លោក ប៉ូស៊ីឡៃ ៖ អស់អភ័យឯកសិទ្ធសភាភ្លាម ជាប់ចោទភ្លាម

បន្ទាប់ពីត្រូវបានបណ្តេញចេញ ពីសមាជិកសភា និងអស់អភ័យឯកសិទ្ធិសភាភ្លាម លោក ប៉ូស៊ីឡៃ (Bo Xilai) ត្រូវបានចោទប្រកាន់ ជាផ្លូវការ នៅល្ងាចថ្ងៃសុក្រទី ២៦ តុលា ឆ្នាំ២០១២ ពីបទប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចខុសច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មី។
លោក ប៉ូ ស៊ីឡៃ (Bo Xilai) ជាអតីតអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ប្រចាំខេត្តចុងឈីង ជាអតីតឥស្សរជននយោបាយចិន ដ៏មានប្រជាប្រិយភាព ដែលបានសំឡឹងចង់បានតួនាទីកំពូលផង។ ប៉ុន្តែ នៅខែមេសាឆ្នាំ២០១២នេះ ដូចផ្ទុះគ្រាប់បែកបរមាណូ លោក ប៉ូស៊ីឡៃ ត្រូវចាប់ខ្លួន ដកចេញពីតំណែងអភិបាលខេត្តចុងឈីង ដកចេញបក្ស និងដកចេញពីសភាទៀត។ ទាំងនេះ បញ្ជាក់យ៉ាងច្បាស់អំពីការប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម នៅក្នុងជួរបក្សកុម្មុយនិស្តចិន ដើម្បីដណ្តើមតំណែងដែលមានអំណាចបំផុត នៅប្រទេសចិន។ មានអាយុ ៦៣ឆ្នាំ ជាប់ឃុំក្នុងកន្លែងដ៏សម្ងាត់ លោក ប៉ូស៊ីឡៃ ពេលនេះត្រូវជាប់ចោទជាផ្លូវការ ពីបទប្រព្រឹត្តអំពើពុករលួយ ប្រើអំណាចខុសច្បាប់ មានប្រពន្ធច្រើន …
អាជ្ញាធរប៉េកាំង សង្ស័យផងដែរ ថាលោក ប៉ូស៊ីឡៃ ជាអ្នកបិទបាំងអំពើឃាតកម្មលើជនជាតិអង់គ្លេស ដែលជាស្នាដៃរបស់អ្នកស្រី ហ្គូកៃឡៃ និងដែលតុលាការចិនបានកាត់ទោសប្រហារជីវិតដោយព្យួរទោសរួចទៅហើយកាលពីខែមុន។ នៅវេលានេះ ដំណើរការនីតិវិធីកំពុងចាប់ផ្តើម ប៉ុន្តែ គេពុំទាន់ដឹងនៅឡើយអំពីការបរិច្ឆេទនៃសវនាការកាត់ទោសលោក ប៉ូស៊ីឡៃទេ។ អ្នកសង្កេតការណ៍មួយភាគធំ យល់ថា ទំនងជានឹងប្រព្រឹត្តទៅនៅក្រោយសមាជបក្សលើកទី ១៨ ដែលគ្រោងធ្វើនៅថ្ងៃទី៨ វិច្ឆិកា សប្តាហ៍ក្រោយ។
ចំពោះប៉េកាំង សវនាការនេះ គឺជាអាវុធមួយ សម្រាប់យកទៅបង្ក្រាបសកម្មជនគាំទ្រលោកប៉ូស៊ីឡៃ។ លោកប៉ូស៊ីឡៃ ដែលធ្លាប់ជាបុគ្គលលេចធ្លោខ្លាំង មាននិន្នាការនយោបាយ តាមបែបមៅនិយម តែងសំអាងទៅក្រុមអ្នកគាំទ្រឆ្វេងនិយម ជាសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ សកលវិទ្យាល័យ និងអតីតមន្ត្រីបក្សកុម្មុយនិស្តចិន។ ក្រុមនេះ បានហ៊ានដល់ទៅសរសេរលិខិតចំហមួយ កាលពីសប្តាហ៍មុន ស្នើសុំសភាមិនដកលោក ប៉ូស៊ីឡៃ ចេញពីសមាជិកសភា។ ប៉ុន្តែគណៈកម្មការអចិន្ត្រែយ៍សភាបានច្រានចោល និងប្រកាសបណ្តេញលោក ប៉ូស៊ីឡៃ នៅថ្ងៃសុក្រម្សិលមិញចេញពីសមាជិកសភា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ