ក្រុមស្រាវជ្រាវឯករាជត្រៀមស៊ើបអង្កេតបញ្ហាពុករលួយពេលប្រឡងបាក់ឌុប
ក្រុមអ្នកស្រាវជ្រាវឯករាជមួយក្រុមបានប្រកាសថា ពួកគេនឹងបើកយុទ្ធនាការស៊ើបអង្កេតរកអំពើពុករលួយក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសប្តាហ៍ក្រោយនេះ។ សំណូក និងភាពមិនប្រក្រតីនៅក្នុងពេលប្រឡងបាក់ឌុបត្រូវបានរិះគន់យ៉ាងខ្លាំងជារៀងរាល់ឆ្នាំដោយអង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំង។ នៅឆ្នាំនេះ មានសិស្ស១១ម៉ឺននាក់ដែលត្រូវចូលរួមប្រលងសញ្ញាបត្រទុតិយភូមិនេះ។
ការស៊ើបអង្កេតរកអំពើពុករលួយនៅក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ដែលគេហៅថាការប្រឡងបាក់ឌុបនោះ នឹងត្រូវធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវឯករាជមួយក្រុមដែលដឹកនាំដោយលោកកែម ឡី។ ជាការស្រាវជ្រាវក្នុងក្របខណ្ឌរាជធានីភ្នំពេញប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវយ៉ាងហោច ២០នាក់ នឹងឈជើងនៅក្នុងមណ្ឌលប្រលងចំនួន១០ក្នុងរាជធានីភ្នំពេញ ហើយនឹងជួបសម្ភាសន៍បេក្ខជនប្រលងដើម្បីបំពេញសំណួរប្រមាណ២០សំណួរ។
លោកកែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវឯករាជដែលមានគំនិតផ្តួចផ្តើមបើកការស្រាវជ្រាវនេះ បានពន្យល់ថា ការស្រាវជ្រាវនេះមានគោលបំណងដើម្បីបង្ហាញអោយបានច្បាស់ ថាតើវាពិតជាមានអំពើពុករលួយមែនក្នុងពេលកន្លងមក ឬយ៉ាងណា ខណៈដែលមានអង្គការ និងគណបក្សប្រឆាំងបានរិះគន់បញ្ហានេះ ហើយក្រសួងអប់រំបានច្រានចោល និងបដិសេធការរិះគន់ទាំងនេះនោះ។
លោកកែម ឡី អះអាងថា ២សប្តាហ៍ ក្រោយការស្រាវជ្រាវនេះ លោកនឹងផ្សព្វផ្សាយលទ្ធផល ជាមួយនឹងអនុសាសន៍ផ្ញើទៅក្រសួងអប់រំ។
សម្រាប់ប្រធានក្រុមអ្នកស្រាវជ្រាវដដែល ការលើកឡើង និងការរិះគន់អំពីភាពមិនប្រក្រតីក្នុងពេលប្រលងបាក់ឌុបក្នុងពេលកន្លងមក បានបង្ហាញអំពីភាពធ្ងន់ធ្ងរនៃស្ថានភាពអប់រំ ហើយប្រសិនបើវាជាការពិតនោះ គឺក្រសួងអប់រំត្រូវមានវិធានការច្បាស់លាស់។
គួរបញ្ជាក់ថា ស្របពេលដែលវិស័យបច្ចេកវិទ្យាកំពុងរីកចំរើន ទូរស័ព្ទទំនើបត្រូវបានគេប្រើប្រាស់នៅក្នុងពេលប្រឡងនេះ ដើម្បីស្វែងរកចំលើយពីខាងក្រៅ។ នេះមិនទាន់រាប់អំពីការផ្តល់លុយអោយមេប្រយោគដែលនៅតែកើតមាន។
នៅក្នុងពេលប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំនេះ មានបេក្ខជន១១ម៉ឺននាក់ដែលត្រូវប្រលងក្នុង២៥៤មណ្ឌលនៅទូទាំងប្រទេស។ ការប្រឡងនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី៨សីហា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ (2)
ធ្វើទៅបើមិនគិតថាបង្ហិនលុយ
ជូនចំពោះលោកកែម ឡី!
ខ្ញុំមិនដឹងថាលោកបានទទូលងារជាអ្នកស្រាវជ្រាវឯករាជ្យហ្នឹងពីស្ថាប័នណាមួយនោះទេ!! តែសូមលោកស្តាប់សម្តីខ្ញុំណា!! ឆ្នាំទៅខ្ញុំបានចូលប្រឡងថ្នាក់ទី១២ ហើយខ្ញុំបានចូលរួមយ៉ាងសកម្មចំពោះដំណើរការសូកលុយ និងទិញចំលើយវិញ្ញសារ ហើយសិស្សសាលាណាក៏វាដឹងដែរ!! ចឹងហើយលោកកុំចេះនឹងឃើញធ្វើអាការងារអោយបានតែល្បីឈ្មោះតែវាគ្មានប្រយោជន៍របៀបហ្នឹងអី!! វាខាតពេល និងកំលាំងទេលោក!! បើចង់ដឹងពិតមែន លោកនាំតែពួកសិស្សសកលវិទ្យាល័យ មួយថ្នាក់ហើយអោយពួកគាត់ស្បត់មុខព្រះ ហើយចាំសួរទៅ លោកនឹងដឹងហើយ!! អារឿងគេល្បីពេញប្រទេសហើយនៅមក ធ្វើស្រាវជ្រាវយកឡូយទៀត!!យ៉ាប់មែនទែនហើយអ្នកចេះដឹងស្រុកខ្មែរ
ខ្ញុំចង់ក្លាយជាសមាជិកក្នុងក្រុមអ្នកស្រាវជ្រាវឯករាជ្យ
ខ្ញុំរៀននៅសាកលវិទ្យាល័យន័រតុនជិតចប់ហើយ។ ខ្ញុំស្រលាញ់ការងារជាអ្នកស្រាវជ្រាវណាស់ ហើយខ្ញុំចង់ក្លាយជាសមាជិកក្នុងក្រុមអ្នកស្រាវជ្រាវឯករាជ្យណាស់ តើខ្ញុំត្រូវទាក់ទងខាងណាវិញ? សូមវិទ្យុបារាំងអន្តរជាតិ ជួយប្រាប់ទីតាំងការិយាល័យក្រុមស្រាវជ្រាវឯករាជ្យនេះផង។ ខ្ញុំសូមអរគុណទុកជាមុន។
ជួន សុភា
ប្រតិកម្មជុំវិញអត្ថបទនេះ