ស៊ីរី៖ លោក បាស្ហារ អាល-អាសាដសន្យាកម្ទេចពួកប្រឆំាងតាមគ្រប់មធ្យោបាយ តែអៀរ៉ង់ចង់បានដំណោះស្រាយតាមផ្លូវចរចា
ដំណោះស្រាយឲ្យជម្លោះនៅក្នុងប្រទេសស៊ីរីនឹងត្រូវធ្វើឡើងតាមផ្លូវនយោបាយ គឺមិនមែនតាមផ្លូវយោធានោះទេ នេះជាសេចក្តីប្រកាសរបស់បេសកជនអៀរ៉ង់នៅថ្ងៃអាទិត្យ ទី២៦ សីហា។ បេសកជនអៀរ៉ង់បានថ្លែងដូចនេះ ក្រោយពីបានជួបសន្ទនាជាមួយលោកប្រធានាធិបតីស៊ីរី បាស្ហារ អាល-អាសាដក្នុងទីក្រុងដាម៉ាស។ យ៉ាងណាក៏ដោយ សេចក្តីប្រកាសរបស់បេសកជនអៀរ៉ង់នេះបានផ្ទុយនឹងឆន្ទៈរបស់លោក បាស្ហារ អាល-អាសាដ ដែលសន្យាកម្ទេចពួកប្រឆំាងតាមគ្រប់មធ្យោបាយ។
លោកប្រធានាធិបតីស៊ីរី បាស្ហារ អាល-អាសាដបាននិយាយយ៉ាងដូច្នេះនៅចំពោះមុខបេសកជនអៀរ៉ង់ដែលបានទៅស៊ីរីដើម្បីអញ្ជើញលោក បាស្ហារ អាល-អាសាដឲ្យទៅចូលរួមជំនួបកំពូលចលនាមិនចូលបក្សសម្ព័ន្ធ។ លោក បាស្ហារ អាល-អាសាដបានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសរបស់លោកនឹងយកជ័យជំនះលើក្រុមបះបោរ ទោះបីជាត្រូវប្រើមធ្យោបាយណាក៏ដោយ។ ជាមួយគ្នានេះ លោក បាស្ហារ អាល-អាសាដមិនញញើតនឹងចោទក្រុមប្រទេសលោកខាងលិចដែលបានស៊ុមគ្រលំគ្នាដើម្បីប្រឆំាងនឹងទីក្រុងដាម៉ាស់។ សម្រាប់លោកប្រធានាធិបតីស៊ីរី អ្វីដែលក្រុមប្រទេសខាងលិចបាននិងកំពុងធ្វើពេលនេះ មិនមែនប្រឆំាងតែប្រទេសស៊ីរីមួយប៉ុណ្ណោះទេ តែប្រឆំាងនឹងគ្រប់ប្រទេសទំាងអស់នៅក្នុងតំបន់។
យោងតាមលោក បាស្ហារ អាល-អាសាដ ប្រទេសស៊ីរីនឹងបន្តប្រើយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីប្រឈមទប់នឹងកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសលោកខាងលិច និងរដ្ឋមួយចំនួនដែលកំពុងព្យាយាមបង្ខំឲ្យរដ្ឋាភិបាលស៊ីរីផ្លាស់ប្តូរជំហររបស់ខ្លួន។ ការប្តេជ្ញាចិត្តរបៀបនេះក៏មានដែរ ពីសំណាក់លោករដ្ឋមន្រ្តីការបរទេសស៊ីរី Walid Mouallem។ លោក Mouallem ដែលបានអះអាងថា ដរាបណាគេនៅមិនទាន់អាចបោសសំអាតឲ្យអស់នូវក្រុមភេរវជនទេ ដរាបនោះ គេនៅមិនអាចបើកកិច្ចចរចាស្តីពីលទ្ធភាពនៃការលាចុះពីតំណែងរបស់លោកបាស្ហារ អាល-អាសាដបានឡើយ។
យ៉ាងណាក៏ដោយ ជំហររបស់រដ្ឋាភិបាលស៊ីរីដែលប្តេជ្ញាបន្តប្រើកម្លំាងបាយបង្រ្កាបពួកប្រឆំាងនេះ វាបានផ្ទុយនឹងការចង់បានរបស់លោក Alaeddine Boroujerdia ប្រធានគណៈកម្មការសភាអៀរ៉ង់ទទួលបន្ទុកកិច្ចការបរទេស។ លោក Boroujerdia ដែលបានបញ្ជាក់ថា ជម្លោះនៅស៊ីរីត្រូវតែដោះស្រាយតាមផ្លូវចរចា ពីព្រោះដំណោះស្រាយតាមផ្លូវយោធាបានជាប់គំាងហើយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ