កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 10 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 10 សីហា 2012

រកឃើញ​រូបថត​អ្នកទោស​ទួលស្លែង​១២០០​សន្លឹក​ទៀត​

គុកទួលស្លែង​ត្រូវ​បាន​ប្រែក្លាយ​ជា​សារមន្ទីរ​បង្ហាញ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​​របស់​ពួកខ្មែរក្រហម
គុកទួលស្លែង​ត្រូវ​បាន​ប្រែក្លាយ​ជា​សារមន្ទីរ​បង្ហាញ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​​របស់​ពួកខ្មែរក្រហម

ដោយ លាង ដឺលុច


មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទើប​ទទួល​បាន​រូបថត​អតីត​អ្នកទោស​ទួលស្លែង​១២០០​សន្លឹក​ថ្មី​ទៀត​ដែល​ស្ត្រី​ម្នាក់​បាន​រក្សា​ទុក​តាំង​ពី​ឆ្នាំ​១៩៩២ ហើយ​ទើប​ប្រគល់​អោយ​លោក​ឆាំង យុ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក្នុង​ពេល​ថ្មីៗ​នេះ។ លោក​ឆាំង យុ​បាន​អត្ថាធិប្បាយ​ថា រូបថត​ទាំង​នេះ​ដែល​លោក​នឹង​ប្រគល់​អោយ​សារមន្ទីរ​ទួលស្លែង​នឹង​ជួយ​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​ដែល​មាន​បងប្អូន​បាត់​ខ្លួន​ក្នុង​របប​ខ្មែរ​ក្រហម។

សេចក្តីរាយ​ការណ៍​របស់​​ លាង ដឺលុច
 

10/08/2012

ស្ត្រី​ម្នាក់​ដែល​គេ​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​បាន​នាំ​យក​រូបថត​អតីត​អ្នក​ទោស​នៅ​មន្ទីរ​ស ២១ ឬ​គុក​ទួលស្លែង​ចំនួន​១២០០​សន្លឹក​ទៅ​អោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។ ​រូបថត​ដ៏​ច្រើន​នេះ​នឹង​ជួយ​ពលរដ្ឋ​អោយ​រក​ឃើញ​ញាតិ​សណ្តាន​របស់​ពួក​គេ​ដែល​បាន​បាត់​ខ្លួន​ក្នុង​របប​ខ្មែរ​ក្រហម​។
 
លោក​ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​អត្ថាធិប្បាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ថា ការ​រក​ឃើញ​រូបថត​ទាំង​១២០០​សន្លឹក​នេះ ពិត​ជា​មាន​សារៈប្រយោជន៍​យ៉ាង​ខ្លាំង។​លោក​ឆាំង យុ​បន្ត​ថា ខុស​ពី​រូបថត​ដែល​មាន​បិត​នៅ​សារៈទួលស្លែង​សព្វថ្ងៃ រូប​ថត​ថ្មី​ទាំង​នេះ​មាន​សរសេរ​ព័ត៌មាន​មួយ​ចំនួន​នៅ​លើ​ខ្នង​រូបថត​រួម​មាន ឈ្មោះ និង​ពេល​វេលា​នៃ​ការ​ចាប់​ខ្លួន។
 
មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​ផ្សព្វផ្សាយ​រូបថត​ទាំងនេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន មុន​នឹង​ផ្តល់​ទៅ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង។​ បើ​តាម​ការ​អះអាង​របស់​លោក​ឆាំង យុ ស្ត្រី​ដែល​បាន​សម្រេច​ចិត្ត​ប្រគល់​រូប​ថត​ទាំង​នេះ​មក​អោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​របស់​លោក​នោះ បាន​មាន​រូបថត​ទាំង​នេះ​តាំង​ពី​ឆ្នាំ​១៩៩២​មក​ម្លេះ។ ពោល​គឺ​នៅ​ពេល​នោះ គឺ​នៅ​ពេល​ដែល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​លើក​ដំបូង​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​ខ្មែរ​ក្រហម​ដែរ​នោះ លោកស្រី​ដែល​ជា​មន្ត្រី​រាជការ​មួយ​រូប​នៅ​ក្នុង​ក្រសួង​មួយ បាន​លាក់​ទុក​រូបថត​ទាំង​នេះ​ដោយសារ​លោកស្រី​បារម្ភ​ខ្លាច​ថា រដ្ឋាភិបាល​នឹង​អាច​បំផ្លាញ​រូបថត​ទាំងនោះ​ចោល ​ក្រោម​ហេតុផល​នៃ​ការ​ផ្សះផ្សារ​ជាតិ។
ប៉ុន្តែ លោកស្រី​ទើប​សម្រេច​ចិត្ត​ចុងក្រោយ​នេះ​ថា​ប្រគល់​រូបថត​ទាំង​នេះ​មក​អោយ​មជ្ឈណ្ឌល​ឯកសារ​កម្ពុជា​នេះ គឺ​បន្ទាប់​ពី​លោកស្រី​បាន​ទទួល​ព័ត៌មាន​មួយ​កាល​សប្តាហ៍​មុន​ស្តី​ការ​រកឃើញ​រណ្តៅ​សាកសព​ថ្មី​នៅ​ក្នុង​ខេត្ត​សៀមរាប​។
 
មន្ទីរ​ស ២១ ឬ​គុក​ទួលស្លែង​គឺ​កន្លែង​ធ្វើ​ទារុណកម្ម​អ្នកទោស​មុន​នឹង​បញ្ជូន​យក​ទៅ​សម្លាប់​នៅ​ជើងឯក។ មាន​មនុស្ស​យ៉ាងហោច​ណាស់​១២០០០នាក់​ដែល​ភាគច្រើន​ជា​បញ្ញវ័ន្ត​ត្រូវ​បាន​ឃុំឃាំង​និង​សួរ​ចម្លើយ​នៅ​ទី​នេះ។ ហើយ​ចុងក្រោយ​នោះ មាន​មនុស្ស​តែ​៥ ទៅ​៦​នាក់​ប៉ុណ្ណោះ​ដែល​រួច​ផុត​ពី​ការ​សម្លាប់​នៅ ក្នុង​គុក​ទួលស្លែងនេះ៕

tags: កម្ពុជា - ខ្មែរក្រហម - នយោបាយ - ប្រល័យពូជសាសន៍
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

តើវាអាចជារឿងប្រឌិតថ្មីដែលឬទេ?

តើវាអាចជារឿងប្រឌិតថ្មីដែលឬទេ?

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close