អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា នៅភ្នំ​ឧត្តុង្គ

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ មន្ត្រីរាជការ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​រាប់រយ​នាក់ បាន​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា នៅ​ភ្នំ​ព្រះ​រាជទ្រព្យ ឬ​ភ្នំ​ឧត្តុង្គ ដែល​ជា​ទីកន្លែង​តម្កល់​ព្រះ​សារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ។ ពិធីបុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា នៅ​ថ្ងៃ​១៥​កើត ខែ​វិសាខ ត្រូវ​នឹង​ថ្ងៃទី​១៧​ឧសភា ឆ្នាំ​២០១១​នេះ ធ្វើឡើង​ដើម្បី​រម្លឹក​ដល់​ថ្ងៃ​ព្រះពុទ្ធ​ប្រសូត ថ្ងៃ​ត្រាស់ដឹង និង​ថ្ងៃ​ព្រះពុទ្ធ ចូល​បរិនិព្វាន។

កម្ពុជា​រៀបចំ​បុណ្យ​វិសាខបូជា នៅ​ភ្នំឧត្តុង្គ
កម្ពុជា​រៀបចំ​បុណ្យ​វិសាខបូជា នៅ​ភ្នំឧត្តុង្គ ©ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ពិធីបុណ្យ​វិសាខបូជា នៅ​ថ្ងៃ​១៥​កើត ខែ​វិសាខ ត្រូវ​នឹង​ថ្ងៃ​១៧​ឧសភា​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​បាន ប្រារព្ធ​ធ្វើឡើង​យ៉ាង​អធិកអធម​ទាំង​នៅក្នុង និង​ទាំង​នៅ​ក្រៅប្រទេស។ ដោយឡែក​ពិធីបុណ្យ​វិសាខបូជា​ទ្រង់ទ្រាយ​ធំ ត្រូវបាន​ធ្វើឡើង​នៅ​ព្រះ​សក្យមុនីចេតិយ លើ​ខ្នងភ្នំ​ឧដុង្គ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល។ ប្រធានរដ្ឋសភា លោក ហេង សំរិន បាន​ដឹកនាំ​មន្ត្រីរាជការ អ្នកមុខអ្នកការ​ចូល​រួម​ពិធី​បុណ្យ​ជាមួយនឹង​ព្រះសង្ឃ តាអាចារ្យ យាយជី និង​ពុទ្ធបរិស័ទ​រាប់រយ​នាក់។

ក្បួន​ធម្មយា​ត្រា ត្រូវបាន​ដង្ហែ​ប្រទក្សិណ ៣ ជុំ ភ្នំ​ឧដុង្គ មុន​នឹង​ធ្វើ​ពិធីរាប់បាត្រ ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង​ស្តាប់​លោក​សូត្រធម៌។ ព្រះ​សក្យមុនីចេតិយ លើ​ខ្នងភ្នំ​ឧដុង្គ ជា​កន្លែង​តម្កល់​ព្រះ​សារីរិកធាតុ របស់​ព្រះសម្មាសម្ពុទ្ធ។

ពិធីបុណ្យ​វិសាខបូជា បាន​ប្រារឰឡើង ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត ( ខួប​ទី ២៦៣៥ ឆ្នាំ ) ថ្ងៃ​ចូល​បរិនិព្វាន ( ខួប​ទី​២៥៥៥ ) និង​ថ្ងៃ​ត្រាស់ដឹង ( ខួប​ទី​២៦០០ ) របស់​ព្រះ​សមណ​គោត​ម ដែល​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​បរមគ្រូ ពោល​គឺ​ព្រះពុទ្ធ បានប្រសូត ត្រាស់ដឹង និង​ចូល​បរិនិព្វាន នៅ​ថ្ងៃ​តែមួយ គឺ​ថ្ងៃ​១៥​កើត ខែ​វិសាខ។​

ដើម្បី​រម្លឹក​ដល់​ថ្ងៃ​ដ៏​វិសេស​របស់​ព្រះពុទ្ធ ក្នុង​ពិធីបុណ្យ​វិសាខបូជា​នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល​ក៏​បាន​រៀបចំ​ពិធី​ដាច់ដោយឡែក​មួយ​ទៀត នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ។ ពិធីបុណ្យ​ព្រះពុទ្ធសាសនា នៅ​កន្លែង​ដែល​មាន​មនុស្ស​ស្លាប់ ៣៥៣ នាក់ ក្នុង​យប់​ថ្ងៃទី​២២​វិច្ឆិកា ឆ្នាំ​២០១០ ជា​យប់​ថ្ងៃ​បង្ហើយ​ពិធីបុណ្យ​អ៊ុំ​ទូក​ឆ្នាំមុន។ មាន​ព្រះសង្ឃ ២៦០០ អង្គ និមន្ត​ចូលរួម ដោយ​មាន​ពិធីរាប់បាត្រ ធ្វើឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ឧសភា​។ ព្រះសង្ឃ ២៦០០ អង្គ តំណាង​ឲ្យ​ខួប​លើក​ទី ២៦០០ ឆ្នាំ ដែល​ព្រះពុទ្ធ បាន​ត្រាស់ដឹង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ