ទាប់ពីកៅអីសហចៅក្រមស៊ើបអង្កេតអន្តរជាតិបាននៅទំនេរជាច្រើនខែមក។ លោក នេត្រភក្ត្រាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រាប់វិទ្យុបារាំងអន្តរជាតិឲ្យដឹងថា លោកMark Hamon សហចៅក្រមស៊ើបអង្កេតអន្តរជាតិជនជាតិអាមេរិកាំងបានស្បថចូលកាន់មុខតំណែងកាលពីថ្ងៃសុក្រម្សិលមិញ។
លោក Mark Hamon បានចូលទៅបំពេញកៅអីសហចៅក្រមស៊ើបអង្កេតអន្តរជាតិដែលនៅទំនេរបន្ទាប់ពីការលាលែងរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិSiegfried Blunk កាលពីខែតុលាឆ្នាំ២០១១និងសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ Laurent Kasper-Ansermet កាលពីខែឧសភា។លោកMark Hamon នឹងបន្តការស៊ើបអង្កេតសំណុំរឿង០០៣និង០០៤ដ៏ចម្រូងចម្រាសជាមួយលោកសហចៅក្រមស៊ើបអង្កេតជាតិ យូ ប៊ុនឡេង។
ប៉ុន្តែ ទន្ទឹមនឹងនោះ មានដំណឹងគួរឲ្យព្រួយបារម្ភមួយចំនួនបានកើតឡើងសម្រាប់អនាគតសាលាក្តីខ្មែរក្រហម។ វិបត្តិថវិកាបានបង្ខំឲ្យអង្គជំនុំជម្រះសាលាដំបូងប្រកាសជាសាធារណៈនៅក្នុងសប្តាហ៍នេះថា នឹងកាត់បន្ថយចំនួនថ្ងៃបើកសវនាការសំណុំរឿង ០០២ ឲ្យនៅសល់ ត្រឹមបីថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ចាប់ពីដើមខែវិច្ឆិកា ខាងមុខនេះតទៅ។ ព័ត៌មាននេះបាននាំឲ្យជនរងគ្រោះព្រួយបារម្ភអំពីការអូសបន្លាយរយៈពេលកាន់តែយូរ។
ដំណឹងមិនសូវល្អមួយទៀតគឺទាក់ទងនឹងសុខភាពរបស់លោកអៀង សារី។ ក្រោយពីចូលសម្រាកមន្ទីរពេទ្យជាងមួយខែមក ស្ថានភាពសុខភាពរបស់អៀង សារីមិនបានធូរស្បើយទេ។ គ្រូពេទ្យជំនាញខ្មែរមួយរូប និងអន្តរជាតិមួយរូបកំពុងផ្តើមពិនិត្យកាយសម្បទារលោក អៀង សារី ដើម្បីវាយតម្លៃថា តើជនជាប់ចោទរូបនេះអាចបន្តចូលរួមសវការបានដែរឬទេ?សវនាការដើម្បីពិនិត្យកាយសម្បទារលោក អៀង សារី ត្រូវគេគ្រោងបើកធ្វើនៅដើមខែវិច្ឆិកាក្រោយនេះដែរ។
បញ្ហាថវិកា និងសុខភាពរបស់ជនជាប់ចោទ គឺជាក្តីកង្វល់ធំធេងសម្រាប់អ្នករង់ចាំយុត្តិធម៌ពីរបបខ្មែរក្រហម។ បន្ទាប់ពីការដោះលែងលោកស្រី អៀង ធីរិទ្ធិ និងការបោះបង់សិទ្ធិចូលសវនាការរបស់លោក អៀង សារី ជនជាប់ចោទសំណុំរឿង ០០២ នៅសល់តែពីរនាក់ប៉ុណ្ណោះ គឺ អតីតបងធំទី២ នួន ជា និងអតីតប្រមុខរដ្ឋ ខៀវ សំផន។ ឥឡូវនេះ កង្វះថវិកាបានធ្វើឲ្យដំណើរការសវនាការកាន់តែយឺតយ៉ាវថែមទៀត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ