
នៅសប្តាហ៍នេះហ្សង់-ហ្វ្រង់ស័រ តាន់ ធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ភូមិសាស្រ្តនយោបាយនៃប្រទេសចិន។ គេអាចនិយាយបានថា ចិនបានក្លាយទៅជាមហាអំណាចពិភពលោកហើយ។ ប៉ុន្តែ មហាយក្សអាស៊ីមួយនេះដែលកំពុងធ្វើឲ្យបណ្តាប្រទេសជិតខាងភ័យព្រួយ ត្រូវប្រឈមមុខខ្លាំងឡើងៗនឹងសហរដ្ឋអាមេរិក អាមេរិកដែលបានសម្រេចពង្រឹងនិងពង្រីកវត្តមានរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក។
ការមួយដែលប្រកែកមិនបាន គឺមិនយូរមិនឆាប់ ចិននឹងក្លាយជាមហាអំណាចធំជាងគេបង្អស់នៅក្នុងពិភពលោក ដោយសារតែកត្តាសត្យានុម័តមួយចំនួន។
ទីមួយ គឺចំនួនច្រើនសន្ធឹកសន្ធាប់នៃប្រជាជន។
ទីពីរគឺម៉ាស៊ីនសេដ្ឋកិច្ចដែលបន្តខ្ជាក់ចេញនូវកំណើនច្រើនលើសលុប។
ទីបី គឺសន្ទុះលឿនរហ័សនៃបច្ចេកវិជ្ជា បានន័យថា ចិនមិនមែនគ្រាន់តែចេះផលិតរបស់របរកំប៉ិកកំប៉ុកដូចមុនទៀតទេ តែក៏ចេះធ្វើដែររថយន្ត រទេះភ្លើងល្បឿនខ្លាំង និងយន្តហោះព្រមទាំងយានអវកាស។
ទីបួន គឺឥទ្ធិពលយោធា ជាមួយនឹងការកើនឡើងជាលំដាប់នៃប្រាក់ចំណាយសម្រាប់វិស័យការពារជាតិ។
និងទីប្រាំ គឺការដាំក្បាលអស់ឫទ្ធិ និងខ្សោយទៅៗរបស់បស្ចិមលោក ទាំងអឺរ៉ុប ទាំងសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ ការព្យាករណ៍ឃើញបែបនេះ ការព្យាករណ៍ឃើញថា ចិននឹងក្លាយជាមហាអំណាចពិភពលោកទីមួយក៏មិនប្រាកដថានឹងក្លាយជាការពិតដែរ ដោយហេតុតែមានច្រើនណាស់ភាពចៃដន្យនៃប្រវត្តិសាស្រ្ត។
ក្នុងចំណោមភាពចៃដន្យនៃប្រវត្តិសាស្រ្តដែលអាចមកបង្អាក់ដំណើរបោះពួយទៅមុខនៃមហាយក្សចិន ឃើញមានជាអាទិ៍គ្រោះថ្នាក់ផ្ទៃក្នុងធំៗមួយចំនួន ដូចជា ហានិភ័យសង្គម និងនយោបាយការទាមទារផ្តាច់ទឹកដីឬការទាមទារឯករាជ្យពីសំណាក់តៃវ៉ាន់ ទីបេ និង ស៊ីងជាំង។ ក៏ប៉ុន្តែ គ្រោះថ្នាក់ធំជាងគេសម្រាប់របបកុម្មុយនិស្តចិន ក្នុងរយៈកាលខ្លី គឺអ៊ីនធ័រណែត អ៊ីនធ័រណែតដែលប្រជាជនចិនជិតប្រាំរយលាននាក់កំពុងតែប្រើប្រាស់នៅក្នុងឆ្នាំ២០១១។
ដោយឡែក ទន្ទឹមគ្នានឹងការលេចត្រដែតឡើងនៃប្រទេសរបស់ខ្លួនក្នុងនាមជាមហាអំណាចពិភពលោក ថ្នាក់ដឹកនាំចិនមានមហិច្ឆតាកាន់តែធំ ជាពិសេសនៅអាស៊ី។ ជាក់ស្តែង ទីក្រុងប៉េកាំង បាននិងកំពុងបន្តពង្រឹងកងទ័ពជើងទឹករបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក ពង្រីកដែនអំណាចរបស់ខ្លួនទៅឲ្យកាន់តែឆ្ងាយក្នុងដែនសមុទ្រនៅប៉ែកខាងត្បូង ប៉ែកអាគ្នេយ៍ និងប៉ែកខាងកើតនៃប្រទេសខ្លួន។ គឺមហិច្ឆតារបស់ចិននេះហើយដែលកំពុងបណ្តាលឲ្យបណ្តាប្រទេសអាស៊ីមួយចំនួនព្រួយបារម្ភ។ ជប៉ុនព្រួយបារម្ភ ដ្បិតចិនបន្តទាមទារយកមកវិញទីប្រជុំកោះSenkaku ដែលជប៉ុនបានកាន់កាប់តាំងពីឆ្នាំ១៨៩៥មកម្ល៉េះ។ វៀតណាមនិងហ្វីលីពីនព្រួយបារម្ភ ដ្បិតកំពុងមានជម្លោះជាមួយចិន ជុំវិញទីប្រជុំកោះParacels និងSpratley នៅក្នុងសមុទ្រចិនប៉ែកខាងត្បូង។
គឺនៅក្នុងបរិបទនេះហើយ ដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តងាកមកពង្រឹងនិងពង្រីកវត្តមានយោធា ភូមិសាស្រ្តនយោបាយ និងការទូតនៅអាស៊ីប៉ាស៊ីហ្វិកដែរ។ នៅក្នុងឆ្នាំ២០១១ អាមេរិកបានបង្កើនតួនាទីរបស់ខ្លួននៅក្នុងវេទិកាអាស៊ាន បានក្លាយជាសមាជិកនៃជំនួបកំពូលអាស៊ីបូព៌ានិងបានសម្រេចដាក់ទ័ពនៅប្រទេសអូស្រ្តាលី។ មិនតែប៉ុណ្ណោះ អាមេរិកគ្រោងថា នឹងប្រើប្រាស់ប្រទេសសិង្ហបុរីនិងហ្វីលីពីនជាទីចំណតនៃនាវាចម្បាំងរបស់ខ្លួន នាប៉ុន្មានឆ្នាំទៀតខាងមុខនេះ។
*
ជាការពិតណាស់ដែលថា ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនជាពិសេស និងដោយសារតែវត្តមាននៅក្នុងតំបន់របស់មហាយក្សចិននិងរបស់សហរដ្ឋអាមេរិក អាស៊ីប៉ាហ្វិកកំពុងក្លាយទៅជាសសរទ្រូងនៃភូមិសាស្រ្តនយោបាយពិភពលោក នៅដើមសតវត្សរ៍ទី២១នេះ។ ក៏ប៉ុន្តែ ទន្ទឹមនេះ អាស៊ីប៉ាស៊ីហ្វិកក៏កំពុងក្លាយទៅជាតំបន់ដ៏ក្តៅគគុកជាងគេបង្អស់មួយដែរនៅក្នុងលោកសព្វថ្ងៃ ដោយហេតុតែអធិករណ៍ដែលអាចនឹងកើតឡើងរវាងចិននិងសហរដ្ឋអាមេរិក។
សម្រាប់ក្រុមអ្នកសង្កេតការណ៍ ការប៉ះទង្គិចគ្នារវាងកងទ័ពជើងទឹកនៃប្រទេសមហាអំណាចទាំងពីរអាចនឹងផ្ទុះឡើងគ្រប់ពេលវេលា ទោះជាមិនដោយចេតនា ក៏ដោយចៃដន្យដែរ។ មូលហេតុមានច្រើនយ៉ាង។ ម្យ៉ាងគឺមកអំពីចលនាកាន់តែមមាញឹកនៃកងទ័ពរបស់អាមេរិកនិងរបស់ចិននៅក្នុងដែនទឹកតែមួយ។ ម្យ៉ាងទៀត គឺមកអំពីការខ្វែងប្រយោជន៍គ្នាកាន់តែធំរវាងមហាអំណាចទាំងពីរ ឧទាហរណ៍ក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង និងក្នុងជម្លោះទឹកដីនៅសមុទ្រចិនរវាងប្រទេសចិននិងបណ្តាប្រទេសមិត្តរបស់អាមេរិក ឬរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីដែលអាមេរិកគាំទ្រ។ រីឯម្យ៉ាងចុងក្រោយ គឺមកអំពីសហរដ្ឋអាមេរិកនិងចិនគ្មានចក្ខុនិមិត្តរួមគ្នាទេ នៅចំពោះមុខច្បាប់នាវាចរណ៍។ សហរដ្ឋអាមេរិកអះអាងថា កងទ័ពជើងទឹករបស់ខ្លួនមានសិទ្ធិធ្វើចរាចរណ៍នៅលើដែនទឹកអន្តរជាតិ និងនៅលើដែនទឹកដែលគេគេចាត់ទុកថាជារបស់អន្តរជាតិ។ រីឯសម្រាប់ប្រទេសចិនវិញ កងទ័ពអាមេរិកគ្មានសិទ្ធិចូលមកក្នុងដែនទឹកដែលជាទីជម្លោះ រវាងចិននិងប្រទេសដទៃណាមួយផ្សេងទេ។
មិនតែប៉ុណ្ណោះ ចិនមិនសុខចិត្តឲ្យមានឡើយ សមយុទ្ធផ្សេងៗដែលប្រព្រឹត្តទៅនៅជិតព្រំដែនគោកឬព្រំដែនទឹកជាមួយប្រទេសខ្លួន ដូចដែលអាមេរិកតែងតែបានធ្វើរៀងរាល់ឆ្នាំជាមួយកូរ៉េខាងត្បូង។
និយាយរួម ចិនបានក្លាយទៅជាមហាអំណាចពិភពលោកហើយ។ អ្វីៗក៏ដូចជាចង្អុលឲ្យឃើញថា ចិនចង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចទីមួយ និងនៅទីបំផុតទៅជាមហាអំណាចនយោបាយនិងយោធាទីមួយ។ គេក៏ត្រូវទទួលស្គាល់ដែរ ជ័យជំនះដ៏ធំធេងនៃការទូតចិនមិនត្រឹមតែនៅអាស៊ីទេ តែនៅអាហ្វ្រិកនិងអាមេរិកខាងត្បូងថែមទៀត។ ជ័យជំនះការទូតនេះបានមកពីការប៉ិនប្រសប់របស់ថ្នាក់ដឹកនាំចិន តែវាក៏ជាលទ្ធផលបានមកពីបរាជ័យនៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកជាពិសេសក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីប៊ូស(Bush)។
ក៏ប៉ុន្តែ ចាប់ពីឥឡូវនេះតទៅ អ្វីៗក៏មិនអាចស្រួលដូចមុនទៀតដែរពីព្រោះសហរដ្ឋអាមេរិកចង់ខ្ទប់ឥទ្ធិពលរបស់ចិន ជាពិសេសនៅអាស៊ីប៉ាស៊ីហ្វិក។ អ្វីៗក៏មិនអាចស្រួលដូចមុនដែរ ពីព្រោះបណ្តាប្រទេសអាស៊ីច្រើនឡើងៗចាប់ផ្តើមភិតភ័យ នៅចំពោះមុខមហិច្ឆតាស្រេកឃ្លានទឹកដីរបស់ប្រទេសចិន៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






អត្ថាធិប្បាយ (1)
See how China can help Cambodia to be a dragon in ASEAN ?
Thanks so much for your analysis. This, i believe it is true and correct most of the concept.
If you could further analysis, we wish to know is it true that some idea stated that if China want Cambodia to be the dragon in ASEAN (economic enrichment), they can do it within just a short period of time. The question is about time ?
Is it true that China will think of Cambodia and help Cambodia to be a dragon in the region ? according historical relationship Khmer Empire & China until now.
Thanks so much in advance for your feedback.
ប្រតិកម្មជុំវិញអត្ថបទនេះ