អាស៊ី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 12 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 12 សីហា 2012

ក្រុងធំៗ​នៅអាស៊ី​កំពុង​ឈាន​ដល់​ភាព​ហួស​ចំណុះ

ចរាចរណ៍​ណែនណាន់តាន់តាប់​ក្នុងក្រុង​ភ្នំពេញ
ចរាចរណ៍​ណែនណាន់តាន់តាប់​ក្នុងក្រុង​ភ្នំពេញ
RFI/Siv Channa

ដោយ អៀង សុខម៉ិញ

ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​លឿន​រហ័ស កត្តា​អាកាសធាតុ​ប្រែប្រួល​ និង​ចលនាចំណាក​ស្រុក​មក​កាន់​ទីក្រុង បាន​និង​កំពុង​ធ្វើ​ឱ្យ​ទីប្រជុំ​ជន​ធំៗ​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី មាន​អាទិ៍​ប្រទេស​ថៃ ហ្វីលីពីន ឥណ្ឌា​ ។ល។ និង​។ល។ ងាយ​ប្រឈម​មុខកាន់​តែ​ខ្លាំងឡើងៗ ​នឹង​គ្រោះ​ធម្មជាតិ​​ផង និង​គ្រោះ​សង្គម​ផង។

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ
 

12/08/2012

ក្រុង​ធំៗ​នៅ​អាស៊ី ​ដែល​មាន​ប្រជាជន​រស់​នៅ​យ៉ាង​ច្រើន​កុះករ​ ងាយ​នឹង​ទទួល​រង​គ្រោះធម្មជាតិ​ គឺ​បណ្តាល​មក​ពី​កង្វះ​ផែនការ​នគរូបនីយកម្ម វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​ មិន​គ្រប់​គ្រាន់​ និង​បណ្តាលមកពីគ្មាន​ចេតនា​នយោបាយ។ នេះ​បើ​យោង​តាម​អ្នក​ឯកទេស។

 
ស្ថានភាព​ទឹក​ជំនន់​ជន់​លិច​ទី​ក្រុង​ នៅ​បាងកក​ កាលពី​ឆ្នាំ​មុន និង​នៅ​ម៉ានីល ពេល​នេះ ការ​ដាច់​ភ្លើង​អគ្គីសនី​ប្រើ​ប្រាស់​មួយ​ចំហៀង​ប្រទេសនៅ​ឥណ្ឌា គឺ​ពិត​ជា​មិន​សក្តិសម​នឹង​ការ​អភិវឌ្ឍន៍​មាន​បាន​ដ៏​លឿន​រហ័ស​របស់​ប្រទេស​ ដែល​មាន​ប្រជាជន​ជា​ច្រើន​លាន​នាក់​ ក្នុង​មួយ​ឆ្នាំៗចេញ​ផុត​ពី​ភាព​ក្រីក្រ​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​​អ្នក​ឯកទេស​នគរូបនីយកម្ម​នៅ​សាកលវិទ្យាល័យ​មែលប៊ន​ ប្រទេស​អូស្ត្រាលី​ ទាំង​នេះ​គឺ​បណ្តាលមក​ពី​ ផែនការ​​នយោបាយ​នគរូបនីយកម្ម​ ក្នុង​តំបន់​មាន​ជាប់​ពាក់ព័ន្ធ ច្របូក​ច្របល់​ជាមួយ​នឹង​កម្មវត្ថុ​នយោបាយ​ និង​សេដ្ឋកិច្ច។ ជាពិសេស​ កង្វះ​ទស្សនវិស័យ​ និង​ផែនការ​មើលឱ្យ​បាន​​វែង​ឆ្ងាយ​សម្រាប់​អនាគត។ ការ​អភិវឌ្ឍន៍​​ហេដ្ឋារចនា​សម្ព័ន្ធ​​ប្រព័ន្ធ​លូ ផ្លូវថ្នល់ និង​អគ្គិសនី នៅ​មាន​ការ​យឺតយ៉ាវ​ខ្លាំង។
 
នៅប្រទេស​ថៃ ក្រុង​បាងកក​ស្រុត​ចុះ​កាន់​តែទាបៗ​ទៅ ងាយ​ទទួល​រង​គ្រោះ​ទឹកជំនន់ ​ នឹង​អាច​ទាប​ជាង​ទឹក​សមុទ្ទ​នៅ​អំឡុង​ពេល​៥០​ឆ្នាំទៀត។ នេះ​គឺ​បណ្តាលមក​ពី​ការ​បូម​ស្រូប​ទាញ​យក​ទឹក​មក​ចិញ្ចឹម​ប្រជាជន​ផង និងតម្រូវការ​ឧស្សាហកម្មផង ព្រម​ទាំង​បូងខូង​សាងសង់​អចលនទ្រព្យ។ ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ធំ​ជាង​បង្អស់​មួយ​ កាន់​កាប់​ដោយ​គ្រួសារ​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន។ អភិវឌ្ឍន៍​នគរូបនីយកម្ម​លឿន​រហន់​ពេក អាច​ធ្វើ​ឱ្យ​ស្ទះ​ផ្លូវ​ទឹក​ធម្មជាតិ និង​ប្រព័ន្ធ​បង្ហូរ​ទឹក ក៏​ជា​បុព្វហេតុ​នាំ​ឱ្យ​ងាយ​ជួប​គ្រោះ​ទឹក​ជំនន់។ នេះ​ជា​ករណី​ប្រទេស​ហ្វីលីពីន។
 
ចំណែក​នៅ​ប្រទេស​ឥណ្ឌា​វិញ អង្គការ​សហប្រជាជាតិ​បាន​ចេញ​របាយ​ការណ៍​មួយ​កាលពី​ឆ្នាំ​២០១១ អំពី​កំណើនប្រជាជន​នៅ​រស់​ទីក្រុង​ ថា​នឹងអាច​​កើន​ឡើង​ពី​៣០ ទៅ​៦០% នៅ​ឆ្នាំ​២០៣០។ បញ្ហា​សង្គម​​បាន​ចោទ​កាន់​តែ​ខ្លាំង បាន​ធ្វើ​ឥណ្ឌា​មួយ​ចំហៀង​ទើប​ធ្លាក់​ក្នុង​ពិភព​ខ្មៅ​ងងឹត ព្រោះ​ដាច់​ភ្លើង។ តម្រូវការ​ផ្នែក​ថាមពល​កាន់​ខ្លាំង​ តែ​ប្រព័ន្ធ​អគ្គិសនី​មិន​សម​ស្រប។
 
បញ្ហា​សង្គម​មួយ​ទៀត ដែល​គេ​សង្កេត​ឃើញ​មាន​កាន់​ញឹកញាប់​ និង​នៅ​តាម​គ្រប់​​ក្រុង​របស់​អាស៊ី ស្ទើ​រ​ក្លាយ​ជា​ប្រពៃណី បង្ក​ឡើង​ដោយ​កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​នោះ គឺ​ មធ្យោបាយ​ធ្វើ​ដំណើរ​​និ​ងការ​កក​ស្ទះ​ចរាចរណ៍៕

 

tags: ហេដ្ឋារចនាសម្ព័ន្ធ - អាស៊ី
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close