អានតួអត្ថបទ
បារាំង-​អាល្លឺម៉ង់

​បារាំង-អាល្លឺម៉ង់ប្រារព្ធ​ខួបមិត្តភាព​​៥០​ឆ្នាំ​

២២ មករា ១៩៦៣ - ២២​ មករា ២០១៣ ថ្ងៃនេះ​ជា​ខួប​៥០​ឆ្នាំគត់ ថ្ងៃ​ចុះ​ហត្ថលេខា​​លើ​សន្ធិសញ្ញា​មិត្ត​ភាព​បារាំង​-អាល្លឺម៉ង់ ដែល​មាន​ឈ្មោះ​ថា “សន្ធិសញ្ញា អេលីហ្សេ”។ ខួប​ឆ្នាំ​៥០ឆ្នាំ ជា​ធម្មតា​គួរ​តែ​ជាពិធី​បុណ្យ​​​ដ៏​ធំ ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​ឆ្នាំ​នេះ ធ្វើ​ឡើង​ក្នុង​បរិបទ​មួយ​ដែលមេ​ដឹកនាំ​​ប្រទេស​ទាំងពីរ​ហាក់​មិន​សូវ​ស៊ីចង្វាក់​ ក្នុង​សំណុំ​រឿង​​​ជា​ច្រើន​ និង​គ្មាន​ផែនការ​អនាគត​សំខាន់ៗ​រួម​គ្នាសោះ ទោះ​បី​ជា​រដ្ឋ​ទាំង​ពីរខំ​បង្ហាញ​រូបភាព​រក្សា​ទំនាក់ទំនង​មិត្តភាពឱ្យ​មាន​​​ស្អិត​ល្មួត​នឹង​គ្នា​ដដែល​យ៉ាងណា​ក៏ដោយ។ តើ​អ្វី​ទៅ​ជា​សន្ធិសញ្ញា​មិត្តភាព​បារាំង-អាល្លឺម៉ង់ ?

លោកស្រី Merkel និង​លោក Hollande ប្រារព្វ​ខួប​មិត្តភាព​បារាំង​-អាល្លឺម៉ង់​លើក​ទី​៥០
លោកស្រី Merkel និង​លោក Hollande ប្រារព្វ​ខួប​មិត្តភាព​បារាំង​-អាល្លឺម៉ង់​លើក​ទី​៥០ REUTERS/Kay Nietfeld/Pool
ផ្សាយពាណិជ្ជកម្ម

សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​សាធារណរដ្ឋ​បារាំង​ បាន​ព្រមព្រៀង​ទ្វេភាគី​លើ​សន្ធិសញ្ញា​មិត្តភាព​ Elysée ដោយ​មាន​ការ​ចុះ​ហត្ថលេខា​រវាង ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Konrad Adenauer និង​ប្រមុខ​រដ្ឋ​បារាំង​ Charles de Gaulle នៅ​ថ្ងៃ​ទី​២២​មករា ឆ្នាំ​១៩៦៣។ សន្ធិសញ្ញា​នេះ ការ​បិទ​បញ្ចប់​ភាព​ជា​សត្រូវ​សួរពូជ​ស៊ីសាច់​ហុត​ឈាម​គ្នា និង​បិទ​បញ្ចប់​សង្គ្រាម​បារាំង​អាល្លឺម៉ង់​ឆ្នាំ​១៨៧០ សង្គ្រាម​លោក​លើក​ទី​មួយ (១៩១៤-១៨) សង្គ្រាម​លោកលើកទីពីរ (១៩៣៩-៤៥)។ មិន​តែ​ប៉ុណ្ណោះ​សន្ធិសញ្ញា​នេះ បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​ធ្វើ​សហប្រតិបត្តិការ​រួម​គ្នា​ក្នុង​វិស័យ​ជា​ច្រើន​ទៀត​ តាំង​ពី​ទំនាក់ទំនង​អន្តរជាតិ ការពារជាតិ​ រហូត​ដល់​វិស័យ​អប់រំ។ មិន​មែន​ត្រឹម​តែ​ប្រមុខ​ដឹកនាំ​ប្រទេស​មាន​ទំនាក់​ទំនងល្អ​នឹង​គ្នា​ ប្រជាពលរដ្ឋ​បារាំង​និង​អាល្លឺម៉ង់​ក៏​ចាប់​ផ្តើម​ផ្សះផ្សា​គ្នា​ឡើង​វិញ​ដែរ។ ទំនាក់ទំនង​ទ្វេភាគី​ល្អ ដែល​ក្លាយ​ជា​ម៉ាស៊ីន​ និង​ឧទារណ៍​ល្អ​ក្នុង​ការ​បង្កើត​សហភាព​អឺរ៉ុប។

 
រហូត​មក​ដល់​ខួប​ទី​៤០​ឆ្នាំ​ មិត្តភាព​បារាំង​-អាល្លឺម៉ង់ ​រឹត​តែ​រឹងមាំ និង​មាន​ទម្រង់​កិច្ចប្រតិបត្តិការ​ថ្មី ពោល​គឺជំនួប​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ប្តូរ​មកជា​ជំនួប​កំពូល​បារាំង-អាល្លឺម៉ង់​ រៀប​ចំ​ធ្វើ​ជា​រៀង​រាល់ពី​ឆ្នាំ​ម្តង។ ប៉ុន្តែតាំង​ពី​លោក​ហ្វ្រង់ស័រ​ហូឡង់ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​មក ចំណង​មិត្តភាព​​បារាំង​និង​អាល្លឺម៉ង់​ហាក់ដូច​ជា​មិន​សូវ​រលូន​សោះ ព្រោះ​ម្យ៉ាង​មក​ពី ប្រមុខ​រដ្ឋ​ទាំង​ពីរ​មាន​និន្នាការ​នយោបាយ​ផ្ទុយគ្នា និង​ម្យ៉ាង​ទៀត​មក​ពី ​ក្នុង​​​​សម័យ​លោក​នីកូឡា សាកូហ្ស៊ី ជា​ប្រធានាធិបតី​ មិត្តភាព​បារាំង-អាល្លឺម៉ង់​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ល្អូក​ល្អើន​ខ្លាំង​ណាស់។ ​លោកស្រី​Anglela Merkel បាន​ទាំង​គាំទ្រ​ដោយ​ផ្ទាល់​បេក្ខភាព​លោកនីកូឡាសាកូហ្ស៊ី​ នា​សម័យ​កាល​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​បារាំង​ឆ្នាំ​២០១២​ផង។

យ៉ាង​ណា​ក៏​ដោយ​ ក៏​ពេល​នេះ​ទាំង​លោកស្រី​ Merkel ទាំង​លោក​ Hollande ទាំងពីរ​នាក់​បាន​ខិត​ខំ​ធ្វើការ​រួម​គ្នា​ ព្រោះ​សុទ្ធ​ជា​មនុស្ស​សាច់ការ ចូលចិត្ត​ជជែក​ពិភាក្សា​គ្នា និង​ចេះ​សម្របសម្រួល​គ្នា។ បើ​តាម​ប្រភព​ការទូត​ស្និទ្ធ​នឹង​មេដឹកនាំទាំងពីរ គ្មានភាព​ល្អូកល្អើន ដូច​គូ ​Merkel-Sarko មែន​ ប៉ុន្តែ ដៃគូ Merkel-Hollande កំពុង​រៀន​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក។ ​ខួប​លើក​ទី​៥០​ឆ្នាំ​នេះ ជា​​ឱកាស​ជួប​គ្នា​មួយ​ទល់​នឹង​មួយ របស់​​ប្រមុខ​ដឹកនាំ​ទាំង​ពីរ ក្នុង​ការ​លើក​យក​សំណុំ​រឿង​អន្តរជាតិ​ដូច​ជា​បញ្ហា​សង្គ្រាម​នៅ​ម៉ាលី សំណុំ​រឿង​ថវិកា​អឺរ៉ុប​  មក​ពិភាក្សា​គ្នា ឱ្យ​ឆ្ងាយ​ពី​ក្បាលមីក្រូ​ និង​កាមេរ៉ា​អ្នកយក​ព័ត៌មាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ