រ៉ុង ឈុន៖ «សូមកុំអោយមានការសូកប៉ាន់ពេលប្រឡង!»

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអំពាវនាវដល់ក្រសួងអប់រំទប់ស្កាត់ការប្រើប្រាស់ទូរស័ព្ទ ទប់ស្កាត់អំពើពុករលួយនិងទប់ស្កាត់ការបែកវិញ្ញាសារក្នុងអំឡុងពេលប្រឡងប៉ាក់ឌុបនៅថ្ងៃចន្ទនេះ។ សិស្សប្រមាណជាជាង១១ម៉ឺននាក់នឹងចូលរួមការប្រឡងបាក់ឌុបចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយរហូតដល់ថ្ងៃពុធ។
មុនថ្ងៃប្រឡងបាក់ឌុបចំនួនពីរថ្ងៃ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានអំពាវនាវដល់ក្រសួងអប់រំអោយទប់ស្កាត់បញ្ហាមួយចំនួនក្នុងនោះមាន៖ការប្រើប្រាស់ទូរស័ព្ទដៃនៅពេលប្រឡង ទប់ស្កាត់អំពើពុករលួយពេលប្រឡងនិងទប់ស្កាត់ការបែកវិញ្ញាសារក្នុងអំឡុងពេលប្រឡង។
ការប្រឡងបាក់ឌុបនៅឆ្នាំ២០១២នេះនឹងចាប់ផ្តើមនៅថ្ងៃចន្ទរហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ។ សិស្សចំនួនជាង១១ម៉ឺននាក់នឹងចូលរួមការប្រឡងដ៏មានសារៈសំខាន់នេះ។
លោក រ៉ុង ឈុន បានពន្យល់ថា ការអំពាវនាវរបស់លោកបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា កាលពីប្រឡងឆ្នាំមុនៗ មានភាពមិនប្រក្រតីតែងតែកើតមានឡើង អ៊ីចឹងហើយទើបនៅមុនពេលការប្រឡងឆ្នាំនេះលោកអំពាវនាវសារជាថ្មីម្តងទៀត។
ទាក់ទងទៅនឹងភាពមិនប្រក្រតីនៅពេលប្រឡងនេះដដែល ក្រុមយុវជនឯករាជ្យមួយក្រុមគ្រោងនឹងធ្វើការអង្កេតមួយនៅពេលប្រឡងខាងមុខនេះដើម្បីអោយដឹងច្បាស់ថា តើការប្រឡងមានអំពើពុករលួយដូចការចោទប្រកាន់មែនឬទេ?។ ការងារអង្កេតនោះគ្រោងនឹងសាកសួរសិស្សចំនួន៤០០នាក់នៅទីក្រុងភ្នំពេញ។
សម្រាប់លោក រ៉ុង ឈុន ការប្រឡងដែលពោរពេញទៅដោយភាពមិនប្រក្រតីវានឹងប៉ះពាល់ទៅដល់គុណភាពសិក្សា គុណភាពធនធានមនុស្ស ហើយនៅទីបញ្ចប់ធនធានមនុស្សខ្មែរមិនអាចប្រកួតប្រជែងជាមួយគេឡើយ។
កាលពីម្សិលមិញ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំដោយបញ្ជាក់ប្រាប់ថា អាចមានអ្នកគ្រប់គ្រងមណ្ឌលប្រឡងមួយចំនួនកំពុងរៀបចំផែនការធ្វើចម្លើយលក់អោយបេក្ខជនប្រឡង។ ករណីបែបនេះធ្លាប់កើតមាននៅតាមមណ្ឌលប្រឡងមួយចំនួនកាលពីឆ្នាំកន្លងទៅ។
លិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានផ្ញើជូនដល់ក្រសួងអប់រំហើយប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មពីក្រសួងអប់រំនៅឡើយទេ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ