អានតួអត្ថបទ
ភូមា

កំណែ​ទម្រង់​នយោបាយ នាំ​ភូមា​ឱ្យ​រួច​ទាំង​ទណ្ឌកម្ម ទាំង​បំណុល

សហភាព​អឺរ៉ុប នឹង​ព្យួរ​ទណ្ឌកម្ម​ទាំង​អស់​ ដែល​បាន​ដាក់ប្រឆាំង​នឹង​ភូមា​តាំង​ពី​ឆ្នាំ​១៩៩៦​មក លើក​លែង​តែ​ទណ្ឌកម្ម​​ទិញ​ដូរ​អាវុធ​យុទ្ធភ័ណ្ឌ​ចេញ ចាប់​ពី​ថ្ងៃ​ទី​២៣​មេសា​ទៅ​ សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ។ ចំណែ​កជប៉ុន​វិញ នឹង​ប្រកាស​លុប​បំណុល​ដែល​ភូមា​ជំពាក់​ជាង​បីពាន់​លាន​យ៉េន​ចោល នា​ឱកាស​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​ភូមា​នៅ​ទីក្រុង​តូក្យូ ចុង​សប្តាហ៍​នេះ។

លោក​ប្រធានាធិបតី​ភូមា​ (ឆ្វេង) និង​ព្រះ​ចៅ​អធិរាជជប៉ុន
លោក​ប្រធានាធិបតី​ភូមា​ (ឆ្វេង) និង​ព្រះ​ចៅ​អធិរាជជប៉ុន © Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​​ភូមា​ ធេន សេន ជា​ប្រមុខ​រដ្ឋ​ភូមា​ទី​មួយ ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន ក្នុង​រយៈ​ពេល​២៨​ឆ្នាំ​ចុង​ក្រោយ។ ជា​ទស្សនកិច្ច​ដែល​មាន​គោល​ដៅ​ស្វែង​រក​ការវិនិយោគ​ ប៉ុន្តែ​​នា​ឱកាស​ជំនួប​រវាង​​​នាយករដ្ឋមន្ត្រីជប៉ុន​ជាមួយ​លោក​ប្រធានាធិបតី​ភូមា ជប៉ុន​ទំនង​ជា​នឹង​ប្រកាស​លុប​បំណុល​​ ដែល​ភូមា​ជំពាក់​ជប៉ុន ទាំង​ការ​ ទាំង​ដើម ចោ​ល​ទាំង​ស្រុង ព្រម​ទាំង​ផ្តល់​ប្រាក់​កម្ចី​ ដើម្បី​អភិវឌ្ឍន៍​​ផ្លូវថ្នល់ ផ្លូវដែក និង​កំពង់​ផែ ក្នុង​ទឹកប្រាក់​ដែល​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

 
ក្រៅពី​ការ​ចាប់​ផ្តើម​ចេញ​មុខ​លើ​ឆាក​អន្តរជាតិ​របស់​ប្រមុខ​រដ្ឋ លោកស្រី​អ៊ុង សានស៊ូជី ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ ដែល​អាក់ខាន​មិន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ ព្រោះ​ខា្លច​របប​សឹក​ឆ្លៀត​និរទេស​លោកស្រី​រហូត​នោះ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ន័រវេស​ និង​អង់គ្លេស​ ​ជា​លើក​ទី​មួយដែរ នៅ​ខែ​មិថុនា ឆ្នាំ​២០១២។ ទស្សនកិច្ច​របស់​ លោកស្រី​​នេះ​ បញ្ជាក់​ថា​ពីទំនុក​ចិត្ត​លើ​ការ​ធ្វើ​កំណែ​ទម្រង់។ ការ​ធ្វើ​កំណែ​ទម្រង់​ពិតៗ​របស់​រដ្ឋាភិបាល​ស៊ីវិល​ភូមា​បាន​នាំ​មក​នូវ​ផ្លែផ្កា​ យ៉ាង​ទាន់ហន់។

បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក ដែល​បាន​លើក​ទណ្ឌកម្ម​ប្រឆាំង​នឹង​ភូមា​​ ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ចេញ ដល់​វេន​សហភាព​អឺរ៉ុប​ម្តង​ដែល​នឹង​ត្រូវ​ប្រកាស​អនុម័ត​ជា​ផ្លូវការ​ ព្យួរ​ ឈប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ភូមា មួយ​ឆ្នាំ។

កិច្ច​ព្រម​ព្រៀង​​​​​ព្យួរ​ទណ្ឌកម្ម​ ទាំង​អស់ លើក​លែង​តែ​ទណ្ឌកម្ម​ទិញ​ដូរ​អាវុធ​ចេញ នឹង​ត្រូវ​ផ្តល់​សច្ចាប័ន​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ នៅថ្ងៃ​​ចន្ទ​ទី​២៣​មេសា​។ សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​ភូមា តាំង​ពី​ឆ្នាំ​១៩៩៦​មក ក្រោយ​ពេល​​ដែល​រដ្ឋាភិបាល​សឹក​ភូមា​បាន​ចាប់​ឃុំ​ឃាំង​លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង​ អ៊ុង សានស៊ូជី។

ទណ្ឌកម្ម​ដែល​អឺរ៉ុប​ដាក់​លើ​ភូមា​ មាន​អាទិ៍
-          ទណ្ឌកម្ម​លើក​ការ​ទិញ​ដូរ​អាវុធ​យុទ្ធភណ្ឌ
-          ​ ហាមឃាត់​មិន​ឱ្យ​ មនុស្ស​ស្និទ្ធ​នឹង​របប​សឹក ចំនួន​៤៩១​នាក់​ ​ធ្វើ​ដំណើរ​មក​អឺរ៉ុប
-          បិទ​ខ្ទប់​ទ្រព្យ​សម្បតិ្ត​ពួក​គេ​នៅ​បរទេស
-          ហាម​ឃាត់​មិន​ឱ្យ​ក្រុមហ៊ុន​ និង​អង្គការ​អឺរ៉ុប​ធ្វើ​វិនិយោគ​ ឬ​ទាក់ទង​ជាមួយ​នឹង​ក្រុមហ៊ុន​រដ្ឋ​ភូមា​
-          ហាមឃាត់​មិន​ឱ្យ​នាំ​ ​ព្រៃឈើ រ៉ែ​ ត្បូង​ថ្ម​មាន​តម្លៃ​ ចូល​អឺរ៉ុប
-          ផ្តល់​ជំនួយ​មាន​កំរិត
មួយ​ឆ្នាំ​ក្រោយ​ការធ្វើ​កំណែ​ទម្រង់​ដ៏​អស្ចារ្យ​ និង​ដែល​ពុំ​គួរ​ឱ្យ​ជឿ​ពីមុន​មក សហភាព​អឺរ៉ុប នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ សុខ​ចិត្ត​ព្យួរ​ទណ្ឌកម្ម ជា​ជាង​លើក​ចេញ​ទាំង​ស្រុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ