កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 05 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 05 សីហា 2012

បេក្ខជន​នាំគ្នា​ស្រោចទឹក​មន្ត​និង​ទិញ​វិញ្ញាសារ​ព្រាង​ត្រៀម​ប្រឡង​ថ្ងៃស្អែក​

បេក្ខជនខ្លះ​​នាំគ្នា​ស្រោចទឹក​មន្ត​
បេក្ខជនខ្លះ​​នាំគ្នា​ស្រោចទឹក​មន្ត​

ដោយ គី សុខលីម

មុន​ថ្ងៃ​ប្រឡង​មួយ​ថ្ងៃ ​បេក្ខជន​ប្រឡង​បាក់ឌុប​នាំគ្នា​ស្រោច​ទឹកមន្ត​និង​ទិញ​វិញ្ញាសារ​ព្រាងត្រៀម​ប្រឡង​ថ្ងៃ​ស្អែក។ ការ​ពឹង​លើ​ទឹក​មន្ត​ឬ​ពឹង​លើ​វិញ្ញាសារ​ព្រាង​គឺ​ជា​រឿង​ប្រថុយ​ប្រថាន។ អ្វី​ដែល​ប្រាកដ​ប្រជា​នោះ​គឺ​ចំណេះ​ដឹង​ពិត​របស់​បេក្ខជន​នីមួយ​ៗ។

សេចក្តីរាយការណ៍របស់គី សុខលីម
 

05/08/2012 by គី សុខលីម

 

នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ បេក្ខជន​ប្រឡង​ថ្នាក់​ទី​១២​ជា​ច្រើន​រយ​ពាន់​នាក់​បាន​មក​មើល​ឈ្មោះ​ប្រឡង​ទាំង​ហ្វូង​ៗ​នៅ​តាម​សាលា​នានា​នៅ​ទីក្រុង​ភ្នំពេញ។ ​បន្ទាប់​ពី​មើល​ឈ្មោះ​ហើយ​ ពួកគេ​នាំគ្នា​ជជែក​គ្នា​អំពី​មេរៀន​ខ្លះ​និង​ជជែក​គ្នា​អំពី​វិញ្ញាសារ​ព្រាងសម្រាប់​ការ​ប្រឡង​ថ្ងៃ​ស្អែក​ខ្លះ។
 
វិញ្ញាសារ​ព្រាង​សម្រាប់​ប្រឡង​បាក់ឌុប​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​តាម​តូប​លក់​សៀវភៅ​និង​លក់​កាសែត​នៅក្នុង​ទីក្រុង​ភ្នំពេញ។ អ្នក​លក់​វិញ្ញាសារ​ព្រាង​បាន​និយាយ​ប្រាប់​កាល​ពី​ព្រឹកមិញ​ថា ពួកគេ​លក់​វិញ្ញាសារ​ដាច់​ច្រើន​ណាស់​នៅ​ថ្ងៃ​នេះ។ សិស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ឈរ​តំរៀប​គ្នា​ចាំទិញ​វិញ្ញាសារ​ព្រាង​ត្រៀម​ប្រឡង​នៅ​ម្តុំ​វិទ្យាល័យ​បឹង​កេងកង​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។
 
បេក្ខជន​ខ្លះ​មមាញឹក​នឹង​ទិញ​វិញ្ញាសារ​ព្រាងប៉ុន្តែ​សិស្ស​ខ្លះទៀត​បាន​និយាយ​ប្រាប់​វិទ្យុបារាំង​ទាំង​ចុងមាត់​ចុងករ​ថា ​ពួកគេ​បាន​ទៅ​ទទួល​ទឹកមន្ត​ពី​ព្រះសង្ឃ​រួចហើយ។ ​ទទួល​ទឹកមន្ត​ពី​ព្រះសង្ឃ​អាច​ជួយ​ពួកគេ​បាន​ខ្លះ​ដូច​ជា​កុំ​អោយ​ភ័យ​ជា​ដើម។
 
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ពន្យល់​ថា ទាំង​វិញ្ញាសារ​ព្រាង​ ទាំង​ការ​ស្រោច​ទឹក​គឺ​មិនអាច​ជួយ​បេក្ខជន​អោយ​ប្រឡង​ជាប់​ទេ។ ​ការ​ស្រោច​ទឹក​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​របស់​ខ្មែរ​តែ​ប៉ុណ្ណោះ។ រឿង​ជាប់ឬ​ធ្លាក់​គឺ​វា​ទាក់ទង​ទៅ​នឹង​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន​របស់​សិស្ស​ម្នាក់ៗ។ ​រីឯ ចំពោះ​វិញ្ញាសារ​ព្រាងវិញ ​លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា គឺ​ជា​ការ​ប្រថុយ​ប្រថាន​បំផុត។ ​ដូច្នេះ សូម​បេក្ខជន​កុំ​ពឹង​លើ​វិញ្ញាសារ​ហេង​ស៊យ​នោះ។
 
ការប្រឡងបាក់​ឌុប​នៅ​ក្នុងប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃចន្ទ​ស្អែក​ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយនេះ។ បេក្ខជន​ប្រឡង​បាក់ឌុប​នៅឆ្នាំនេះ​មានចំនួន​ជាង​១១​ម៉ឺននាក់។
ដើម្បី​រក្សា​ការ​ប្រឡង​អោយ​ប្រព្រឹត្ត​​ទៅ​ប្រកប​ដោយ​សច្ចយុត្តិធម៌​នោះ ​ក្រសួង​អប់រំ​បាន​ចេញ​បទ​បញ្ញត្ត​មួយ​បិទ​នៅ​តាម​មណ្ឌល​ប្រឡង​ដោយ​បញ្ជាក់​ថា ​បេក្ខជនណា​ធ្វើ​ជា​មេខ្លោង​ប្រមូល​លុយ ឬ​ណែនាំ​បេក្ខជន​ដទៃ​អោយ​ប្រមូល​លុយ​ឬ​យក​លុយ​ទៅ​អោយ​អនុរក្ស​នឹង​ត្រូង​អោយ​ធ្លាក់​ជា​ស័្វយប្រវត្តិ​​និង​ផ្អាក​មិនអោយ​ប្រឡង​រយៈ​ពេល​១​ឆ្នាំ។
 
បេក្ខជន​លួច​ចម្លង​ចម្លើយ​ពី​ឯកសារ​ព្រាង​នឹង​ត្រូវ​ទទួល​បាន​ពិន្ទុ​សូន្យ​ហើយ​ត្រូវ​បញ្ឈប់​មិន​អោយ​ប្រឡង​បន្ត​ទៀត​នៅក្នុង​សម័យ​ប្រឡង​នេះ​តែ​ម្តង។​ បេក្ខជនណា​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់​ប្រឡង​នឹង​ត្រូវ​អោយ​ធ្លាក់​ជា​ស័្វយប្រវត្តិ​និង​ផ្អាក​មិន​អោយ​ចូល​រួម​ប្រឡង​រយៈពេល​២​ឆ្នាំ៕

 

tags: កម្ពុជា - សង្គម - អប់រំ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close