ក្រសួងសុខាភិបាលនឹងប្រកាសអត្តសញ្ញាណជំងឺអាថ៌កំបាំងសម្លាប់កុមារខែ្មរអស់៦១នាក់

ក្រសួងសុខាភិបាលនឹងប្រកាសអត្តសញ្ញាណជំងឺអាថ៌កំបាំងសម្លាប់កុមារ៦១នាក់ ក្នុងពេលឆាប់ៗខាងមុខនេះ។ សេចក្តីអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីក្រុមវេជ្ជបណ្ឌិត ដែលដឹកនាំដោយក្រសួងសុខាភិបាល កំពុងស្វែងរកប្រភពជំងឺអាថ៌កំបាំងដែលបានសម្លាប់កុមារខ្មែរចំនួនស្លាប់៦១នាក់ក្នុងរយៈ៣ខែកន្លងមកនេះ។
លោក លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានថ្លែងប្រាប់អោយដឹងនៅថ្ងៃសៅរ៍នេះថា ក្រសួងសុខាភិបាលនឹងធ្វើការប្រកាសពីអត្តសញ្ញាណជំងឺអាថ៌កំបាំងដែលបានសម្លាប់កុមារចំនួន៦១នាក់ ក្នុងពេលឆាប់ៗខាងមុខនេះ។ មន្ត្រីសុខាភិបាលរូបនេះបានបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិតដែលកំពុងស្រាវជ្រាវស្វែងរកអត្តសញ្ញាណជំងឺអាថ៌កំបាំងនេះ បានរកឃើញតម្រុយជំងឺនេះហើយ ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតទេ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក WHO ដែលចេញផ្សាយកាលពីម្សិលមិញបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានរកឃើញករណីជំងឺអាថ៌កំបាំងនៅលើកុមាររហូតដល់៧៤នាក់ បើគិតចាប់ពីខែមេសារហូតដល់ថ្ងៃ៥កក្កដា។ ប៉ុន្តែក្នុងចំណោមករណីទាំងអស់នោះ ៦១ករណីបានស្លាប់ក្រោយពីដឹកមកដល់មន្ទីរពេទ្យ (គន្ធបុប្ជាសៀមរាប និងភ្នំពេញ)។ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា លោកវេជ្ជបណ្ឌិត Beat Richner បានថ្លែងប្រាប់ទូរទស្សន៍CNN កាលពីពេលថ្មីនេះថា ៖«កុមារទាំងនោះ ភាគច្រើនត្រូវបាននាំមកដល់មន្ទីរពេទ្យយើងនៅនាទីចុងក្រោយ។ ពួកគេស្លាប់ ដោយសារតែសួតរបស់ពួកគេត្រូវបានបំផ្លាញ»។
សេចក្តីប្រកាសព័ត៌មានបានសរសេរបញ្ជាក់ថា ក្រុមការងារចម្រុះដែលដឹកនាំដោយក្រសួងសុខាភិបាលកំពុងស្វែងរកមូលហេតុនៃជំងឺនេះយ៉ាងម៉ត់ចត់។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តទៀតថា ភាគច្រើននៃកុមារដែលមានជំងឺទាំងនោះ ពួកគេមានអាការៈដូចគ្នាដូចជា ៖ ក្តៅខ្លួន មានបញ្ហាផ្លូវដង្ហើម និងប្រព័ន្ធសរសៃប្រសាទ។ អាការៈទាំងនេះ គឺជាគោលដៅនៃការវិភាគរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យក្នុងពេលនេះ។ កុមារភាគច្រើនដែលមានជំងឺនេះ មានអាយុក្រោមអាយុ៣ឆ្នាំ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ