លោក ស៊ី ជិនពីង អនាគតប្រធានាធិបតីចិនបង្ហាញមុខជាសាធារណៈ

បន្ទាប់ពីបាត់មុខពីឆាកនយោបាយអស់ពីរសប្តាហ៍ នៅទីបំផុតលោក ស៊ី ជីនពីង (Xi Jinping) អនុប្រធានាធិបតីចិន បានបង្ហាញវត្តមានជាសាធារណៈ នៅព្រឹកថ្ងៃសៅរ៍ទី ១៥ កញ្ញានេះ។ ទំនងជាអនាគតអ្នកស្នងតំណែងប្រធានាធិបតីចិន បន្តពីលោក ហ៊ូ ជិនតាវ ផង ថ្ងៃបើកសមាជបក្សកុម្មុយនិស្តដើម្បីជ្រើសតាំងថ្នាក់ដឹកនាំថ្មី កាន់តែខិតជិតមកដល់ផង អវត្តមានរបស់លោក ស៊ី ជិនពីង មួយរយៈចុងក្រោយនេះបានបង្កបង្កើតជាពាក្យចចាមអារាម និងបំប៉ោងព័ត៌មាន យ៉ាងផុសផុលបំផុត។
នៅលើរូបថត លោក ស៊ី ជីនពីង មានទឹកមុខញញឹម និងស្លេកបន្តិច ដោយហេតុតែពន្លឺព្រះ អាទិត្យក្រុងប៉េកាំងខ្លាំងពេកក៏មិនដឹង ប៉ុន្តែលោកមានវត្តមានពិតៗជាប្រមុខប្រតិភូផ្លូវការ។
ភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មី Chine Nouvelle បានធ្វើអត្ថាធិប្បាយដោយខ្លីថា “លោកអនុប្រធានាធិបតី អញ្ជើញទៅមហាវិទ្យាល័យកសិកម្មព្រឹកមិញនេះ ដើម្បីចូលរួមក្នុងទិវាយល់ដឹងអំពីវិទ្យាសាស្ត្រជាតិ”។ តែគ្មានបកស្រាយបំភ្លឺអំពីការបាត់ខ្លួនអនាគតអ្នកស្នងតំណែងប្រធានាធិបតី បន្តពីលោកហ៊ូ ជិនតាវ តាំងពីថ្ងៃទី១ កញ្ញានោះទេ។
តាមទម្លាប់ប្រពៃណី អាជ្ញាធរចិន មិនដែលផ្តល់ព័ត៌មានអ្វីទាក់ទងនឹងសុខភាពរបស់ថ្នាក់ដឹកនាំក្បាលម៉ាស៊ីនរដ្ឋទេ។ ប៉ុន្តែភាពស្ងាត់គ្មានដំណឹងបែបនេះ បានធ្វើឱ្យពាក្យចចាមអារាមរីកកាន់តែរីកធំធាត់ ៖ ខ្លះថាមានរោគបេះដូង ឃាតកម្ម ច្រានចេញពីអំណាច ។ល។ និង។ល។ ម្យ៉ាងទៀត ពេលនេះ ចិនកំពុងត្រៀមរៀបចំប្តូរផ្លាស់ប្រមុខដឹកនាំថ្មី ក្នុងឱកាសសមាជបក្សកុម្មុយនិស្តលើកទី១៨ នាសរទរដូវខាងមុខនេះ បូករួមនឹងការប្រយុទ្ធគ្នាផ្ទៃក្នុងបក្សដណ្តើមអំណាចផង ការបំប៉ោងព័ត៌មាន និងពាក្យចចាមអារាម អាចចេញគ្រប់សេណារីយ៉ោទាំងអស់។
ចំណែកឯការពិត បើគេជឿតាមប្រភពព័ត៌មានស្និទ្ធនឹងរបបក្រុងប៉េកាំង ជារឿងសាមញ្ញបំផុត។ លោក ស៊ី ជីនពីង អនាគតប្រធានាធិបតីចិន ទំនងជាបានរងរបួសខ្នងពេលហែលទឹក ពីក្បាលល្ងាចមុនថ្ងៃត្រូវទទួលជួបលោកស្រីគ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក។ ក្នុងពេលកំពុងសម្រាកព្យាបាលសុខភាព លោក ស៊ី ជីនពីង បានបន្តធ្វើការយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការលើកពេលបើកសមាជបក្ស ដែលគេពុំទាន់ដឹងកាលបរិច្ឆេទនៅឡើយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ