អានតួអត្ថបទ
កម្ពុជា

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ​បណ្តេញ​មន្ត្រី៦រូប​ចេញ​ពី​បក្ស​

ទំនាស់​ផ្ទៃក្នុង​គណបក្ស ​នរោត្តម រណឫទ្ធិ ជុំវិញ​ការបង្រួប​បង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កំពុងតែ​តានតឹង​ខ្លាំង​ឡើង​ហើយ​នៅពេលនេះ។ ​ទំនាស់​បាន​ឡើង​កម្តៅ​បន្ទាប់ពី​សម្តេច​ក្រុមព្រះ​នរោត្តម ​រណឫទ្ធិ ​បាន​បណ្តេញ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស៦រូប​ចេញពី​តំណែង​ក្រោយពី​មន្ត្រី​ទាំងនោះ​បាន​លួច​ទៅ​ចរចា​ជាមួយ​លោក​ញ៉ឹក ប៊ុនឆៃ និង​មានបំណង​ផាត់​ព្រះអង្គ​ចេញពី​ឆាក​នយោបាយ។ ​ប៉ុន្តែ​អ្នក​ដែល​ត្រូវគេ​បណ្តេញ​ពី​បក្ស​ទាំងនោះ​ប្រកាស​តតាំង​ជាមួយ​សម្តេច​ក្រុមព្រះ ហើយ​ចោទ​ព្រះអង្គ​ថា​បាន​រំលោភ​លក្ខន្តិកៈ​គណបក្ស។ 

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ​បណ្តេញ​មន្ត្រី៦រូប​ចេញ​ពី​បក្ស​
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ​បណ្តេញ​មន្ត្រី៦រូប​ចេញ​ពី​បក្ស​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

 

លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា​ លោក​នឹងមិន​ព្រម​ដើរ​ចេញពី​គណបក្ស​ឡើយ​បើទោះបីជា​លោក​ត្រូវបាន​សម្តេច​ក្រុមព្រះ​បណ្តេញ​ចេញ​ពីមុខ​តំណែង​ក៏ដោយ។​ ផ្ទុយទៅវិញ លោក​បានប្រកាស​តតាំង​ជាមួយ​ព្រះអង្គ ​តាមផ្លូវ​ច្បាប់។ ​លោក​សៅ រ៉ានី បាន​ចោទ​ប្រធាន​គណបក្ស​របស់ខ្លួន​ថា​បានធ្វើ​សេចក្តី​សម្រេច​ដោយ​បំពាន​បទបញ្ជា​ផ្ទៃក្នុង​និង​លក្ខន្តិកៈ​គណបក្ស។
លោក សៅ រ៉ានី រួមទាំង​មន្ត្រី ៥ នាក់ផ្សេងៗទៀត ត្រូវបាន​សម្ដេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ​ចុះហត្ថលេខា​បញ្ចប់​តួនាទី​ពី​គណបក្ស ​នៅ​ថ្ងៃទី២០ ​ខែកក្កដា ​ម្សិលមិញ​ បន្ទាប់ពី​មន្ត្រី​ទាំង​នោះ​ បាន​ទៅ​ចរចា​ស្ងាត់ៗ​ជាមួយ​លោក ញ៉ឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច ស្តីពី​ការបង្រួប​បង្រួម​គណបក្ស​រាជានិយម​ទាំងពីរ។ ​ក្រោយ​ការចរចា​ដែល​មិនបាន​ផ្តល់​ដំណឹង​ដល់​ប្រធាន​គណបក្ស លោក​សៅ រ៉ានី ​ថែមទាំង​បាន​សុំ​ឲ្យ​សម្ដេច​ក្រុមព្រះ​យាង​ចេញពី​ឆាក​នយោបាយ​មួយរយៈ​ទៀតផង​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​រូបលោក​ដោះស្រាយ​បញ្ហា។ ​នេះ​ជា​កម្មវត្ថុ​នៃ​ការបណ្តេញ​នេះ។

មន្ត្រី​ទាំង៦នាក់​ដែល​សម្តេច​ក្រុមព្រះ​បណ្តេញ​ចេញពី​គណបក្ស​រួមមាន៖ ​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​ រួមទាំង​អគ្គលេខាធិការរង​៤រូប​គឺ ​លោក ផែង ហេង, ​លោក ឃឹម សិលា, ​លោក ថាវ គីមឡុង,និង លោក ឡុង លីម។ ​ចំណែក​មនុស្ស​ទី៦គឺ លោក យស់ សូលី សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស នរោត្តម រណឫទ្ធិ។ ប៉ុន្តែ លោក សៅ រ៉ានី អះអាងថា​ រូបលោក​ត្រូវបាន​តែងតាំង​ដោយ​គណៈកម្មាធិការ​នាយក និង​សម្រេច​ដោយ​អង្គសមាជ​គណបក្ស ​ដូច្នេះ ​សម្តេច​ក្រុមព្រះ​មិនអាច​សម្រេច​ដក​រូបលោក​បែបនេះ​បានឡើយ។​ បើតាម​លោក សៅ រ៉ានី ​សកម្មជន​ គណបក្ស ​ នរោត្តម រណឫទ្ធិ​ជាច្រើន​មកពី​បណ្តា​ខេត្ត​នឹង​ឡើងមក​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស​ក្រុងភ្នំពេញ​នៅ​ថ្ងៃស្អែក​នេះ​ដើម្បី​គាំទ្រ​រូបលោក។

ជម្លោះ​បែកបាក់​គណបក្ស ​ នរោត្តម រណឫទ្ធិ​បាន​កើតឡើង​ក្រោយពី​បរាជ័យ​នៃ​ការបង្រួប​បង្រួម​គ្នា​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី២៤ឧ​សភា​រវាង​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ជាមួយ​លោក ញ៉ឹក ប៊ុនឆៃ​ក្រោម​ការជួយ​សម្របសម្រួល​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​ សម្តេច​ក្រុមព្រះ​ និង​លោក​ញ៉ឹក ប៊ុនឆៃ បាន​ចោទ​គ្នា​ទៅវិញទៅមក​ថា​ជាដើម​ហេតុ​នៃ​បរាជ័យ​នេះ។ ​យ៉ាងណា​ក៏ដោយ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គាំទ្រ​លោក​ញ៉ឹក ប៊ុនឆៃ និង​បាន​ស្តី​បន្ទោស​សម្តេចក្រុមព្រះ​យ៉ាងខ្លាំង​ និង​ជា​សាធារណៈ។ ​បន្ទាប់មក​ស្រាប់តែ​លេចចេញ​ព័ត៌មាន​នៃ​ការ​បង្រួបបង្រួម​គណបក្ស​រាជានិយម​ដោយ​គ្មាន​សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ​ទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ