អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកអូបាម៉ា​លើកចេញ​នូវ​ទណ្ឌកម្ម​ខ្លះៗ​ពាក់ព័ន្ធ​នឹង​វិនិយោគ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​សម្រេច​លើកចេញ​នៅថ្ងៃ​ព្រហស្បតិ៍​ទី១៧​ឧសភា​ឆ្នាំ២០១២​នូវ​ គំនាប​​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ការបោះទុន​ធ្វើ​វិនិយោគ​នៅក្នុង​ប្រទេស​ភូមា​ ​ ក៏​ប៉ុន្តែ​រក្សា​ទុក​នូវ​ក្របខ័ណ្ឌ​គតិយុត្តិ​នៃ​ទណ្ឌកម្ម។​ ទីក្រុង​វ៉ាស៊ីនតោន​បាន​សម្រេច​ពុំ​ធ្វើតាម​សហភាព​អឺរ៉ុប​ដែល​បាន​ព្យួរ​ទណ្ឌកម្ម​ប្រឆាំង​នឹង​ទីក្រុង​រ៉ង់ហ្គូន​សម្រាប់​រយៈកាល​មួយឆ្នាំ​ គិតតាំង​ពី​ខែ​មេសា​កន្លងទៅនេះ។តើហេតុ​អ្វី​បាន​ជា​រដ្ឋបាល​អាមេរិក​ធ្វើ​យ៉ាងដូច្នេះ?

លោក​ប្រធានាធិបតី​​​អូបាម៉ា​​បាន​សម្រេច​​លើកចេញ​​​នូវ​​គំនាប​​​ខ្លះៗ​​ពាក់ព័ន្ធ​​នឹង​​ការបោះទុន​​ធ្វើ​វិនិយោគ​​នៅក្នុង​​ប្រទេស​​ភូមា​ ​
លោក​ប្រធានាធិបតី​​​អូបាម៉ា​​បាន​សម្រេច​​លើកចេញ​​​នូវ​​គំនាប​​​ខ្លះៗ​​ពាក់ព័ន្ធ​​នឹង​​ការបោះទុន​​ធ្វើ​វិនិយោគ​​នៅក្នុង​​ប្រទេស​​ភូមា​ ​ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

 

បានជា​រដ្ឋបាល​អាមេរិក​បាន​សម្រេច​លើកចេញ​នៅថ្ងៃ​ព្រហស្បតិ៍​ទី១៧​ឧសភា​ឆ្នាំ២០១២​ នូវ​គំនាប​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ការបោះទុន​ធ្វើ​វិនិយោគ​នៅក្នុង​ប្រទេស​ភូមា​ ​ មកពី​សហរដ្ឋ​អាមេរិក​នៅ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ ​ ហើយ​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​យល់ថា ​ ​“​ការវិវឌ្ឍន៍​ជាវិជ្ជមាន​នៃ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន​នៅមាន​លក្ខណៈ​តិចតួច​ពុំ​ទាន់​គ្រប់គ្រាន់។​ ពិតមែនតែ​រដ្ឋាភិបាល​ភូមា​បាន​ខិតខំ​ធ្វើ​ការ​កែ​ទម្រង់​នៅក្នុង​វិស័យ​ជាច្រើន​ ​ មានដូចជា​ការដោះលែង​អ្នកទោស​នយោបាយ​ភូមា​ជាច្រើន​រយនាក់​ ​ ធ្វើការ​ចរចា​ពី​ការ​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុម​កុលសម្ព័ន្ធ​ប្រដាប់​អាវុធ​ជាច្រើន​ក្រុម​ក្តី​ ​ ហើយនិង​ធ្វើការ​ចរចា​ជាមួយ​ក្រុម​បក្ស​ប្រឆាំង​ភូមា​សំខាន់ៗ​ ​ ដើម្បី​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ភូមា​ក៏​ដោយ”។

“សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​គាំទ្រ​ការខិតខំ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន។​ ក៏​ប៉ុន្តែ​ស្ថានភាព​នៅ​ប្រទេស​ភូមា​នៅតែ​ជាការ​គំរាម​មួយ​ដល់​សន្តិសុខ​ជាតិ​និង​ដល់​នយោបាយ​ក្រៅ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក”។​ នេះ​ជាការ​ថ្លែង​បញ្ជាក់​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា។

គួរ​បញ្ជាក់ថា​ ​ ប្រមុខ​បក្ស​ប្រឆាំង​ភូមា​លោកស្រី​អ៊ុងសាន​ស៊ូជី​បាន​ព្រមាន​ប្រាប់​រដ្ឋបាល​អាមេរិក​កាលពី​ថ្ងៃពុធ​ទី១៦​ឧសភា​កន្លងទៅ​តាម​វីដេអូ-សន្និសីទ​ថា​ ​ “ទីក្រុង​វ៉ាស៊ីនតោន​ពុំ​ត្រូវ​មាន​ទស្សនៈ​វិជ្ជមាន​ខ្លាំងពេកទេ”។​ ហើយ​លោកស្រី​បក្ស​ប្រឆាំង​ភូមា​បាន​ថ្លែង​ប្រាប់​ទៀតថា​ “អភិក្រម​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ភូមា​ក៏​ពុំមែន​ច្បាស់ជា​មាន​ដំណើរ​ឈាន​ទៅមុខ​រៀងរហូត​នោះឡើយ”។

សាររបស់​ប្រមុខ​បក្ស​ប្រឆាំង​ភូមា​លោកស្រី​អ៊ុងសាន​ស៊ូជី​នេះ​បាន​ត្រូវ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ទទួល​យល់​ស្រប​តាម​ទាំងស្រុង​ ​ ដូច្នេះហើយ​បានជា​រដ្ឋបាល​របស់​លោក​អូបាម៉ា​នៅ​រក្សា​ទុក​ជា​ធរមាន​នូវ​ទណ្ឌកម្ម​សម្រាប់​ដាក់​ជា​យថាហេតុ​ទៅលើ​ទីក្រុង​រ៉ង់ហ្គូន។​ ក៏ប៉ុន្តែ​លោកអូបាម៉ា​បាន​លើក​ចេញ​នូវ​គំនាប​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ការបោះទុន​ធ្វើ​វិនិយោគ​ ​ ដើម្បី​អនុញ្ញាត​ឲ្យ​សហគ្រាស​អាមេរិកាំង​មួយ​ចំនួន​អាច​ទៅ​ប្រកប​អាជីវកម្ម​នៅ​ប្រទេស​ភូមា។

ដូច្នេះ​ ទាំងនេះ​ក៏​ជា​វីធី​មួយ​សម្រាប់​ជួយ​ជំរុញ​ឲ្យ​ទីក្រុង​រ៉ង់ហ្គូន​បន្ត​ដំណើរ​កែ​ទម្រង់​ដើម្បី​ឈាន​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ​ ​ ហើយក៏ជា​ចម្លើយ​ឆ្លើយតប​មួយដែរ​ធ្វើ​ទៅកាន់​វិនិយោគិន​អាមេរិកាំង​ដែល​បារម្ភ​ខ្លាច​បាត់បង់​ទីផ្សារ​ភូមា​ដ៏​សក្តានុពល​ ហើយ​ដែល​កំពុង​តែ​ស្គាល់​ការ​ដណ្តើម​ចង់បាន​ដោយ​គូប្រជែង​មកពី​ទ្វីប​អឺរ៉ុប​និង​ទ្វីប​អាស៊ី។

ហើយនៅទី​បំផុត​ នៅថ្ងៃ​ព្រហស្បតិ៍​ទី១៧​ឧសភា​ឆ្នាំ២០១២​ម្សិលមិញ​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ក៏​បាន​តែងតាំង​លោក​ Derek Mitchell ​អ្នកជំនាញ​ខាង​កិច្ចការ​អាស៊ី​ ធ្វើជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ភូមា។​ លោក​ Derek Mitchell ​ដែលបាន​ខិតខំ​កាលពី​ឆ្នាំទៅ​ជំរុញ​ឲ្យមាន​ការខិត​ជិត​រកគ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ភូមា។

ដូច្នេះ​ បើ​ប្រសិនជា​មាន​ការ​យល់ព្រម​ពី​សំណាក់​ព្រឹទ្ធសភា​អាមេរិក​ ​ នោះ​ លោក​ Derek Mitchell ​នឹង​ត្រូវ​ក្លាយ​ទៅជា​អ្នកការទូត​អាមេរិក​ទីមួយ​ដែល​នឹង​ឡើងមក​​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិកាំង​ប្រចាំ​ប្រទេស​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ