អានតួអត្ថបទ
កម្ពុជា

ADB​ជួយ​ជាង​៥០០​លាន​ដុល្លារ​ដើម្បី​បង្កើត​ទីក្រុង​នៅ​ជនបទ​

ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី ​ADB ​បាន​​ប្រកាស​​នៅ​​អង្គារ​​នេះ​​អំពី​​គម្រោង​​ជួយ​​កម្ពុជា​​រយៈ​​៣​​ឆ្នាំ​​ដែល​​មាន​​តម្លៃ​​ទឹកប្រាក់​​៥២៥​​លាន​​ដុល្លារ។​ វា​​គឺ​​ជា​​ផែនការ​​ប្រតិបត្តិ​​ធុរៈកិច្ច​​ប្រចាំ​​ប្រទេស​​កម្ពុជា​​ដែល​​ផ្តោត​​លើ​​ការ​​អភិវឌ្ឍន៍​​ទី​​ប្រជុំ​ជន​​តូចៗ​​អោយ​​ក្លាយ​​ជា​​ទីក្រុង​​ការ​​ត​ភ្ជាប់​​រវាង​​​ទីក្រុង​​និង​​ជនបទ​និង​​ការ​​ប្រែប្រួល​​អាកាស​ធាតុ​​ជា​​ដើម។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADBជួយ​ជាង​៥០០​លាន​ដុល្លារ​ដើម្បី​បង្កើត​ទីក្រុង​នៅ​ជនបទ​
ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADBជួយ​ជាង​៥០០​លាន​ដុល្លារ​ដើម្បី​បង្កើត​ទីក្រុង​នៅ​ជនបទ​ RFI
ផ្សាយពាណិជ្ជកម្ម

គម្រោង​​៣​ឆ្នាំ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​តំបន់​ជនបទ​របស់​កម្ពុជា ត្រូវ​បង្ហាញ​ដោយ​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB នៅ​ថ្ងៃ​អង្គារ​នេះ។ គឺ​ជា​ផែនការ​ប្រតិបត្តិ​ធុរកិច្ច​ប្រចាំ​ប្រទេស​កម្ពុជា​២០១៣-២០១៥​ដែល​មាន​តម្លៃ​៥២៥​លាន​ដុល្លារ។

 
ក្នុង​ចំណោម​ថវិកា​ទាំង​នេះ​រួម​មាន កម្ចី​ហិរញ្ញប្បទាន​របស់​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​ចំនួន​៤៩១​លាន​ដុល្លារ និង​ជំនួយ​ឥត​សំណង​ចំនួន​ជាង​៣៤​លាន​ដុល្លារ​ទៀត​ដែល​ត្រូវ​ប្រើ​សម្រាប់​ជំនួយ​​បច្ចេកទេស​នៅ​ក្នុង​ប្រទេស និង​នៅ​ថ្នាក់​តំបន់។

 
ក្រៅពី​ថវិកា​ខាង​លើ​នេះ ហិរញ្ញប្បទាន​ចំនួន​២៦០,៣​លាន​ដុល្លារ​ផ្សេង​ទៀត ដែល​បាន​ពី​ប្រភព​ផ្សេងៗ​ទៀត​ក៏​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ផែនការ​ប្រតិបត្តិការ​ធុរកិច្ច​ប្រចាំ​ប្រទេស​នេះ​ផង​ដែរ ដែល​ធ្វើ​អោយ​ផែនការ​នេះ​មាន​ថវិកា​កើន​ឡើង​ដល់​ជាង​៧០០​លាន​ដុល្លារ​ឯណោះ។

ថវិកា​ទាំង​អស់​នេះ​នឹង​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​១៤ និង​គម្រោង​ថ្នាក់​តំបន់​ចំនួន​៥​ទៀត ដោយ​រួម​បញ្ចូល​ទាំង​គម្រោង​ពាណិជ្ផ​ភាវូបនីយកម្ម​ផលិតកម្ម​ស្រូវគម្រោង​កែលំអ​ផ្លូវ​ខេត្ដ និង​ផ្លូវ​ជនបទ គម្រោង​ស្ដារ​ប្រព័ន្ធ​ធារាសាស្ដ្រ​ឡើង​វិញ គម្រោង​អភិវឌ្ឍន៍​ទីប្រជុំជន​នៅ​តាម​ច្រក​របៀង​នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ (GMS) គម្រោង​បញ្ផ្រាប​សកម្មភាព​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​គម្រោង​នានា និង​គម្រោង​ពង្រឹង​ភាព​ជា​ដៃ​គូ រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន។

 
លោក Eric Sidgwick នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​​ថា ផែនការ​ប្រតិបត្ដិ​ធុរកិច្ច​ប្រចាំ​ប្រទេស​នេះបាន​បង្ហាញ​ឱ្យ​ឃើញ​ពី​វិស័យ​ចម្បងៗ ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នឹង​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ជម្រុញ​ឱ្យ​មាន​កំណើន​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​ផ្នែក​បរិស្ថាន។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​ត្រូវ​បាន​ចែក​ផ្សាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ សកម្មភាព​ដែល​ត្រូវ​អនុវត្តន៍​ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ពលរដ្ឋ​មាន​ដូចជា ការ​ពង្រឹង​ការ​ដោះស្រាយ​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ការ​តភ្ជាប់​ទំនាក់ទំនង​រវាងជន​បទ​និង​ទីក្រុង ហើយ​ដែល​វា​នឹង​បង្កើន​ឱកាស​ការងារ និង​ចំណូល​នៅ​តាម​ទី​ប្រជុំ​ជន​តូចៗ និង​នៅ​តាម​ទីជន​បទ​នានា។ ប្រកា​នេះ​ហើយ​ដែល​វានឹង​បង្កើត​អោយ​បាន​ជម្រើស​ទីកន្លែង​ថ្មី​​ទៀត​ ក្រៅ​ពី​រាជធានី​ភ្នំពេញ សម្រាប់​អ្នក​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ