ការនាំចេញរបស់កម្ពុជាចាញ់ថៃនិងវៀតណាមប៉ុន្តែឈ្នះឡាវនិងភូមា

នៅក្នុងក្របខណ្ឌប្រទេសមហាអនុតំបន់មេគង្គដែលមាន៥ប្រទេស ការនាំចេញរបស់ប្រទេសកម្ពុជាស្ថិតនៅទាបដាច់ឆ្ងាយពីប្រទេសថៃនិងប្រទេសវៀតណាមប៉ុន្តែកម្ពុជាមានសំណាងឈ្នះប្រទេសឡាវនិងប្រទេសភូមា។
ការនាំចេញរបស់ប្រទេសថៃមានប្រមាណជា៦៨,៨% នៃការនាំចេញសរុបរបស់ប្រទេសចំនួន៥ នៃមហាអនុតំបន់ទន្លេមេគង្គ។ ប្រទេសវៀតណាមមានចំនួន ២៥,៦% ប្រទេសកម្ពុជាមានចំនួន ២,២% និងប្រទេសឡាវមានចំនួន ០,៦%។ ភាគរយនៅសល់តិចតួចគឺជាចំណែករបស់ប្រទេសភូមា។
នេះបើយោងតាមរបាយការណ៍នៃសៀវភៅ៖«អាស៊ីពាណិជ្ជកម្ម និងការសម្រួលពាណិជ្ជកម្មនៅក្នុងមហាអនុតំបន់ទន្លេមេគង្គរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលទើបចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ។
ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គជារួមមាន៖ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា ប្រទេសថៃ វៀតណាម និងខេត្ដយូណាននៃសាធារណរដ្ឋប្រជាមានិតចិន។ សូមបញ្ជាក់ថា តួលេខខាងលើនេះ របាយការណ៍មិនបានគិតបញ្ចូលខេត្តមួយរបស់ប្រទេសចិននោះទេ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពគ្មានប្រសិទ្ធិភាពនៃដំណើរការនាំចេញ-នាំចូល និងឧបសគ្គចំពោះការនាំចេញនៅក្នុងប្រទេសកម្ពុជា បានបង្កអោយមានភាពយឺតយ៉ាវយ៉ាងច្រើន និងបង្កើនការចំណាយបន្ថែមទៀតដែលនាំអោយប្រទេសនេះមិនសូវមានសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារតំបន់ និងសកលលោក។ ការចំណាយខ្ពស់លើការដឹកជញ្ជូននិងភ័ស្តុភារគឺជាឧបសគ្គរបស់កម្ពុជាក្នុងការធ្វើជំនួញជាមួយដៃគូរក្នុងតំបន់និងពិភពលោក។
របាយការណ៍ដដែលបានលើកឧទាហរណ៍មកបញ្ជាក់ថា ការចំណាយលើការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាមានចំនួន៩ដុល្លារក្នុងមួយតោនក្នុង១០០គីឡូម៉ែត្រពីទីក្រុងបាងកក មកកាន់ទីក្រុងភ្នំពេញ និង១៣ ដុល្លារក្នុងមួយតោន ក្នុង១០០គីឡូម៉ែត្រពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ប្រសិនបើគេធ្វើប្រតិបត្តិការដូចគ្នានៅក្នុងប្រទេសថៃនិងប្រទេសវៀតណាមវិញ តម្លៃមានកម្រិតតែ៦ និង៧ដុល្លារអាមេរិកប៉ុណ្ណោះ។
ក្រៅពីបញ្ហាតម្លៃដឹកជញ្ជូនខ្ពស់ ក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសកម្ពុជាបានរាយការណ៍ថា កម្ពុជាខ្វះខាតការផ្គត់ផ្គង់ថាមពល ខ្វះខាតកម្លាំងពលកម្ម មានឧបសគ្គផ្នែកហិរញ្ញប្បទាន និងមានបញ្ហាទាក់ទងទៅនឹងបទបញ្ញត្ដនានារបស់រដ្ឋាភិបាល។ បញ្ហាទាំងនេះ បានរារាំងក្រុមហ៊ុនមួយចំនួនអោយមានភាពយឺតយ៉ាវក្នុងការនាំចូលវត្ថុធាតុដើម និងធ្វើអោយរាំងស្ទះដល់ការនាំចេញទំនិញអោយបានច្រើន។
របាយការណ៍បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាអាចទទួលបានប្រយោជន៍កាន់តែច្រើន ពីវិធានការសម្រួលពាណិជ្ផកម្ម នៅក្នុងមហាអនុតំបន់ទន្លេមេគង្គតាមរយៈការដកចេញនូវការចំណាយលើភ័ស្ដុភារដែលមានកម្រិតខ្ពស់ ការពន្យារពេល និងឧបសគ្គដទៃៗទៀតមួយចំនួនផ្សេងទៀត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ