អានតួអត្ថបទ
ជប៉ុន

លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ប្រកាស​រំលាយ​សភា​ជា​ផ្លូវការ

នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​បាន​ប្រកាស​រំលាយ​រដ្ឋសភា​នៅថ្ងៃ​សុក្រ​ ទី​២១​ វិច្ឆិកា ដើម្បី​ឲ្យ​មាន​ការបោះឆ្នោត​ជាតិ នៅមុន​កាល​កំណត់។ នៅក្នុង​ពេល​ដែល​សេដ្ឋកិច្ច​របស់​ជប៉ុន កំពុង​ដើរថយក្រោយ នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ជ្រើសរើស​យក​ការរំលាយ​រដ្ឋសភា និង​​ការបោះឆ្នោត​សា​ថ្មី ដើម្បី​ស្តារ​មុខមាត់ និង​នយោបាយ​សេដ្ឋកិច្ច​របស់លោក​ដែល​ពេលនេះ មិនសូវ​មាន​ប្រជាប្រិយភាព​ប៉ុន្មាន​ក្នុង​ចំណោម​ប្រជាជន​ជប៉ុន។  

នាយករដ្ឋមន្រ្តី​និង​សមាជិក​គណបក្ស​របស់​លោក នៅក្រោយ​ការប្រកាស​រំលាយ​សភា
នាយករដ្ឋមន្រ្តី​និង​សមាជិក​គណបក្ស​របស់​លោក នៅក្រោយ​ការប្រកាស​រំលាយ​សភា ©REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​បាន​ប្រើ​សិទ្ធិ​អំណាច របស់ខ្លួន ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ជប៉ុន​ដើម្បី​រំលាយ​រដ្ឋសភា​នៅថ្ងៃ​សុក្រ​នេះ។ ការបោះឆ្នោត​សភា​មុន​កាល​កំណត់ ដើម្បី​ជ្រើសរើស​អ្នកតំណាងរាស្រ្ត​ចំនួន ៤៧៥​នាក់ នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅថ្ងៃ​ទី ១៤​ធ្នូ ខាងមុខ។

 
ការរំលាយ​រដ្ឋសភា​សម្រេច​ដោយ​នាយករដ្ឋមន្រ្តី​អាបេ​បាន​បង្ក​ឲ្យ​មាន​ការមិនពេញចិត្ត​ពី​សំណាក់​សមាជិក​សភា​របស់​គណបក្ស​ប្រឆាំង ដែល​បាន​ចោទ​លោក​អាបេ​ថា បាន​ធ្វើការ​សម្រេច​ចិត្ត​ ដោយ​គ្មាន​ហេតុផល។ ម្យ៉ាង ការបោះឆ្នោត​មុនកាល​កំណត់​នេះ នឹង​ធ្វើ​ឲ្យ​ជប៉ុន ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​រួចហើយនោះ ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ប្រមាណ ៤០០​លាន​អឺរ៉ូ​ទៀត។ តាម​ការស្ទង់មតិ​របស់​កាសែត​ជប៉ុន Asahi Shimbun ប្រជាជន​ជប៉ុន​ប្រមាណ​៦៥%​ក៏​បាន​និយាយ​ថា ពួកគេ​មិន​យល់​ពី​ការសម្រេច​ចិត្ត​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន ក្នុង​ការរំលាយ​សភា នៅពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​យ៉ាងដូច្នេះដែរ។

នៅពេល​ចូលកាន់​តំណែង ជា​នាយក​រដ្ឋមន្រ្តី ជប៉ុន លោក​ស៊្ហីនហ្សូ អាបេ​បាន​ធ្វើ​នយោបាយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដ៏​ជោគជ័យ​មួយ។ ប៉ុន្តែ នយោបាយ​ជំរុញ​សេដ្ឋកិច្ច​របស់លោក​បាន​គ្រេចជើង ដោយសារ​តែ​វិធានការ​ដំឡើង​ពន្ធ​លើ​ការលក់ទំនិញ និង​សេវាកម្ម TVA ដែល​បាន​ចូល​ជា​ធរមាន តាំងពី​ខែ​មេសាមក។ កាលពីថ្ងៃ​សុក្រ លោកអាបេ​បាន​ពន្យល់​ថា រាល់​ការសម្រេច​​ចិត្ត​ទាក់ទង​នឹង​ពន្ធដារ មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ជីវភាព​រស់នៅ​របស់​ប្រជាជន។ ដូច្នេះ រាល់​ការសម្រេច​ចិត្ត​ត្រូវ​តែ​ទទួល​ការបោះឆ្នោត ដោយ​អ្នក​តំណាងរាស្រ្ត នៅ​រដ្ឋសភា។ នេះ​ហើយ​ជា​ហេតុផល​ដែល​គេ​ត្រូវ​បោះឆ្នោត​ជាតិ​សា​ជាថ្មី ដើម្បី​ជ្រើសរើស​អ្នកតំណាង​ថ្មី របស់​ប្រជាជន។

ដោយ​ប្រកាស​រៀបចំ​ការបោះឆ្នោត​មុនអាណត្តិ លោកនាយករដ្ឋមន្រ្តី​ជប៉ុន​ប្រថុយ​នឹង​ការបាត់បង់​​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា នៅពេល​ដែល​កូដ​ប្រជាប្រិយភាព​របស់​លោក​បាន​ធ្លាក់​នៅ​ត្រឹម ៤០​ភាគរយ ដែល​ជា​កម្រិត​ទាប​បំផុត​មិន​ធ្លាប់។ តើ​លោក​អាបេ​នឹង​អាច​ឆ្លងផុត​ពី​វិញ្ញាសារ​លើកនេះ​ដែរឬទេ? កន្លងមក រាល់​នាយករដ្ឋមន្រ្តី​ជប៉ុន​ដែល​ហ៊ាន​ដំឡើង​ពន្ធ​TVA សុទ្ធ​តែ​ជួប​បរាជ័យ​នៅក្នុង​ការបោះឆ្នោត​ជាតិ។ លោក​អាបេ​ផ្ទាល់​បាន​ប្រកាស​ដែរថា លោក​នឹង​ចុះចេញ​ពីតំណែង ប្រសិន​បើ​រដ្ឋាភិបាល​ចម្រុះ​របស់​លោក បាត់​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា។ ប៉ុន្តែ តាមអ្នកវិភាគ គណបក្ស​របស់​លោកអាបេ​នៅតែ​ទទួល​បាន​គាំទ្រ នៅពេល​ដែល​គណបក្ស​ប្រឆាំង​នៅ​តែ​ទន់ខ្សោយ​នៅ​ឡើយ។ ប៉ុន្តែ អ្វីដែល​អាច​ជា​ឧបសគ្គ​របស់​លោកអាបេ គឺ​ ការធ្វើ​ពហិការ ឬ​បោះឆ្នោត​អនុប្បវាទ របស់​ប្រជាជន​ដែល​​ខកចិត្ត​នឹង​នយោបាយ​លោក​អាបេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ