រុស្ស៊ី​-ចិន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 10 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 10 កញ្ញា 2012

ចិន​ទិញ​ពី​រុស្ស៊ីឧទ្ធម្ភាគចក្រ ៥២គ្រឿង ក្នុង​តម្លៃ​សរុប ៦០០​លាន​ដុល្លារ

© RFI-ឆាយា

ដោយ កែវ ឆាយា

កិច្ចព្រមព្រៀង​ស្តីអំពី​រឿង​នេះ ត្រូវ​បាន​ចុះហត្ថលេខា នា”វេទិកា​ធុរកិច្ច” នៃ​ជំនួប​កំពូល APEC ឆ្នាំ២០១២ ដែល​ទើប​បាន​បិទ​បញ្ចប់​ការងារ​ខ្លួន​នៅ​ក្រុង Vladivostok ចុង​បូព៌ា​រុស្ស៊ី។ រុស្ស៊ី បានផ្ទេរ​ទៅ​ហើយ ទៅ​ឥណ្ធូណេស៊ី នូវ​វេន​ជា​ប្រធាន APEC ឆ្នាំ​២០១៣ ដែល​នឹង​ទទួល​ជំនួប​កំពូល​អង្កការ”សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់ អាស៊ី-ប៉ាស៊ីហ្វិក” នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​នៅកោះ​បាលី។

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ
 

10/09/2012

 

ស្របនឹង​កិច្ចសន្យា​ដែល​មាន​ចុះ គឺ​ក្នុង​រយៈពេល​២​ឆ្នាំ​ទៅ​មុខ ដែល​រុស្ស៊ី​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ភាគី​ចិន នូវ​ឧទ្ធម្ភាគចក្រ​ធុន Mi-171 E ឲ្យ​បាន​៥២​គ្រឿង ក្នុង​តម្លៃ​សរុប ៦០០លាន​ដុល្លារ។
ឧទ្ធម្ភាគចក្រ​នេះ គឺ សម្រាប់​ប្រើ​បាន​ច្រើន​យ៉ាង វា​ជា​ប្រភេទ​ទំនើប​មែនទែន នៃ ឧទ្ធម្ភាគចក្រ ធុន Mi-8 ដែល​រុស្ស៊ី​តែង​លក់​ទៅ​ក្រៅ។
 
ឧទ្ធម្ភាគចក្រ​ធុន Mi-171 E ស្ថិត​នៅ​ក្នុង”បញ្ជី​ឈ្មោះ​ទំនិញ​រុស្ស៊ី ១០០​មុខ សន្មត់​ថា​ប្រសើរ ជាងគេ នៃ​ឆ្នាំ២០១០”។ សព្វថ្ងៃ ឧទ្ធម្ភាគចក្រ​នេះ ដំណើរ​ការ​ជា​រឿយៗ​ទៅ​ហើយ​នៅ​ប្រទេស Azerbaidjan Tcheque, Kazakhstan, Croatie, Argentine, Perou, Kenya។ គេប្រើ​វា សម្រាប់​បំពេញ​ប្រតិបត្តិការ បែប​យ៉ាង​ខាង​ស្វែង​រក​និង​សង្គ្រោះ​ជន​រងគ្រោះ ដោយ​មកពី​គ្រោះ​ធម្មជាតិ ខាង​លត់​ភ្លើង​អគ្គិភ័យ ខាង​ធ្វើ​ប៉ាទ្រូយ​ល្បាត​ជាដើម។
 
វាអាច​ផ្ទុក​មនុស្ស​បាន ៣៧នាក់ វា​អាច​ដឹក​ជញ្ជូន​សម្ភារៈ​បាន​ដល់​ទម្ងន់ ៤.០០០​គីឡូក្រាម។ ល្បឿនហោះ​របស់​វា គឺ​២៥០​គ.ម.ក្នុង​១​ម៉ោង ដោយ​វា​អាច​ហោះ​ដល់​ចម្ងាយ ១.០៦៥​គ.ម.។
 
កិច្ចសន្យាចែងថា ពីក្នុងចំណោម ៥២គ្រឿងនោះ រុស្ស៊ី​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ចិន ឲ្យ​បាន​៨​គ្រឿង​សិន ទៅ​ទល់​ដំណាច់​ឆ្នាំ​នេះ។ តាម​យោបល់​ពួក​អ្នក​ឯកទេស ចិន​នឹង​ប្រើ ឧទ្ធម្ភាគចក្រ​ដែល​ទិញ​ពី​រុស្ស៊ី​ទៅ គឺ​សម្រាប់​បំពេញ​ការងារ​ក្នុង​វិស័យ​កសិកម្ម។ មិនតែ​ប៉ុណ្ណោះ ចិន​ក៏​អាច​នឹង​ជួល​ឧទ្ធម្ភាគចក្រ​ទាំងនោះ ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ ប្រើ​ដើម្បី​ដឹក​ភស្តុភារ ​នៅ​តាម​បណ្តា​ប្រទេស​ទ្វីប​អាហ្វ្រិក ហើយ​ដោយ​របៀប​នេះ គឺ​នឹង​ប្រជែង​ជាមួយ​រុស្ស៊ី​តែ​ម្តង។
 
ជាការកត់សម្គាល់ លោកប្រធានាធិបតី​រុស្ស៊ី​ពូទីន ​ថ្លែង​ម្សិលមិញ​ក្នុង​សន្និសីទ​សារព័ត៌មាន បូក​សរុប​តុល្យាការ​នៃ​ជំនួប​កំពូល APEC នៅក្រុង Vladivostok ពេល​ឆ្លើយ​តប​នឹង​សំនួរ​មួយ​របស់​អ្នកកាសែត​ចិន បាន​បង្ហើប​ឲ្យ​ដឹង​ថា ដោយ​ប្រើ​យន្តហោះ​រុស្ស៊ី​ធុន​ធំៗ និង​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ធុន​ធ្ងន់ ដែល​អាច​ផ្ទុក​ទម្ងន់​ដល់​២០​តោន ​ជា​សំណាក​ដើម ចិន​និង​រុស្ស៊ី​កំពុង​សហការ​គ្នា ផលិត​អាកាសយានដ្ឋាន​សម្រាប់​ជ្រៀត​ចូល​ទៅ​លើ​ទីផ្សារ​នៃ​យន្តហោះ​ធុន​ធំៗ ដែល​អាង​យ៉ាង​ផ្តាច់​មុខ ដោយ​ពហុក្រុមហ៊ុន​អឺរ៉ុប EADS និង​ក្រុមហ៊ុន​អាមេរិកាំង Boeing៕

 

tags: ចិន - រុស្ស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close