ចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិបន្តភាពមិនចុះសម្រុង

នៅថ្ងៃសុក្រនេះលោក យូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតជាតិក្នុងតុលាការខ្មែរក្រហម បានបដិសេធនូវសេចក្ដីថ្លែងការណ៍របស់លោក Laurent Kasper Ansermet សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ។ លោក Kasper Ansermet កាលពីថ្ងៃទី៩កុម្ភៈម្សិលមិញ បានប្រកាសពីការងាររបស់លោកនៅសាលាក្តីខ្មែរក្រហម ព្រមទាំងប្រកាសបើកស៊ើបអង្កេតឡើងវិញនូវសំណុំរឿង០០៣។ ក៏ប៉ុន្តែក្នុងសេចក្តីប្រកាសនៅថ្ងៃនេះលោក យូ ប៊ុនឡេង បានបដិសេធហើយថា លោក Kasper Ansermet មិនមានសិទ្ធិធ្វើកិច្ចការទាំងនេះទេ ដោយសារតែ មិនទាន់មានការតែងតាំងជាផ្លូវការពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សេចក្តីប្រកាសរបស់លោកចៅក្រម យូ ប៊ុនឡេង នៅថ្ងៃសុក្រនេះ បង្ហាញនូវជំហរ ៥ ចំណុច។ លោកយូប៊ុនឡេងចាត់ទុកថា ការលួចចេញនូវសេចក្ដីប្រកាសព័ត៌មាន នៅពីក្រោយខ្នងសហចៅក្រមស៊ើបអង្កេតជាតិ ម្ដងហើយម្ដងទៀត គឺជាការបង្ហាញនូវចេតនាមិនល្អរបស់លោក Laurent Kasper Ansermet។
ម្យ៉ាងទៀត ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់លោក Kasper Ansermet បង្ហាញយ៉ាងច្បាស់ក្រឡែតនូវចេតនាបំភ័ន្តមតិសាធារណៈ ជាពិសេសចំណុច ដែលថា “សហចៅក្រមស៊ើបអង្កេតជាតិ ជំទាស់ទៅនឹងសំណើបំពេញកិច្ចស៊ើបសួរ ដែលបានស្នើឡើងដោយលោក Kasper Ansermet ក្នុងសំណុំរឿងពីរថ្មីទៀត គឺ០០៣ និង០០៤”។
ក៏ប៉ុន្តែតាមសេចក្តីប្រកាសនៅថ្ងៃសុក្រនេះ សហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង បានបញ្ជាក់ជាថ្មីថា លោកមិនដែលបានពិភាក្សាលើបញ្ហាកិច្ចនីតិវិធីណាមួយជាមួយចៅក្រម Laurent Kasper Ansermetឡើយហើយរិតតែមិនដែលធ្លាប់បានខ្វែងយោបល់អំពីចំណាត់ការនីតិវិធីណាមួយជាមួយគាត់ដែរ។
លោកយូប៊ុនឡេងបញ្ជាក់ថា កន្លងមកលោកតែងតែគោរពជានិច្ចនូវជំហរឯករាជ្យរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ហើយជាពិសេស កិច្ចព្រមព្រៀង ច្បាប់ អ.វ.ត.ក និងវិធានផ្ទៃក្នុង មានចែងយ៉ាងច្បាស់អំពីយន្តការក្នុងការដោះស្រាយ នូវការខ្វែងយោបល់គ្នារបស់សហចៅក្រមទាំងពីរ ដើម្បីធានាបាននូវដំណោះស្រាយបញ្ហាមួយស្របតាមគោលការណ៍ជំនុំជម្រះក្ដី ប្រកបដោយយុត្តិធម៌។
លោកចៅក្រម យូ ប៊ុនឡេង នៅតែប្រកាន់ជំហរថា លោក Kasper Ansermet មិនមានសិទ្ធិធ្វើចំណាត់ការណាមួយ ជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិឡើយ ព្រោះមកដល់ពេលនេះ លោកចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង Kasper Ansermet មិនទាន់ត្រូវបានតែងតាំងជាផ្លូវការនៅឡើយ។
បន្ទាប់ពីចូលធ្វើការនៅតុលាការខ្មែរក្រហម កាលពីដើមសប្តាហ៍នេះ លោក Kasper Ansermet កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២ បានចេញប្រកាសព័ត៌មានមួយ ដោយលើកឡើងពីនីតិវិធីផ្លូវច្បាប់នៃការបំពេញការងាររបស់លោក។ លោកចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ ក៏ប្រកាសបើកការស៊ើបអង្កេតឡើងវិញលើសំណុំរឿង០០៣និងបានទាមទារឲ្យលោកចៅក្រម ប្រាក់ គឹមសាន ប្រធានអង្គបុរេជំនុំជម្រះរបស់តុលាការខ្មែរក្រហមលាលែងតំណែង ដោយសារតែអង្គបុរេជំនុំជម្រះ មិនបានសម្រេចលើការខ្វែងគំនិតគ្នារវាងចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ ក្នុងសំណុំរឿង០០៣ និង០០៤។
លោក Kasper Ansermet បានប្តឹងតវ៉ាលើការខ្វែងគំនិតនោះ ទៅកាន់អង្គបុរេជំនុំជម្រះ កាលពីខែធ្នូ និងនៅដើមខែកុម្ភៈ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati














អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ