
គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានប្រកាសនៅក្នុងសប្តាហ៍នេះពីការព្រមព្រៀងគ្នាក្នុងការបង្កើតគណបក្សថ្មីមួយក្នុងពេលឆាប់ៗនេះដោយច្របាច់បញ្ចូលគ្នារវាងគណបក្សប្រឆាំងទាំងពីរ។ គោលដៅនៃការបង្កើតគណបក្សតែមួយគឺដើម្បីរួមកម្លាំងគ្នាប្រជែងជាមួយគណបក្សកាន់អំណាច។ នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកប្រឆាំងរដ្ឋាភិបាល និងអ្នកដែលចង់ឃើញតុល្យភាពអំណាចនៅកម្ពុជា។ ប៉ុន្តែ ការរួមបញ្ចូលគ្នានៃគណបក្សប្រឆាំងទាំងពីរត្រូវគេមើលឃើញថា ពិបាកនឹងចេញរួចណាស់។ តើអ្វីខ្លះជាឧបសគ្គសម្រាប់ការរួបរួមគណបក្សទាំងពីរ?
ការប្រកាសរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ថាគណបក្សប្រឆាំងទាំងពីរបានព្រមព្រៀងរួមបញ្ចូលគ្នាជាគណបក្សតែមួយបានធ្វើឲ្យអ្នកគាំទ្របក្សប្រឆាំង និងអ្នកដែលប្រាថ្នាចង់ឃើញតុល្យភាពអំណាចនៅកម្ពុជាសប្បាយចិត្ត។ សប្បាយចិត្តដ្បិតពួកគេលួចសង្ឃឹមថា អំណឹះតទៅគណបក្សប្រឆាំងអាចនឹងខ្លាំងជាងមុន។ បើទោះបីជាគណបក្សប្រឆាំងថ្មីនោះនៅមិនទាន់អាចយកឈ្នះគណបក្សកាន់អំណាចក្នុងពេលឆាប់ៗនេះក៏ដោយចុះ ក៏ប៉ុន្តែ យ៉ាងហោចណាស់ក៏បក្សប្រឆាំងអាចពង្រឹងខ្លួនបានខ្លាំងជាមុនតាមរយៈការរួមគ្នាជាកម្លាំង។
លទ្ធផលជាក់ស្តែងដែលគណបក្សទាំងពីរនេះបានបង្ហាញគឺ ការព្រមព្រៀងបង្កើតគណបក្សថ្មីមួយដែលមានលោកសម រង្ស៊ីជាប្រធាន និងលោកកឹម សុខា ជាអនុប្រធាន ហើយគណបក្សថ្មីនោះត្រូវស្ថិតនៅក្រោមយន្តការនៃគណៈកម្មការ៣គឺ គណៈកម្មការនីតិបញ្ញត្តិ, នីតិប្រតិបត្តិ និងគណៈកម្មការវិន័យ។ អ្វីដែលសំខាន់ដែរនោះគឺ ប្រធាននិងអនុប្រធានត្រូវធ្វើសេចក្តីសម្រេចតាមគោលការណ៍«ឯកច្ឆន្ទ» មានន័យថា លោកសម រង្ស៊ី និងលោក កឹម សុខា មានសិទ្ធិស្មើគ្នានៅក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងគណបក្ស។ លទ្ធផលនេះអាចចាត់ទុកថាជាជំហានសំខាន់មួយ គឺសំខាន់នៅត្រង់គោលការណ៍នៃការដឹកនាំគណបក្ស។ គោលការណ៍នេះបើទោះបីជាវាបង្ហាញពីការប្រជែងអំណាចគ្នាយ៉ាងខ្លាំងរវាងលោកសម រង្ស៊ី និងលោកកឹម សុខាក៏ដោយចុះ ក៏វាជាប្រការល្អម្យ៉ាងដែរសម្រាប់ទប់ទល់នឹងការមិនទុកចិត្តគ្នារវាងមេដឹកនាំបក្សប្រឆាំងទាំងពីរ។ រីឯ «ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ»ដែលគណបក្សទាំងពីរបានប្រកាសឡើងវាគ្រាន់តែជានយោបាយចាស់ផ្លាស់ពណ៌ថ្មី ហើយក៏នឹងមានវាសនាមិនខុសអ្វីពីសម្ពន្ធភាពបក្សប្រឆាំងកាលពីលើកមុនៗនោះឡើយ។
ដូច្នេះ សម្រាប់ក្រសែភ្នែកក្រុមអ្នកវិភាគ លទ្ធផលនៃកិច្ចចរចាក្រុងម៉ានីលគ្រាន់តែជាការព្រមព្រៀងជាគោលការណ៍សម្រាប់ចំណុចចាប់ផ្តើមនិយាយពីតំណែងមេបក្សមួយតែប៉ុណ្ណោះ។ នៅមានចំណុចស្មុគស្មាញជាច្រើនទៀតទាក់ទងនឹងរចនាសម្ព័ន្ធគណបក្សថ្មីនេះដែលមិនទាន់បានដោះស្រាយនៅឡើយ និយាយឲ្យចំគឺការស្វែងរកតុល្យភាពអំណាចនៅក្នុងគណបក្សនេះតែម្តង។
ក្រៅពីនោះគេក៏មិនត្រូវភ្លេចបញ្ហាផ្លូវច្បាប់នោះឡើយ! ការបាត់បង់កៅអីទាំងអស់នៅក្នុងរដ្ឋសភា និងក្នុងក្រុមប្រឹក្សាឃុំសង្កាត់ គឺជារឿងធ្ងន់ធ្ងរមួយ ប៉ុន្តែ រឿងនេះទំនងជាអាចទម្លុះទម្លាយបានពីព្រោះការបាត់បង់ដែលគេសង្ឃឹមថានឹងអាចប្រមូលបានមកវិញនៅក្រោយការបោះឆ្នោត ឬក៏អាចនឹងបានលើសដើមផងនោះ ជារឿងដែលគួរតែប្រថុយ។ ប៉ុន្តែ បញ្ហាដែលធំធេងជាងនេះទៅទៀតនោះគឺ លោកសម រង្ស៊ី ត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជិត១០ឆ្នាំ ក្នុងរឿងព្រំដែនដ៏ចម្រូងចម្រាស់។ ថ្វីដ្បិតតែលោកសម រង្ស៊ី ចាត់ទុកខ្លួនឯងថាគ្មានទោស ប៉ុន្តែ រដ្ឋាភិបាលក្រុងភ្នំពេញបានហៅលោកសម រង្ស៊ីថាជា«ទណ្ឌិត»ម្នាក់រួចទៅហើយ។ ច្បាប់មិនអនុញ្ញាតឲ្យ «ទណ្ឌិត» មានសិទ្ធិធ្វើនយោបាយឡើយ។ ដូច្នេះ គណបក្សប្រឆាំងថ្មីដែលមានលោកសម រង្ស៊ី ជាប្រធានច្បាស់ជាមិនអាចចេញរួចឡើយ។
នៅក្នុងបរិបទបែបនេះ មានបញ្ហាធំធេងមួយចំនួនដែលគណបក្សប្រឆាំងត្រូវដោះស្រាយចំពោះមុខ។ ដំណោះស្រាយសំខាន់បំផុតគឺ លោកសម រង្ស៊ីត្រូវរិះរកមធ្យោបាយបញ្ចប់បញ្ហាជាមួយតុលាការជាមុនសិនដើម្បីទទួលបាននីតិសម្បទារឡើងវិញ។ ប្រសិនបើមិនដូច្នោះទេ លោកសម រង្ស៊ីប្រហែលជាត្រូវប្រថុយលះបង់តំណែងប្រធានគណបក្សថ្មីមួយរយៈសិនរហូតពេលណាដែលលោកអាចវិលចូលឆាកនយោបាយវិញដោយស្របច្បាប់។ ទាំងនេះជាជម្រើសទ្វេគ្រោះដែលទាមទារឲ្យមានការលះបង់ និងការប្រថុយប្រថានខ្លាំងបំផុតនៅក្នុងបេសកកម្មបង្រួបបង្រួមគណបក្សប្រឆាំង។ ក្នុងស្ថានភាពដ៏ស្មុគស្មាញ រីឯការបោះឆ្នោតក៏កាន់តែកៀកណាស់ទៅហើយនោះ តើអាចទៅរួចដែរឬទេដែលគណបក្សប្រឆាំងថ្មី អាចបង្ហាញខ្លួនសម្រាប់ការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣ ខាងមុខ?

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ