ចន្ទ 16 មករា 2012
កម្ពុជា​នឹង​ប្រឈម​កាន់​តែ​ខ្លាំង​នៅ​ពេល​អាស៊ាន​បង្កើត​ សហគមន៍រួម?
អាស៊ាន-២០១១
អាស៊ាន-២០១១
reuters
ដោយ គី សុខលីម

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​ហៅ​កាត់​ថា អាស៊ាន គ្រោង​នឹង​បង្កើត​សហគមន៍​រួម​នៅ​ក្នុង​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។ ការ​បង្កើតសហគមន៍​រួម​នេះ​នឹង​បើកផ្លូវ​អោយ​ប្រទេស​ជា​សមាជិក​ទាំងអស់​អាច​ចរាចរទំនិញ​​ដោយ​គ្មាន​ពន្ធ​គយ​ហើយ​ប្រជាជន​អាច​ធ្វើ​ដំណើរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្សេងទៀត​ដោយសេរី​​និង​អាច​ធ្វើការ​ក្នុង​ប្រទេស​ណា​ក៏​បាន​ដែរ។ ប៉ុន្តែ​សំណួរ​ដែល​កំពុង​ចោទសួរ​ឡើង​គឺ​ថា​តើ​ប្រទេស​កម្ពុជា​នឹង​អាច​ទទួល​បាន​ផល​ច្រើន​ពី​សហគមន៍​រួម​នេះ​ឬ​ផ្ទុយ​ទៅវិញ​កម្ពុជា​ខាត​ច្រើន​ជាង​ចំណេញ?

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ឬ​ហៅ​កាត់ថា អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៧​នៅ​ក្នុង​ប្រទេស​ថៃ។ សមាជិក​ចាស់​របស់​អាស៊ាន​មាន​៦​ប្រទេស​ក្នុង​នោះ​មាន៖ ប្រទេស​ថៃ ប៊្រុយណេ ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី​និង​ហ្វីលីពីន។ រីឯ​សមាជិក​៤​ថ្មី​មាន​៤​ប្រទេស​ដូចជា៖វៀតណាម​ ឡាវ ភូមា​និង​ប្រទេស​កម្ពុជា។ កម្ពុជា​គឺ​ជា​កូន​ពៅ​របស់​អាស៊ាន​ដែល​បាន​សម្រេច​ចិត្ត​ចូល​ជា​សមាជិក​ក្រោយគេ​នៅ​ឆ្នាំ​១៩៩៩។

 
រហូត​មកដល់​ឆ្នាំ​២០១២​នេះ មាន​រយៈពេល​​១៣​ឆ្នាំ​ហើយ​ដែល​ប្រទេស​ក្រីក្រ​កម្ពុជា​​បាន​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិរ​បស់​សមាគម​អាស៊ាន។ ក្នុង​រយៈពេល​១៣​ឆ្នាំ​នេះ ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ពីរដង។ លើកទី​មួយ​នៅ​ឆ្នាំ​ ២០០២​និង​លោក​ទី​ពីរ​នៅ​ឆ្នាំ​២០១២​នេះ។ ឆ្នាំ​២០១២​ គឺ​ជាឆ្នាំ​ដែល​ប្រទេស​កម្ពុជា​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​ម្តង​ទៀត​នៅ​ខែ​មេសា​ខាងមុខ​នេះ។ កិច្ច​ប្រជុំ​កំពូល​ មេ​ដឹកនាំ​អាស៊ាន​មិន​ទាន់​ចាប់ផ្តើម​នៅ​ឡើយ​ទេ​ប៉ុន្តែ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នានា​របស់​អាស៊ាន​បាន​ចាប់ផ្តើម​ឡើង​ជា​បន្ត​បន្ទាប់។
 
កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​២០១២​នេះ​គឺ​ជា​រឿង​សំខាន់​មួយ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​​សមាគម​អាស៊ាន​ទាំង​មូល​គ្រោង​នឹង​បង្កើត​សហគមន៍​អាស៊ាន​រួម​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។ មាន​ន័យ​ថា ពេលនោះ ការ​ចរាចរណ៍​ទំនិញ​និង​មនុស្ស​អាច​ប្រព្រឹត្ត​ឡើង​ដោយ​គ្មាន​ពន្ធគយ​និង​ដោយគ្មាន​ទិដ្ឋាការ​រវាង​ប្រទេស​ជា​សមាជិក។ គំនិត​បង្កើត​សហគមន៍​អាស៊ាន​រួម​នេះ​គឺ​ជា​គំនិត​ល្អ​ប៉ុន្តែ​សំណួរ​ជា​ច្រើន​បាន​លើក​ឡើង​ថា តើ​កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​ជាង​គេ​មួយ​​នៅ​អាស៊ាន​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ឬ​ក៏​ខាត​ប្រយោជន៍​ច្រើន​ទៅ​វិញ​ពី​សហគមន៍​អាស៊ាន​រួមនេះ?
 
ទាក់ទង​ទៅ​នឹង​សំណួរ​នេះ អ្នកវិភាគ​សង្គម​មួយ​ចំនួន​បាន​ពន្យល់​ថា ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​ខាតបង់​ច្រើន​ជាង​ការ​ទាញ​បាន​ផល​ប្រយោជន៍​មក​វិញ។ ខាតបង់​ច្រើន​ពីព្រោះ​ប្រទេស​ក្រីក្រ​កម្ពុជា​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផលិត។ ពេលនោះ ទីផ្សារ​កម្ពុជា​អាច​ក្លាយ​ទៅ​ជា​ទីផ្សារ​របស់​ផលិត​ផល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន។ រីឯ​ផលិត​ផល​ខ្មែរ​ប្រហែល​ជា​ពិបាក​ឈរ​ជើង​នៅ​លើ​ទីផ្សារ​របស់​ខ្លួន​ថែម​ទៀត​​។ ហើយ​នេះ​មិន​ទាន់​ទាំង​និយាយ​អំពី​ការ​នាំចេញ​ទៅ​ក្រៅ​ផង។ អ្នកវិភាគ​នានា​និយាយ​ថា ដោយសារ​តម្លៃ​ថ្លៃនិង​​ស្តង់ដារ​​ផ្សេងៗ​នៅ​មាន​កម្រិត​ ផលិតផល​ខ្មែរ​ពិត​ជា​ពិបាក​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នៃ​សមាជិក​អាស៊ាន​ដទៃទៀត។
 
ងាក​មក​និយាយ​ពី​បញ្ហា​លំហូរ​ធនធាន​មនុស្ស​វិញ។ នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ ប្រជាជន​ក្នុង​សមាគម​អាស៊ាន​ទាំងមូល​ជា​គោលការណ៍​នឹង​អាច​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​រវាង​ប្រទេស​និង​ប្រទេស។ លើស​ពីនេះ​ទៅ​ទៀត លំហូរ​ពលកម្ម​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​នឹង​អាច​ធ្វើ​ឡើង​​ដោយ​សេរី។ ចំណុច​នេះ​គឺ​ជា​ក្តី​កង្វល់​របស់​ប្រជាជន​កម្ពុជា។
 
អ្នកវិភាគ​ជា​ច្រើន​​បាន​និយាយ​ថា កម្លាំង​ពលកម្ម​ខ្មែរ​ពិតជា​មិនអាច​ប្រកួត​ប្រជែង​ជាមួយ​កម្លាំង​ពលកម្ម​នៃ​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី ប្រទេស​ឥណ្ឌូនេស៊ី វៀតណាម​ឬ​ប៊្រុយណេ​បាន​ទេ។ ពីព្រោះ​អ្នក​ជំនាញ​នៃ​ប្រទេស​ទាំង​នោះ ​មាន​ចំណេះដឹង​ជំនាញ​ខ្ពស់​ជាង​ធនធាន​មនុស្ស​ខ្មែរ​។ អ៊ីចឹង នៅ​ពេល​អាស៊ាន​មាន​សហគមន៍រួម​ ពេលនោះ អ្នក​ជំនាញ​បរទេស​ទាំងនោះ​នឹង​មាន​ឳកាស​កាន់​តែ​ច្រើន​ មាន​ន័យ​ថា ពួកគេ​អាច​មក​ដណ្ដើម​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត។ រីឯ អ្នក​ជំនាញ​ខ្មែរ​ប្រហែល​ជា​ពិបាក​នឹង​ទៅ​ដណ្តើម​ការងារ​នៅ​ក្នុង​ប្រទេស​គេ​ណាស់។ ចំណេះ​ដឹង​ជំនាញ​របស់​ខ្មែរ​នៅ​មាន​កម្រិត​​ជា​រឿង​ម្យ៉ាង​ ​ប៉ុន្តែ​​រឿង​​ម្យ៉ាងទៀត​ គឺ​ដោយសារ​​តម្លៃ​សញ្ញាបត្រ​ខ្មែរ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​អោយ​តម្លៃ​នៅ​ឡើយ។
 
សរុប​សេចក្តី​មក​វិញ ក្នុង​រយៈពេល​ខ្លី ប្រទេស​កម្ពុជា​ពិតជា​បាត់បង់​ប្រយោជន៍​ខ្លះ​ពី​ការ​បង្កើត​សហគមន៍​រួម​នេះ​ប៉ុន្តែ​អ្នក​វិភាគ​នានា​អត្ថាធិប្បាយ​ថា ក្នុង​រយៈពេល​វែង ប្រទេស​ក្រីក្រ​កម្ពុជា​ពិតជា​នឹង​ទទួល​បាន​ផល​ត្រលប់​មក​វិញ។ ផល​ត្រលប់​មក​វិញ​នោះ​គឺ​កើត​ឡើង​​តាម​រយៈ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​ការ​ប្រកួត​ប្រជែង​ជា​សកល។
 
ការ​ប្រកួត​ប្រជែង​កាត់​តែ​ខ្លាំង​នឹង​ជំរុញ​អោយ​ប្រទេស​ទន់ខ្សោយ​កម្ពុជា​កាន់​តែ​មាន​ទឹកចិត្ត​រត់​តាម​គេ។ ម្យ៉ាងទៀត ​កម្ពុជា​នឹង​ទទួល​បាន​បទ​ពិសោធន៍​ពី​លំហូរ​ធនធាន​មនុស្ស​ពី​ប្រទេស​ដទៃ​ក្នុង​អាស៊ាន។ ទាំង​អស់​នេះ​គឺ​ជា​ចំណុច​វិជ្ជមាន​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​វែង៕

 

ពាក្យគន្លឹះ : កម្ពុជា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close