អានតួអត្ថបទ
កម្ពុជា

និស្សិត​ពេទ្យ​​ប្តេជ្ញា​មិន​ចូល​​ប្រឡង​​បញ្ចប់​​ថ្នាក់​ជាតិ​​ ប្រសិន​​​បើ​​គ្មាន​​​​ដំណោះ​ស្រាយ​​

និស្សិត​ពេទ្យ​នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សា​ស្ត្រ​សុខាភិបាល ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​បាន​ប្តេជា្ញ​ថា​មិន​ចូល​ប្រលង​បញ្ចប់​ថ្នាក់​ជាតិ​ដូច​ដែល​​សាកល​វិទ្យាល័យ​​​តម្រូវ​នោះ​ឡើយ​។​ ការ​ប្តេជ្ញា​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ កាល​ពី​ថ្ងៃ​សុក្រ​ ម្សិល​មិញ​ដោយ​តម្រូវ​ឲ្យ​និស្សិត​ពេទ្យ​ទាំង​អស់​ដែល​បញ្ចប់​ការ​សិក្សា ​​​ត្រូវ​តែ​ចូល​រួម​ការ​ប្រឡង​បញ្ចប់​ថ្នាក់​ជាតិ​។ និស្សិត​ពេទ្យ​បាន​អះ​អាង​ថា ​ខ្លួន​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​រហូត​ទល់​តែ​មាន​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​។ 

ក្រុមនិស្សិតពេទ្យនាំគ្នាតវ៉ានៅពីមុខសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ក្រុមនិស្សិតពេទ្យនាំគ្នាតវ៉ានៅពីមុខសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ RFI
ផ្សាយពាណិជ្ជកម្ម

ក្រុមនិស្សិត​ពេទ្យ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ប្រមាណ ៥០នាក់​ ​នៅ​ថ្ងៃ​សៅរ៍ទី១៩ មេសា​នេះ​ ​នៅតែ​លើកគ្នា​បន្ត​តវ៉ា​ទាមទារ​ឲ្យ​សាកលវិទ្យាល័យ​លើកលែង​ការ​ប្រឡង​​បញ្ចប់​ថ្នាក់ជាតិ​ ​ដល់​ពួកគេ។

លោក ដា ​រី​ញែល តំណាង​ឲ្យ​ក្រុមនិស្សិត​តវ៉ា​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា ក្រុម​និស្សិត​​ពេទ្យ​ដែល​មក​តវ៉ា​នេះ ​ជា​និស្សិត​ជំនា​ន់ទី ៣៤ ដែល​បានបញ្ចប់​ការសិក្សា​នៅក្នុង​ឆ្នាំ២0១៣។ លោក​បន្តថា មូលហេតុ​ដែល​ក្រុមនិស្សិត​របស់លោក​លើក​គ្នា​តវ៉ា ​ដោយសារ​សាកល​វិទ្យាល័យ​បាន​អនុវត្ត​ផ្ទុយ​ទៅ​អនុ​ក្រឹត្យ​របស់​រដ្ឋាភិបាល​ ​ដែល​តម្រូវ​ឲ្យ​មានការ​ប្រឡង​បញ្ចប់​​ថ្នាក់ជាតិ​តាំងពី​ឆ្នាំ២០០៧ តែ​សាកលវិទ្យាល័យ​ទើប​យកមកអនុវត្ត​នៅក្នុង​ឆ្នាំ ២០១៤​នេះ​។

តំណាង​ក្រុមនិស្សិត​តវ៉ា​រូបនេះ​បាន​សម្តែង​ការព្រួយបារម្ភ​ថា​ ក្នុង​ការប្រឡង​បញ្ចប់​ថ្នាក់ជាតិ​លើក​ដំបូង​​នេះ ​ពួកគេ​មិនទាន់​ដឹង​ពី​របៀប​នៃ​ការប្រឡង ពេលវេលា​ត្រៀមប្រឡង​ក៏​មិន​គ្រប់គ្រាន់ និង​តម្លៃ​ទិញ​ពាក្យ​ប្រឡង​ក៏មាន​តម្លៃ​ខ្ពស់​ថែមទៀត។ បើតាម​លោក ដា ​រី​ញែ​ល ពាក្យ​ប្រឡង​មានតម្លៃ​ដល់​ទៅ១២៥ដុល្លារ​ ក្នុង​មួយច្បាប់។ លោក ដា ​រី​ញែ​ល​បាន​បញ្ជាក់ថា ក្រុមនិស្សិត​ពេទ្យ​នឹងធ្វើ​ពហិកា​មិន​ចូល​ប្រឡង​បញ្ចប់​ថ្នាក់ជាតិ​ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី២៦ មេសា​នេះ​នោះទេ ហើយ​ព្រមាន​​ថា​ ​នឹង​នៅតែ​បន្ត​តវ៉ា​រហូត​មាន​ដំណោះស្រាយ ។

កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ ស្រប​ពេលដែល​ក្រុមនិស្សិត​ពេទ្យ​នៅតែ​បន្ត​តវ៉ា​នៅ​ពីមុខ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នោះ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ផ្ញើលិខិត​តប​មួយ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង។ ក្នុង​លិខិត​នោះ​ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឯកភាព​តាម​សំណើ​របស់​ក្រសួងសុខាភិបាល​ ​ដោយ​តម្រូវ​ឲ្យ​និស្សិត​ដែល​ទើបបាន​បញ្ចប់​ការសិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ បរិញ្ញាបត្រ​ឱសថ​ និង​ទន្ត​បណ្ឌិត​ទាំងអស់​ ​ត្រូវ​ចូលរួម​ការ​ប្រឡង​បញ្ចប់​ថ្នាក់ជាតិ។ ចំពោះ​និស្សិត​ដែល​មិនទាន់បាន​ប្រឡង​បញ្ចប់​ថ្នាក់ជាតិ​ជា​ស្ថាពរ ក្រសួង​មិន​ទទួល​ពាក្យសុំ​ប្រឡង​ជ្រើសរើស​ក្របខណ្ឌ​ជា​មន្ត្រីរាជការ និង​មិនអាច​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​បាន​នោះទេ។

សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​មិនអាច​ទាក់ទង​សុំ​បំភ្លឺ​បានទេ​ នៅ​ថ្ងៃ​សៅរ៍ ទី១៩ មេសា​នេះ។ ក៏ប៉ុន្តែ ​​លោក ម៉ម ប៊ុនហេង​ ធ្លាប់បាន​ចុះទៅ​ជួប​ជាមួយ​ក្រុមនិស្សិត​តវ៉ា​ម្តង ​កាលពី​កើតមាន​ការតវ៉ា​ដំបូង ​នៅមុន​ចូលឆ្នាំ​ខ្មែរ។ ពេលនោះ លោក ម៉ម ប៊ុនហេង ​បាន​មានប្រសាសន៍​ថា គ្រប់​និស្សិត​ទាំងអស់​ទាំង​រដ្ឋ និង ឯកជន​ ​ត្រូវ​ប្រឡង​បញ្ចប់​ថ្នាក់ជាតិ​ ​ក្រោយពី​រៀន​ចប់​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព និង​កម្រិត​នៃ​ការអប់រំ​មុន​ចេញ​ប្រកប​វិជ្ជាជីវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ