លោកប៉ូស៊ីឡៃ ខ្ទាតចេញពីបក្ស ថ្ងៃប្រកាសកាលបរិច្ឆេទបើកមហាសន្និបាត

លោក ប៉ូស៊ីឡៃ អតីតមេបក្សកុម្មុយនិស្តខេត្តចុងឈីង និងជាឥស្សរជននយោបាយដ៏សំខាន់ម្នាក់ ដែលបានបង្កឱ្យផ្ទុះរឿងអាស្រូវក្នុងជួរបក្ស ត្រូវខ្ទាតចេញពីបក្សកុម្មុយនិស្តតែម្តង និង ត្រូវជាប់ចោទទៀត ពីបទប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយធំ និងមានស្រីញីច្រើន ព្រមទាំងបានប្រើប្រាស់អំណាចហួសហេតុ ស៊ុមគ្រលំលាក់បាំងសំណុំរឿងឃាតកម្ម។ ដំណឹងបញ្ជូនលោកប៉ូស៊ីឡៃទៅតុលាការនេះ ធ្លាក់មកជួនចំពេល បក្សកុម្មុយនិស្តចិនប្រកាស កាលបរិច្ឆេទបើកមហាសន្និបាត ជ្រើសរើសប្រមុខដឹកនាំថ្មី នៅថ្ងៃទី៨វិច្ឆិកា។
លោក ប៉ូ ស៊ីឡៃ ដែលជាប្រភពនៃរឿងអាស្រូវដ៏ធំបំផុតមួយក្នុងជួរបក្សកុម្មុនិស្តចិន ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន នៅចំពោះមុខតុលាការ ! នេះ ជាការសេចក្តីប្រកាសរបស់ការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ដែលជាការបិទបញ្ចប់ភាពស្រពេចស្រពិលទាំងឡាយជុំវិញភាពយឺតយាវនៃការកំណត់ថ្ងៃបើកមហាសន្និបាតបក្ស។
ជាអតីតអភិបាលក្រុង និងប្រធានបក្សចុងឈីង លោក ប៉ូ ស៊ីឡៃ ត្រូវឃុំខ្លួននៅទីសំងាត់មួយតាំងពីខែមេសាឆ្នាំ២០១២មក ថ្ងៃដែលអាជ្ញាធរចិនបានដកលោកចេញពីតំណែង។ ការបង្ហាញមុខនៅក្នុងអង្គសវនាការ ឬអត់នោះ មិនទាន់ត្រូវបានអារកាត់នៅឡើយទេ។ ប៉ុន្តែដើម្បីអាចទៅប្រឈមមុខនៅតុលាការស៊ីវិល (មិនមែនតុលាការបក្ស) លោក ប៉ូ ស៊ីឡៃ ត្រូវបណ្តេញចេញពីសមាជិកបក្សសិន។
បើតាមទីភ្នាក់ងារចិនថ្មី លោក ប៉ូ ស៊ីឡៃ ត្រូវជាប់ចោទ ពីបទប្រព្រឹត្តអំពើពុករលួយគ្រប់សណ្ឋាន មានទំនាក់ទំនងស្នេហាមិនស្មោះត្រង់ មានប្រពន្ធច្រើន និងបានប្រព្រឹត្តកំហុសការងារធ្ងន់ធ្ងរ ប្រើអំណាចជ្រុលហួសហេតុ ដើម្បីលាក់បាំងអំពើឃាតកម្មរបស់ ហ្គូ កៃឡៃ ជាប្រពន្ធដែលបានដាក់ថ្នាំសម្លាប់ពាណិជ្ជករជនជាតិអង់គ្លេស៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ