ស៊ីរី -
អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 31 សីហា 2011 -
ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ពុធ 31 សីហា 2011
Amnesty International៖ អ្នកទោសស្លាប់ដោយទារុណកម្មបានកើនឡើងខ្លាំង នៅស៊ីរី
ក្នុងទីក្រុងAmude កុមារចុះថ្នល់ធ្វើបាតុកម្មជាមួយឪពុកម្តាយ ដើម្បីប្រឆាំងនយោបាយរដ្ឋាភិបាលស៊ីរី
©Reuters
ក្នុងពេលដែលអង្គការសហប្រជាជាតិនៅតែមិនអាចបំបែកសំណុំរឿងស៊ីរី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនៅបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលស៊ីរី។ នៅថ្ងៃអង្គារទី ៣០ សីហា អាមេរិក បានសម្រេចបន្ថែមឈ្មោះរដ្ឋមន្រ្តីការបរទេសស៊ីរីម្នាក់ទៀត ទៅក្នុងបញ្ជីឈ្មោះមេដឹកនាំស៊ីរី ដែលអាមេរិកត្រូវផ្អាប់ទុកទ្រព្យសម្បត្តិ។ នៅក្នុងប្រទេសស៊ីរីឯណោះវិញ អង្គការAmnesty international បានបង្ហាញថា អ្នកទោសដែលទាហានស៊ីរី ចាប់ខ្លួន នៅក្នុងការបង្រ្កាប ប៉ុន្មានខែចុងក្រោយនេះ បានទទួលរងទណ្ឌកម្ម រហូតដល់ស្លាប់។
បើទោះបីជាអង្គការអន្តរជាតិ ត្រូវហាមមិនឲ្យចូលធ្វើការអង្កេតក្នុងប្រទេសស៊ីរី ប៉ុន្តែ អង្គការការពារសិទ្ធិមនុស្ស Amnesty international បាននិយាយថា ខ្លួនមានភស្តុតាងដែលបង្ហាញថា មានមនុស្ស៨៨នាក់ស្លាប់ នៅក្នុងអំឡុងពេលឃុំខ្លួន នៅក្នុងពន្ធនាគារ នៅចន្លោះខែមេសា ដល់ខែសីហា។ ចំនួននេះគឺកើនខ្ពស់ខ្លាំង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅមុនការបើកបង្រ្កាបរបស់រដ្ឋាភិបាល។ អ្នកទោសទាំងនោះ មួយចំនួនជាប្រជាជនដែលមានតាំងពីកុមារ ក្រោមអាយុ ១៨ឆ្នាំ ដែលទាហានស៊ីរីចាប់បាន នៅក្នុងការបង្រ្កាបហិង្សា។
បើតាមអង្គការអន្តរជាតិមួយនេះ ស្លាកស្លាមទារុណកម្មនៅលើខ្លួនអ្នកទោសដែលជាមូលហេតុស្លាប់របស់អ្នកទោស បានបង្ហាញពីភាពឃោឃៅ និងការសម្លាប់ប្រជាជនឯង ក្នុងទ្រង់ទ្រាយធំ របស់រដ្ឋាភិបាលលោកBachar Al Assad។
សកម្មភាពសាហាវយង់ឃ្នងរបស់រដ្ឋាភិបាលស៊ីរីមិនបញ្ចប់ត្រឹមណេះទេ។ បើតាមប្រភពពីអ្នកការពារសិទ្ធិមនុស្សក្នុងស្រុកស៊ីរីវិញ ស្តាតស៊ីរីដែលត្រូវទទួលការប្រកួតបាល់ទាត់ នៅពេលខាងមុខ ត្រូវបានប្រែក្លាយជាកន្លែងឃុំខ្លួនអ្នកទោស បន្ទាប់ពីពន្ធនាគារមិនអាចទទួលដាក់មនុស្សជាង មួយម៉ឺននាក់។ អ្នកទោសដែលត្រូវទាហានចាប់ខ្លួនបាន ពីក្នុងការបង្រ្កាបក្នុងខេត្តHama។
ទាក់ទងនឹងប្រធានបទនេះដែរ :

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










