
ប្រជាពលរដ្ឋខ្មែរជាង៨សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឆ្នាំ ២០១២ ។ ចំនួននេះបានកើនលើសពីការប៉ាន់ប្រមាណទុកដល់ទៅជាង ២សែននាក់។ នេះបើយោងតាមលទ្ធផលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញ។ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីដែលចេះតែកើនឡើងជាលំដាប់នេះជាសញ្ញាបង្ហាញថា ពលរដ្ឋខ្មែរកាន់តែសកម្មក្នុងការប្រើប្រាស់សិទ្ធិបោះឆ្នោតដែលជាសិទ្ធិនយោបាយដ៏សំខាន់ក្នុងរបបប្រជាធិបតេយ្យ។
សំឡេងឆ្នោតមួយសន្លឹកដែលអ្នកបោះឆ្នោតទម្លាក់ក្នុងធុងឆ្នោតតាមឆន្ទៈរបស់ខ្លួនពិតជាមានសារសំខាន់ណាស់សម្រាប់ជ្រើសរើសមេដឹកនាំប្រទេស។ ប៉ុន្តែ ពលរដ្ឋខ្មែរជាទូទៅ ច្រើនតែ មើលរំលងសិទ្ធិដ៏សំខាន់នេះ។ ជាក់ស្តែង កន្លងទៅ នៅពេលចុះឈ្មោះ ឬនៅពេលបោះឆ្នោតម្តងៗមានពលរដ្ឋជាច្រើនមិនបានទៅចូលរួមឡើយ។
មានមូលហេតុច្រើនយ៉ាងដែលអាចពន្យល់បញ្ហានេះបាន។ មូលហេតុសំខាន់ជាងគេគឺ ទម្លាប់មិនសូវចាប់អារម្មណ៍ទៅលើនយោបាយពីសំណាក់ពលរដ្ឋខ្មែរ។ ទស្សនៈនេះកើតចេញពីរបបសង្គមដែលច្រើនតែមិនផ្តល់សិទ្ធិដល់ពលរដ្ឋក្នុងការសម្រេចជោគវាសនាប្រទេសជាតិទេ តែ រឿងនយោបាយជាសិទ្ធិផ្តាច់មុខដល់អ្នកនយោបាយ។ ទោះបីជាកម្ពុជាបានចាប់យករបបប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ១៩៩៣មកក៏ដោយ ក៏ផ្នត់គំនិតមិនសូវរវីរវល់នឹងនយោបាយនៅតែដិតដាមមិនងាយលាងជម្រះដដែល។
ប៉ុន្តែ រយៈពេលចុងក្រោយនេះ សញ្ញានៃភាពសកម្មក្នុងការប្រើប្រាស់សិទ្ធិនយោបាយហាក់បានបង្ហាញឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ក្រោយពីដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតរយៈពេល ៤២ថ្ងៃ (ចាប់ពីថ្ងៃទី១កញ្ញា ដល់១២ តុលា ) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានសរុបទាំងអស់ជាង ៨៣ ម៉ឺននាក់(៨៣៣ ៦២២ នាក់) ធៀបនឹងការប៉ាន់ ប្រមាណដែលមានចំនួនតែជិត ៦២ ម៉ឺននាក់ (៦១៩ ៦៣០ នាក់) ប៉ុណ្ណោះ ។
នេះសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកាន់តែទទួលបានព័ត៌មានស្តីពីការបោះឆ្នោតច្រើនជាងមុននិងកាន់តែសកម្មក្នុងការប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួន។ បូកជាមួយចំនួនអ្នកចុះឈ្មោះថ្មីក្នុងឆ្នាំ ២០១២ នេះ ចំនួនពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយដែលបានចុះបញ្ជីរួចហើយបានកើនឡើងដល់ជិត ១០ លាននាក់ហើយក្នុងចំណោមពលរដ្ឋសរុបជាង ១៤ លាននាក់។
ជាការពិតណាស់ អត្រានៃការចូលរួមបោះឆ្នោតរបស់ពលរដ្ឋខ្មែរតែងតក្លាយជាប្រធានបទក្តៅមួយនៅរាល់ការបោះឆ្នោតម្តង។ ជាទូទៅ គណបក្សប្រឆាំងបានចាត់ទុកអ្នកមិនបានទៅបោះឆ្នោតថា ជាសមាជិកឬអ្នកគាំទ្រគណបក្សរបស់ខ្លួន ហើយការបោះបង់សិទ្ធិបោះឆ្នោតរបស់អ្នកទាំងនោះត្រូវបានគេចោទប្រកាន់ជាទូទៅថាបណ្តាលមកពីការរារាំងរបស់អាជ្ញាធរគណបក្សកាន់អំណាច ក្នុងនោះ គ.ជ.ប ក៏ស្ថិតក្នុងកញ្ចប់នោះដែរ។ ហេតុដូច្នេះហើយបានជាបក្សប្រឆាំងបាននិងកំពុងព្យាយាមទាមទារឲ្យកែប្រែសមាសភាពអ្នកដឹកនាំ គ.ជ.ប ។ ប៉ុន្តែ ការទាមទាររបស់បក្សប្រឆាំងមិនបានទទួលលទ្ធផលទេ។
ពិតហើយថា គណបក្សកាន់អំណាចដែលមានលទ្ធភាពធំធេងជាងគេបានយកចិត្តទុកដាក់ជាខ្លាំងចំពោះអ្នកគាំទ្ររបស់ខ្លួននៅក្នុងដំណើរការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតតាមរយៈការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដើម្បីឲ្យពួកគេមានឈ្មោះក្នុងបញ្ជី និងបានទៅបោះឆ្នោត ក្នុងកម្រិតអតិបរិមាដែលអាចធ្វើបាន។ ចំណែកឯគណបក្សផ្សេងទៀតដែលមិនសូវមានលទ្ធភាពឬមិនសូវចាប់ងារម្មណ៍ពិតជាមិនអាចគ្រប់គ្រងអ្នកបោះឆ្នោតរបស់ខ្លួនបានទេ។
ងាកមកនិយាយពីសិទ្ធិបោះឆ្នោតវិញ សិទ្ធិនេះមានសារសំខាន់ណាស់ក្នុងរបបប្រជាធិបតេយ្យ។ សំខាន់នៅត្រង់ថា សន្លឹកឆ្នោតមួយសន្លឹកគឺជាការសម្រេចអំពីជោគវាសនារបស់ប្រទេសជាតិទាំងមូល។ គឺសិទ្ធិនេះហើយដែលអាចបង្ខំឲ្យអ្នកនយោបាយគោរព និងធ្វើតាមអ្វីដែលអ្នកបោះឆ្នោតចង់បាន។ ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតជាដំណាក់កាលសំខាន់មួយ ប៉ុន្តែ សំខាន់ជាងនេះ គឺការទៅបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតតែម្តង ពីព្រោះបើគ្រាន់តែមានឈ្មោះក្នុងបញ្ជី តែមិនបានទៅបោះឆ្នោតវាមានន័យស្មើនឹងការមិនបានប្រើប្រាស់សិទ្ធិនយោបាយតែដដែលទេ។
ក្នុងន័យនេះ ពលរដ្ឋគ្រប់គ្នាគួរតែស្រវាស្រទេញប្រើប្រាស់សិទ្ធិបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃបោះឆ្នោត ដើម្បីក្លាយខ្លួនជាអ្នកកាន់កាប់ជោគវាសនាប្រទេសជាតិពិតប្រាកដ ដោយមិនប្រគល់ជោគវាសនារបស់ប្រទេសជាតិទាំងស្រុងទៅឲ្យអ្នកនយោបាយសម្រេចឡើយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ