អូស្ត្រាលីស្វាគមអ្នកវិនិយោគទុនបរទេស

ប្រទេសអូស្ត្រាលីនឹងទទួលស្វាគមដោយរីករាយជាទីបំផុតចំពោះមហាសេដ្ឋីបរទេសទាំងឡាយណាដែលមកដាក់ទុនវិនិយោគនៅប្រទេសខ្លួនក្នុងទឹកប្រាក់ចាប់ពី៥លានដុល្លារអូស្តា្រលីឬស្មើនឹង៣លាន៨សែនអឺរ៉ូទៅ។ មិនតែប៉ុណ្ណោះ អ្នកវិនិយោគទុនបរទេសទាំងនេះនឹងបានទទួលសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសអូស្តា្រលីទៀត-នេះជាការជូនដំណឹងរបស់រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃសុក្រ២៥ឧសភានេះ។
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក Chris Bowen បានជូនដំណឹងនៅថ្ងៃសុក្រនេះថា អូស្ត្រាលីនឹងស្វាគមទទួលមហាសេដ្ឋីបរទេសទាំងឡាយណាដែលមានបំណងចង់មកធ្វើវិនិយោគទុននិងរស់នៅលើទឹកដីខ្លួន។ ក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានទទួលសារភាពដែរថាលោកប្រាថ្នាចង់បានជាពិសេសបណ្តាអ្នកវិនិយោគទុនមកពីប្រទេសចិន។
លោក Chris Bowen បានថ្លែងបញ្ជាក់ទៀតថា “ អូស្ត្រាលី ជាប្រទេសមួយដ៏ល្អជាងគេនៅក្នុងពិភពលោកនៅក្នុងការទាក់ទាញពួកអ្នកវិនិយោគទុនបរទេសដែលមានបំណងចង់ស្វែងរកសុវត្ថិភាពហិរញ្ញវត្ថុ ពីព្រោះយោងតាមយោបល់រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ អូស្ត្រាលីជាប្រទេសមួយដែលមានលំនឹងទាំងសេដ្ឋកិច្ចនិងទាំងរដ្ឋាភិបាល ។
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានបន្តទៀតថា « ជាធម្មតា ប្រទេសអូស្ត្រាលីនឹងផ្តល់ទិដ្ឋាការជាអចិន្ត្រៃយ៍ថ្មីនេះឲ្យដល់អាណិកជនបរទេសទាំងអស់ដោយពុំមានការប្រកាន់រើសអើងអ្វីឡើយ ក៏ប៉ុន្តែ « ផលប្រយោជន៍ធំសម្បើមមួយដែលលោក Chris Bowenទន្ទឹងរង់ចាំជាងគេនៅតំបន់អាស៊ីនោះគឺជាពិសេសនៅប្រទេសចិន »។
ម្យ៉ាងទៀត ទិដ្ឋាការថ្មីនេះនឹងត្រូវចែកចាយជូនដល់អ្នកវិនិយាគបរទេសណាដែលដាក់ទុនទិញសញ្ញាប័ណ្ណរបស់សហព័ន្ធឬ របស់ខេត្តអូស្ត្រាលីដែល មូលនិធិត្រូវគ្រប់គ្រងដោយគណៈកម្មការអូស្ត្រាលីទទួលបន្ទុកខាងវិនិយោគហិរញ្ញវត្ថុឬក៏ត្រូវគ្រប់គ្រងដោយសហគ្រាសអូស្ត្រាលីផ្ទាល់តែម្តង។
ដោយសរុប ទិដ្ឋាការជាអចិន្ត្រៃយ៍ថ្មីនេះដែលនឹងត្រូវចូលជាធរមាននៅខែកក្កដាខាងមុខនឹងអនុញ្ញាតឲ្យប្រទេសអូស្ត្រាលី ស្ថិតនៅជាប្រទេសមួយដែលមានសក្តានុពលនៅក្នុងការប្រកួតប្រជែងសេដ្ឋកិច្ចនៅលើពិភពលោក៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ