អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គោលការណ៍​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ជា​គ្រឹះ​នៃ​ប្រព័ន្ធ​យុត្តិធម៌

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំណាត់ការ​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ចំពោះ​ករណី​លោក ​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​បាន​ក្លាយជា​អធិករណ៍​ថ្មី​មួយ​ទៀត​ដែល​នាំ​ឲ្យ​មាន​ការជជែក​គ្នា​អំពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ ករណីនេះ​ជា​ឧទាហរណ៍​មួយ​ទៀត​ដែល​បង្ហាញ​អំពី​ការមិន​គោរព​គោលការណ៍​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌។ នេះ​ក៏​ជា​ឧបសគ្គ​ធំធេង​សម្រាប់​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ដែរ។ តើ​បញ្ហា​នេះ​បាន​ជះឥទ្ធិពល​អាក្រក់​អ្វីខ្លះ​ដល់​មុខមាត់​ប្រទេស​កម្ពុជា? 

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ជាប់​សង្ស័យ​ថា​បាន​បាញ់​កម្មករ​របួស
លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ជាប់​សង្ស័យ​ថា​បាន​បាញ់​កម្មករ​របួស ©rfi
ផ្សាយពាណិជ្ជកម្ម

មាន​រឿង​២​ដែល​បាន​កើត​ឡើង​ស្រប​ពេល​គ្នា​រយៈពេល​ចុងក្រោយ​នេះ​ ដែល​គេ​អាច​លើក​យក​មក​ធ្វើ​ជា​ឧទាហរណ៍​ដើម្បី​រំលេច​ឲ្យ​ឃើញ​ស្តង់ដារ​​ពីរ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។ ករណី​ទី​១​គឺ ​លោក ​កែន សារ៉ា ​អតីត​សកម្មជន​និស្សិត​ប្រឆាំង​រដ្ឋាភិបាល​ម្នាក់​ដែល​ក្រោយ​មក​ក៏​ក្លាយ​ជា​សមាជិក​ក្រុម​លេខា​នាយក​រដ្ឋមន្ត្រី។ ​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង​ដើម្បី​រង់ចាំ​ការ​កាត់ទោស​ដោយសារ​តែ​លោក​បាន​បាញ់​កាំភ្លើង​ឡើង​លើ​ និង​បាន​ទះ​កំផ្លៀង​អ្នករត់​ម៉ូតូឌុប​ម្នាក់​នៅ​ពេល​ស្រវឹងស្រា។

 
ករណី​ទី២​ គឺ​ទាក់ទង​នឹង​លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ដែល​ជា​ជនសង្ស័យ​បាញ់​កម្មការិនី​៣​នាក់​ឲ្យ​រងរបួស​នៅក្នុង​បាតុកម្ម​មួយ​កាលពី​ខែកុម្ភៈ។ ​ប៉ុន្តែ ​លោក​មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទេ​ ហើយ​ទីបំផុត​ទៅ ​តុលាការ​ចោទ​ជនសង្ស័យ​រូបនេះ​ត្រឹមតែ​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ដែល​ជា​បទល្មើស​មជ្ឈិម​មួយ​តែប៉ុណ្ណោះ។ ​ចំណាត់ការ​របស់​តុលាការ​ក្នុង​សំណុំរឿង​ទាំងពីរ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្តង់ដារ​​ពីរ​ខុសគ្នា​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​យ៉ាង​ច្បាស់​ក្រឡែត។ ​ឧទាហរណ៍​នេះ​ក៏​មិនមែន​ជា​រឿង​កម្រ​នឹង​ឃើញ​នោះ​ដែរ​ តែ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​បានកើត​មាន​ជា​ហូរហែ​រួច​ទៅ​ហើយ។

ជាការ​ពិតណាស់​ យុត្តិធម៌​សង្គម​គឺជា​សេចក្តី​ត្រូវការ​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា​មិន​ថា​ ជា​ជាតិ​សាសន៍​ណា​ឡើយ។​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ ​គោលការណ៍​ស្មើភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​ គឺជា​មូលដ្ឋាន​គ្រឹះ​មួយ​ដែល​គេ​ត្រូវ​គោរព​យ៉ាង​ម៉ឺងម៉ាត់​បំផុត។​ ដោយ​យល់​ឃើញ​ពី​តម្រូវការ​នេះ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​និង​ច្បាប់​ដោយ​ចាត់ទុក​ជា​ការងារ​អាទិភាព​មួយ​សម្រាប់​គោលនយោបាយ​ដឹកនាំ​ប្រទេស​ទៅរក​នីតិរដ្ឋ។

ដោយសារ​សេចក្តី​ស្រេកឃ្លាន​យុត្តិធម៌​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ដាក់ចេញ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ផង​នោះ ​ស្ថានការណ៍​ទូទៅ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មានការ​ប្រែប្រួល​មួយចំនួន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ដោយឡែក ​ការប្រើប្រាស់​អាវុធ និង​ការបាញ់បោះ​ខុសច្បាប់​ដែល​ជា​រឿង​គួរ​ឲ្យ​ព្រឺ​ខ្លាច​មួយ​នោះ ​ក៏មាន​សភាព​ស្ងប់ស្ងាត់​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ បើ​ប្រៀបធៀប​នឹង​១០​ ឬ​២០​ឆ្នាំ​មុន។ ជាពិសេស ​ភាពអនាធិបតេយ្យ​ដែល​បង្កឡើង​ដោយ​ក្រុម​អ្នក​ចូលចិត្ត​ប្រើ​អាវុធ​បាន​ថមថយ​ បន្ទាប់ពី​មាន​បទបញ្ជា​ជា​បន្ត​បន្ទាប់ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។

ក៏ប៉ុន្តែ​ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ​ក៏​គោលការណ៍​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​នៅតែ​ជា​បញ្ហា​ធំធេង​មួយ​នៅ​ឡើយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។ ជាទូទៅ ស្តង់ដា​រ​ពីរ​ខុសគ្នា​នៅតែ​បង្ហាញ​ឡើង​យ៉ាង​ច្បាស់។ អ្នកមាន​ប្រាក់ និង​មាន​អំណាច​ ឬ​មាន​ខ្នង​បង្អែក​ច្រើនតែ​មាន​សំណាង​ជាង​អ្នកក្រីក្រ​គ្មាន​ទីពឹង​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌។ ករណី​លោក ​ឈូក បណ្ឌិត ​គឺជា​ភស្តុតាង​ជាក់ស្តែង​មួយ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​រឿងនេះ​គឺ ​មកដល់​សម័យ​នេះ​ទៅ​ហើយ នៅ​តែ​មាន​មន្ត្រី​សាធារណៈ​ដែល​មាន​តួនាទី​ខ្ពង់ខ្ពស់​ហ៊ាន​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់ប្រហារ​ទៅលើ​ហ្វូងមនុស្ស​ដោយ​គ្មាន​ញញើត​ច្បាប់​អ្វី​បន្តិច​សោះ។

ម្យ៉ាងទៀត ​ទោះបី​ជា​ជនសង្ស័យ​ត្រូវបាន​សាធារណជន​ដឹងឮ​រហូត​ដល់​ក្រសួង​មហាផ្ទៃ​រក​ឃើញ​កំហុស​ និង​ត្រូវបាន​រដ្ឋាភិបាល​ដក​ចេញ​ពីមុខ​តំណែង​យ៉ាងណា​ក៏ដោយ ក៏​តុលាការ​នៅតែ​មាន​ច្រក​សម្រាប់​ជួយ​សម្រាលទោស​ជនសង្ស័យ​បាន​ដដែល​តាមរយៈ​ការប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន។ ​ការអនុវត្តន៍​ស្តង់ដារ​ពីរ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៃ​ប្រទេស​តែ​មួយ​គឺ​ជា​បញ្ហា​ធំធេង​ ពីព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​រដ្ឋាភិបាល​ដំណើរការ​ទៅ​មុខ​មិន​រួច​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​អាប់ឱន​កេរ្តិ៍ឈ្មោះ​របស់​ប្រទេសជាតិ​ទាំងមូល​ទៀត​ផង។ ដូច្នេះ តើ​គេ​គួរ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​នេះ​កើតមាន​ត​ទៅ​ទៀត​ដែរ​ឬ​ទេ? នេះ​ជា​សំណួរ​ដែល​រដ្ឋាភិបាល និង​មន្ត្រី​តុលាការ​គួរ​ពិចារណា?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ