បារាំង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 19 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 19 កញ្ញា 2012

ទស្សនាវដ្តី​​ Charlie​​ Hebdo ​​គូរ​រូប​​ត្លុក​​កំប្លែង​​ប្រមាថ​​ព្យាការី​​មហាម៉េដ​​

ដោយ សៀក សារិន

សេចក្តីរាយការណ៍របស់សៀក សារិន
 

19/09/2012 by សៀក សារិន

នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ ​ គេ​អាច​សន្និដ្ឋាន​បានថា​ ​ ទស្សនាវដ្តី​ Charlie Hebdo ​ប្រព្រឹត្ត​ទង្វើ​ពុំគប្បី​នេះ​ម្តងទៀត។​ ដោយហេតុថា​ ​ នៅ​ខែវិច្ឆិកា​ឆ្នាំ២០១១​កន្លងទៅ​ ​ ក្រោយពី​បាន​ផ្សព្វ​ផ្សាយ​លេខ​ពិសេស​ដែលបាន​ដាក់​ចំណង​ជើងថា​ “Charia Hebdo »​ ​ ដោយមាន​ព្យាការី​មហាម៉េដ​ធ្វើជា​ “អ្នកនិពន្ធនាយក”​ ​ ទីស្នាក់ការ​នៃ​ ទស្សនាវដ្តី​ ជើងខិល​ឈ្មោះ​ Charlie Hebdo ​បានត្រូវ​គេ​ដុត​បំផ្លាញ។

 
នៅ​ថ្ងៃពុធ​ទី១៩​កញ្ញានេះ​ ​ ​ ទស្សនាវដ្តី​ជើងខិល​ឈ្មោះ​ Charlie Hebdo​ បាន​សម្រេច​ផ្សព្វ​ផ្សាយ​​រូប​គំនូរ​ត្លុក​កំប្លែង​របស់​ខ្លួន​ ដោយបាន​បង្ហាញ​ឲ្យឃើញ​នូវ​ រូប​ព្យាការី​មហាម៉េដ​ជា​មនុស្ស​ពិការ​អង្គុយ​នៅលើ​កៅអី​រុញដោយ​អ្នកកាន់​សាសនា​ហ្ស៊ីវ​ម្នាក់។
 
គួរបញ្ជាក់ថា​ ​ រូបត្លុក​កំប្លែង​នេះ​បាន​លេចចេញ​នៅក្នុង​បរិបទ​មួយ​ដ៏​សែន​តានតឹង​ដែល​កំពុង​តែ​កើតមាន​នៅក្នុង​ពិភព​អ៊ីស្លាម​ ​ ក្រោយពី​មាន​ការផ្សាយ​តាម​រយៈ​អ៊ីនធ័រណែត​នូវ​ខ្សែ​ភាពយន្ត​ប្រមាថ​សាសនា​អ៊ីស្លាម​ ​ ផលិត​ដោយ​សមិទ្ធិករ​ដែល​មាន​សញ្ជាតិ​អាមេរិក-និង​អ៊ីស្រាអែល។
 
ជះប្រេង​លើ​ភ្លើង
 
សម្រាប់​ចាងហ្វាង​នៃ​ការផ្សាយ​ទស្សនាវដ្តី​ ឈ្មោះ​ Charlie Hebdo​ ការគូរ​រូប​ត្លុក​កំប្លែង​មាក់ងាយ​លេងសើច​គឺជា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ ​ ហើយក៏ជា​ឆ្នាំងបាយ​នៃ​មុខរបរ​របស់​ ទស្សនាវដ្តី​ ជើងខិល​ឈ្មោះ​ Charlie Hebdo​នេះដែរ។
 
ចំណែកឯ​រដ្ឋាភិបាល​បារាំងវិញ​ ​ មាន​ការទើសទាល់​យ៉ាងខ្លាំង​ ​ ម្ខាង​ចង់​ការពារ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ ​ ម្ខាងទៀត​ចង់​កុំឲ្យ​មាន​ការប៉ះពាល់​ដល់​ការគោរព​សាសនា។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​នាយករដ្ឋមន្ត្រី​បារាំង​លោក​ Jean-Marc Ayrault ​ថ្លែងថា​ ​ “យើង​នៅក្នុង​ប្រទេសមួយ​ដែល​គេត្រូវតែ​គោរព​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ ​ ក៏ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​អ្នក​គូរ​រូប​ត្លុកកំប្លែង​ ​ ក៏ប៉ុន្តែ​បើ​ប្រសិនជា​ សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នកដទៃ​ ​ នោះ​គេអាច​ប្តឹង​ទៅ​តុលាការ”​។
 
រីឯ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​លោក​ ឡូរ៉ង់​ហ្វាប៊ីយូស​ ឯណោះវិញ​ ​ បាន​ថ្លែងចោទ​សួរថា​ ​ “តើ​គេគួរ​ ជះប្រេង​លើ​ភ្លើង​ នៅ​ខណៈ​ពេល​ដែលកំពុង​តែ​កើតមាន​ភាព​តានតឹង​បែបនេះ​ដែរឬទេ?”​​ ​ ហើយ​នៅក្នុង​តួនាទី​របស់​លោក​ជាអ្នក​ទទួល​ខុសត្រូវ​លើ​សន្តិសុខ​របស់​ប្រជាជន​បារាំង​ដែល​រស់នៅ​ក្រៅប្រទេស​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​លោក​ ឡូរ៉ង់​ហ្វាប៊ីយូស​ ​សម្ដែង​ក្តីបារម្ភ​ ហើយ​បាន​ចេញ​បញ្ជា​ឲ្យ​គេ​ធ្វើការ​ពង្រឹង​សន្តិសុខ​នៅ​តាម​ស្ថានទូត​បារាំង​នៅ​លើ​ពិភពលោក។
 
ហើយនៅ​ថ្ងៃពុធ​ទី១៩​កញ្ញា​ឆ្នាំ២០១២នេះ​ ​ ក្រសួង​ការបរទេស​បារាំង​បាន​ថ្លែងឲ្យ​ដឹងថា​ ​ “ស្ថានទូត​ ​ ស្ថានកុងស៊ុល​ ​ និង​សាលារៀន​បារាំង​នៅ​ក្នុង​ម្ភៃប្លាយ​ប្រទេស​ដែល​កាន់សាសនា​អ៊ីស្លាម​ នឹងត្រូវ​បិទទ្វារ​នៅ​ថ្ងៃសុក្រ​ ​ ដែលជា​ថ្ងៃ​សូត្រធម៌​បន់ស្រន់​ដ៏​សំខាន់​សម្រាប់​អ្នកកាន់​សាសនា​អ៊ីស្លាម។​ ទាំងនេះ​ដើម្បី​ជួយ​ការពារ​សុវត្ថិភាព​របស់​ប្រជាជន​បារាំង​ដែល​រស់នៅ​ក្រៅ​ប្រទេស​ ​ ក្រោយពី​មាន​ការ​សម្រេច​ផ្សព្វផ្សាយ​រូបគំនូរ​ត្លុក​កំប្លែង​ប្រមាថ​ព្យាការី​មហាម៉េដ​ដោយ​ទស្សនាវដ្តី​ Charlie Hebdo ​នៅក្នុង​ប្រទេស​បារាំង៕

tags: ដើមបូព៌ា - បាតុកម្ម - បារាំង - សាសនា - អាមេរិក - អាស៊ី - អាហ្វ្រិក - អឺរ៉ុប
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close