កម្ពុជា-ថៃ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 14 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 14 សីហា 2012

រយៈពេល ៦ ខែ ឆ្នាំ២០១២ ថៃ​បាញ់​សម្លាប់​ប្រជាជន​កម្ពុជា ៣៨ នាក់

ការស្រាវជ្រាវ​រកពលរដ្ឋខ្មែរ​៥នាក់ទៀត​ដែល​ស្លាប់​និងបាត់ខ្លួន​នៅក្នុង​ទឹកដី​ថៃក្បែរ​ព្រំដែន​ខេត្តឧត្តរមានជ័យ​
ការស្រាវជ្រាវ​រកពលរដ្ឋខ្មែរ​៥នាក់ទៀត​ដែល​ស្លាប់​និងបាត់ខ្លួន​នៅក្នុង​ទឹកដី​ថៃក្បែរ​ព្រំដែន​ខេត្តឧត្តរមានជ័យ​
© សុវណ្ណរ៉ា

ដោយ លី ម៉េងហួរ

ពលរដ្ឋ​កម្ពុជា ៣៨ នាក់ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់ នៅ​ពេល​ឆ្លង​ដែន ទៅ​កាប់​ឈើ​ខុសច្បាប់ ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១២ គិត​ចាប់ពី​ខែ​មករា​។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​សង្ខេប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១២ របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​។ របាយការណ៍​ក៏​បាន​បង្ហាញ​ថា រយៈពេល ៦​ខែ​ដើមឆ្នាំ​នេះ ក៏​មាន​ពលរដ្ឋ​កម្ពុជា របួស​ចំនួន ១០ នាក់ និង​ថៃ​ចាប់​យក​ទៅ​ដាក់​ពន្ធនាគា​រ ចំនួន ១៩៤ នាក់ ព្រម​ទាំង​បាត់​ខ្លួន​ម្នាក់​។​

សេចក្តីរាយ​ការណ៍​របស់​​ លី ម៉េងហួរ
 

14/08/2012

ក្នុង​របាយការណ៍​ចំនួន ៥ ទំព័រ ចុះ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​នៅ​ប៉ោយប៉ែត ព្រំដែន​កម្ពុជា​-​ថៃ ចុះហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៦ ខែ គិត​ចាប់ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១២ ករណី​ពលរដ្ឋ​កម្ពុជា​កាប់​ឈើ​នៅ​តាម​ព្រំដែន ត្រូវ​បាន​សមត្ថកិច្ច​ថៃ បាញ់សម្លាប់​ចំនួន ៣៨ នាក់ របួស​ចំនួន ១០ នាក់ ចាប់​ដាក់​ពន្ធនាគារ ១៩៤ នាក់ និង​បាត់​ខ្លួន​ម្នាក់​។ របាយការណ៍​ក៏​បង្ហាញ​ថា ក្នុង​នោះ ថៃ​ក៏​បាន​ដោះលែង​ពលរដ្ឋ​កម្ពុជា ចំនួន ៨០ នាក់​មក​វិញ ដោយ​ក្នុង​នោះ ករណី​កាប់​ឈើ​ចំនួន ៤៦ នាក់ និង​ករណី​ឆ្លងដែន​ខុស​ច្បាប់​ចំនួន ៣៤ នាក់​។

 
របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ថា សមត្ថកិច្ច​ថៃ​បាន​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លង​ដែន​ខុសច្បាប់ ឲ្យ​ត្រឡប់​មក​កម្ពុជា ចំនួន ១.៤៦៥ លើក សរុប​ចំនួន ៦៨.៦៥៩ នាក់​។ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្រោម​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ នៅ​ក្រោម​ក្រសួង​ការពារជាតិ​។ ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ តំណាង​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​បន្ត​ពង្រឹង​តួនាទី ជា​ស្ពាន និង​ជា​អ្នកការទូត ជាមួយ​ភាគី​ថៃ ដើម្បី​សន្តិភាព សន្តិសុខ សុវត្ថិភាព និង​ការ​អភិវឌ្ឍន៍​តាម​ព្រំដែន​។ ក្នុងនោះ អាជ្ញាធរ​ព្រំដែន​កម្ពុជា​ក៏​ត្រូវ​បង្កើន​សហប្រតិបត្តិការ​ជាមួយ​ថៃ ដើម្បី​កុំ​អោយ​កងកម្លាំង​ថៃ បាញ់សម្លាប់ និង​ចាប់ខ្លួន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្តោយ​ព្រំដែន​។
 
ករណី​ទាហាន​ថៃ​បន្ត​បាញ់ប្រហារ​លើ​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក៏​ត្រូវ​បាន​លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស លីកាដូ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់ ចាប់​ពលរដ្ឋ​ឆ្លង​ខុស​ច្បាប់​ទាំង​នោះ ទៅ​កាត់ទោស​។ ម្យ៉ាងទៀត តាម​សកម្មជន​សិទ្ធិមនុស្ស បើ​សិន​ជា​ថៃ​មិន​បញ្ឈប់​ការ​បាញ់ ប្រល័យ​ជីវិត​ពលរដ្ឋ​កម្ពុជា​ទេ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ប្តឹង​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​សហប្រជាជាតិ ពិសេស​ប្តឹង​ទៅ​អាស៊ាន​ដែល​កម្ពុជា និង​ថៃ ជា​សមាជិក​អាស៊ាន​។ ក្រសួង​ការបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត តវ៉ា​ជា​ញឹកញាប់​ទៅ​កាន់​ក្រសួង​ការបរទេស​ថៃ ដើម្បី​ទាមទារ​ឲ្យ​ថៃ​បញ្ឈប់​អំពើ​បាញ់ប្រហារ​ដ៏​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​៕​

ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close