អានតួអត្ថបទ
ភូមា

អ៊ុងសាន​​ ស៊ូជី​​ ចូលរួម​​ពិធី​​ព្យុហយាត្រា​​ទ័ព​​ភូមា​​ប្រចាំ​​ឆ្នាំ​​

នៅ​ថ្ងៃ​ពុធ​នេះ នៅ​ប្រទេស​ភូមា មេដឹកនាំ​គណបក្ស​ប្រឆាំង​លោកស្រី​ ​ អ៊ុងសាន ស៊ូជី បាន​​ចូលរួម​ក្នុង​ពិធី​​ព្យុហយាត្រា​​ប្រចាំឆ្នាំ​​​ របស់​កងទ័ព​ភូមា​។ នៅ​ចំពោះ​មុខ​លោកស្រី​ អ៊ុងសាន ស៊ូជី ប្រមុខ​ដឹកនាំ​​​ទ័ព​ភូមា លោក Min Aung Hlaing​ បាន​រំលឹក​ឡើងវិញ​ពី​​តួនាទី​​កងទ័ព​ភូមា នៅ​ក្នុង​ឆាក​នយោបាយ​​ជាតិ ព្រមទាំង​បាន​អះអាង​ថា​​ទ័ព​​ភូមា​​​​ធ្វើ​ការ​​គាំទ្រ​កំណែ​ទម្រង់​​ក្នុង​ប្រទេស ដើម្បី​ពង្រឹង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​ស្រី Aung San Suu Kyi និង​​ឧត្តមសេនីយ​ទទួល​បន្ទុកកិច្ចការ​ព្រំដែន​លោក Zaw Win នៅ​ក្នុង​ពិធីព្យុហយាត្រា​​ទ័ព​​ភូមា​​ប្រចាំ​​ឆ្នាំ​​​​​ នៅ​ថ្ងៃ​ពុធ​នេះ
លោក​ស្រី Aung San Suu Kyi និង​​ឧត្តមសេនីយ​ទទួល​បន្ទុកកិច្ចការ​ព្រំដែន​លោក Zaw Win នៅ​ក្នុង​ពិធីព្យុហយាត្រា​​ទ័ព​​ភូមា​​ប្រចាំ​​ឆ្នាំ​​​​​ នៅ​ថ្ងៃ​ពុធ​នេះ REUTERS/Nyein Chan Naing/Pool
ផ្សាយពាណិជ្ជកម្ម

ប្រទេស​​ភូមា​​បាន​រៀបចំ​ពិធី​ព្យុហយាត្រា​​​​កងទ័ព​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​​ នៅ​ថ្ងៃ​​ពុធ​នេះ ដោយ​មាន​​វត្តមាន​ដ៏​គួរ​អោយ​កត់សម្គាល់​​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ភូមា​ គឺ​​​​​លោកស្រី​ ​ អ៊ុងសាន ស៊ូជី​ ផងដែរ។

ក្បួន​ដង្ហែរ​បាន​ប្រព្រិត្តិ​ទៅ​យ៉ាង​អធិកអធម ដោយ​គេ​ឃើញ​មាន​​​ទាហាន​ភូមា​​​​​ជាង​ ៦​ ០០០ នាក់​ រួម​ជា​មួយ​​នឹង​​រថក្រោះ ឧទ្ធម្ភាគចក្រ​​ ព្រមទាំង​យន្តហោះ​ចំបាំង​ទៀតផង។ កងទ័ព​ភូមាទាំង​នេះ មាន​នាម​​ថា តាត់ម៉ាដាវ (Tatmadaw)។

​ប្រមុខ​ដឹកនាំ​​ទ័ព​ភូមា លោក Min Aung Hlaing​ បាន​រំលឹក​ឡើងវិញ​ពី​​តួនាទី​​កងទ័ព​ភូមា​នៅ​ក្នុង​ឆាក​នយោបាយ​​ជាតិ ព្រមទាំង​បាន​អះអាង​ថា ​​ទ័ព​​ភូមា​​​​ធ្វើ​ការ​​គាំទ្រ​កំណែ​ទម្រង់​ដើម្បី​ពង្រឹង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​ក្នុង​ប្រទេស អោយ​បាន​រឹង​មាំ​ថែម​ទៀត។

“តាត់ម៉ាដាវ ការពារ​ជាតិ​​អោយ​​ចាកផុត​ពី​គ្រោះថ្នាក់​គ្រប់​បែបយ៉ាង​ ហើយ​​ក៏​បាន​ចូលរួម​ក្នុង​ឆាកនយោបាយ​ជាតិ ​​​​បាន​សមស្រប​ទៅ​តាម​​​ឆន្ទៈ​​​ប្រជាជន​ផងដែរ​ នៅ​ដែល​ពេល​​​ប្រទេស​ជាតិ​​​​ប្រឈម​មុខ​នឹង​ជម្លោះ​​​​​ជន​ជាតិ​​​ភាគតិច​ រឺ​ក៏​ការ​​ប្រយុទ្ធនានា​នៅ​​ក្នុង​​វិស័យ​នយោបាយ។” នេះ​ជា​ការ​លើកឡើង​​របស់ លោក Min Aung Hlaing ​ នៅ​ថ្ងៃពុធ​នេះ។

ទន្ទឹម​នេះ​ដែរ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ គឺ​ការ​ចូលរួម​របស់​​ លោកស្រី​ ​ អ៊ុងសាន ស៊ូជី នៅ​ក្នុង​​ពិធី​ដង្ហែរ​ទ័ព​នេះ ដែល​បាន​​បង្ហាញ​នូវ​ការ​ខិតជិត​រវាង​​​​​​​​គណបក្ស​ប្រឆាំងភូមា​​​​​​ជាមួយ​នឹង​រដ្ឋាភិបាល​ថ្មី។ គួរ​បញ្ជាក់​ថា លោកស្រី​ អ៊ុងសាន ស៊ូជី ​​​​ពុំដែល​ធ្លាប់​​បាន​ចូលរួម​ក្នុង​​​ពិធី​ដ៏​សំខាន់​របស់​កងទ័ព​ភូមា​​យ៉ាង​ដូច្នេះ​នោះ​ទេ​។ គិត​រហូត​ដល់​​ឆ្នាំ ២០១១ ការ​រៀបចំពិធី​ទ័ព​ដ៏​គគ្រឹកគគ្រេង​បែប​នេះ បាន​បង្ហាញ​ពី​សក្តានុពល​​កងទ័ព​ភូមា ដែលធ្លាប់​​បាន​​ឃុំខ្លួន​មេដឹក​នាំ​បក្ស​ប្រឆាំង​​អស់​រយៈ​ពេល​ ១៥ឆ្នាំ ហើយ​គ្រប់គ្រង​ប្រទេស​​​រហូត​ដល់​ទៅ​កន្លះ​សតវត្សរ៍​​ឯណោះ។

ប៉ុន្តែ​ ​រដ្ឋាភិបាលភូមា​​​បច្ចុប្បន្ន​​​ដែល​ឡើង​បន្តកាន់​តំណែង​​​​ពី​របប​​សឹកចាស់​​ បាន​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ ហើយ​អនុញ្ញាត​អោយ​ លោកស្រី​ ​ អ៊ុងសាន ស៊ូជី ដែល​ជា​​​មេដឹកនាំ​បក្ស​ប្រឆាំង បាន​ចូល​រួម​ការងារ​នៅ​ក្នុង​សភា​របស់​ខ្លួន​ទៀតផង។ លោកស្រី​ អ៊ុងសាន ស៊ូជី ធ្លាប់​បាន​​ប្រាប់​ទូរទស្សន៍​អង់គ្លេស ​​​​BBC ​កា​ល​ពី​ខែ​មករា កន្លង​មក​ថា លោកស្រី​​​ស្នេហាកងទ័ព​​ភូមា​ ដោយសារ​តែ​លោកស្រី​មើលឃើញ​កងទ័ព​ភូមា​​ដូច​ជា​ទ័ព​របស់​ឪពុក​លោកស្រីអញ្ចឹង។

គួរ​រំលឹកថា ឪពុក​​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​គឺ​លោក​ឧត្តមសេនីយ អ៊ុងសាន ​ជា​​វីរបុរស​តំណាង​ឯករាជ្យភាព​នៅ​ភូមា។ លោក​បាន​ត្រូវគេ​​ធ្វើឃាត កាលពី​ឆ្នាំ​ ១៩៤៧៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ