អានតួអត្ថបទ
កម្ពុជា

ទូត​ស៊ុយអែត​វាយតម្លៃខ្ពស់​ចំពោះ​ដំណើរ​ការយុទ្ធនាការបោះឆ្នោត​នៅកម្ពុជា​

លោកស្រី Anne Hogund ឯកអគ្គរាជទូត ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា​ដែល ទើប​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​បរិយាកាស​នៃ​ដំណើរការឃោសនា​បោះឆ្នោត នៅ​កម្ពុជា ថា​មាន​ភាពល្អ​ប្រសើរ​ប្រកបដោយ​សន្តិភាព និង​អហិង្សា ពិសេស​​លោកស្រី​បាន​ស្វា​គម​ន៏​ចំពោះ​ការលើកលែងទោស​ដល់​លោក សម រង្ស៊ី វិលត្រឡប់​ចូលរួម​បោះឆ្នោត​នាពេលខាងមុខឆាប់ៗនេះ។ ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប ជម្រាបលា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃ​ចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្នុង​ដំណើរ​ដើម្បី​បញ្ចប់​ការ​បេស​កក​កម្ម​របស់​លោកស្រី​រយៈពេល៣ឆ្នាំ​នៅ​កម្ពុជា។

លោក កុយ ​គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេ​សកម្ពុជា​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​។
លោក កុយ ​គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេ​សកម្ពុជា​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​។ RFI/ គឹម​ យុទ្ធណា
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ជម្រាបលា​បញ្ចប់​បេសកកម្ម​​កា​រទូត​​របស់លោក​ស្រី​នៅ​កម្ពុជា លោកស្រី Anne Hoglund ក្រៅតែពី​បាន​កោតសរសើរ​ដល់​ការ​ចម្រើន និង​ការអភិវឌ្ឍ​ន៍​នៅក្នុង​ប្រទេស​កម្ពុជា​នោះ លោកស្រី​ក៏បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់​ប្រទេស​ស៊ុយ​អ៊ែត​របស់លោក​ស្រី នឹង​បន្ត​តាមដាន​យ៉ាង​ដឹ​តដល់​អំពី​ដំណើរការ​បោះឆ្នោត ពិសេស​ក្នុងកំឡុងពេល​ដំណើរការ​ឃោសនាបោះឆ្នោត​នេះ។

តាមរយៈ​អ្នក​នាំ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង ដែល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​​អំពី​ជំនួប​នោះ​ រដ្ឋាភិបាល​ស៊ុយអែត​បានធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ឃោសនាបោះឆ្នោត ដែល​បាន​កំពុង​ប្រព្រឹត្តទៅ​នៅពេលនេះ ថា​មាន​លក្ខណៈ​ប្រកបដោយ​សុខសន្តិភាព និង​គ្មាន​អំពើ​ហឹ​ង្សា ពិសេស​នោះ​គឺ​អ្នកស្រី​សូម​កោតសរសើរ​ជំហរ​ចុងក្រោយថ្មីៗនេះ​​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ដែល​បាន​ផ្តួចផ្តើម​គំនិត​ផ្សះផ្សា​ជាតិ ដោយបាន​អនុញ្ញាតិ​ឲ្យ​លោក សម រង្ស៊ី ​វិលត្រឡប់​ចូលរួម​ការបោះឆ្នោត​នៅពេល​ខាង​មុខ​នេះ។

លោក កុយ គួ​ង​បានបញ្ជាក់​យ៉ាង​ដូច្នេះ៖«សំលេង»

ចំណែក​ការពង្រឹង​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​ទាំងពីរ​វិញ​លោកស្រី Anne Hogund បាន​បញ្ជាក់ថា រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​នឹង​បន្ត​ជម្រុញ​បន្ថែមទៀត​លើ​វិស័យសេដ្ឋកិច្ច ដោយ​ស្នើ​ដល់​គណ​ប្រតិភូ​វិនិយោគ​ពាណិជ្ជកម្ម​របស់​ស៊ុយអែត នៅក្នុង​ប្រទេស​សឹង្ហ​បូរី និង​បណ្តា​ប្រទេស​ក្នុង​សហគម​ន៏​អាស៊ាន​ឲ្យ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ដើម្បី​ពិនិត្យមើល​សក្តានុពល​វិនិយោគ​នៅក្នុង​ប្រទេស​នេះ។

គួរ​បញ្ជាក់ថា នៅក្នុង​កិច្ច​សហប្រតិបត្តិ​អភិវឌ្ឍ​ន៏​ប្រចាំឆ្នាំ២០១២ និង២០១៣ រវាង​ប្រទេស​ទាំងពីរ ស៊ុយអែត​បានផ្តល់​ជំ​នួន​ដល់​កម្ពុជា​នូវ​ទឹកប្រាក់​ចំនួន៥៧លាន​ដុល្លារ ដែល​ត្រូវបាន​យកមកប្រើ​ប្រាស់​នៅក្នុង​គម្រោង​មួយចំនួន​ដូចជា ការប្រែប្រួល​អាកាសធាតុ ការអភិវឌ្ឍន៍​​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​វិស័យ​អប់រំ។ ដោយឡែក ការផ្តោះប្តូរ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ ២០១២កន្លងទៅ​ មាន​ទំហំ​ទឹកប្រាក់​ចំនួន៤៦លាន​ដុល្លារ​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ