សូវៀត-អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 22 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 22 តុលា 2012

៥០ឆ្នាំមុន វិះៗ​ផ្ទុះឡើង​ជា​សង្គ្រាមលោក​លើកទី៣

កាំជ្រួចមីស្ស៊ីល​​នុយក្លេអ៊ែររបស់​សូវៀត ប្រភេទ SS-4 ដែល​នៅ​បន្សល់​ទុក​តាំង​នៅ​ប្រទេស​គុយបា (រូបថតឯកសារ)
កាំជ្រួចមីស្ស៊ីល​​នុយក្លេអ៊ែររបស់​សូវៀត ប្រភេទ SS-4 ដែល​នៅ​បន្សល់​ទុក​តាំង​នៅ​ប្រទេស​គុយបា (រូបថតឯកសារ)
REUTERS/Desmond Boylan/Files

ដោយ កែវ ឆាយា

គឺថ្ងៃ២២តុលាឆ្នាំ១៩៦២ ដែល​លោក​ប្រធានាធិបតី​ស.រ.អា. John Kennedy បាន​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ ដោយ​ប្រកាស​ថា សហភាព​សូវៀត​បានដំឡើង​ទៅហើយ នៅលើ​ដែនដី​គុយបា ជា​កាំជ្រួចមីស្ស៊ីល តម្រង់​ទៅលើ​ដែនដី​អាមេរិក​តែម្តង។ កាំជ្រួច​នេះ​ត្រូវបាន​រកឃើញ កាលពីថ្ងៃ១៤​តុលា​ឆ្នាំនោះ​ដោយ​យន្តហោះ​ឈ្លប​យកការណ៍​របស់​អាមេរិក។ កាលណោះ អស់១៣ថ្ងៃ​ជាប់ ពិភពលោក​បាន​ស្ថិតក្នុង​ភាព​ព្រួយបារម្ភ​រកលេខដាក់គ្មាន ទម្រាំ មហាអំណាច​បរមាណូ​ទាំងពីរ ចេះធ្វើ​សម្បទាន​ទៅវិញទៅមក នៅថ្ងៃ២៨​តុលា។

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីម៉ូស្គូ
 

22/10/2012

ក្នុងសារនោះ លោក​ប្រធានាធិបតី John Kennedy បាន​ប្រកាស​ថា ស.រ.អា. ចាត់​វិធានការ​ខ្ទប់​ផ្លូវ​សមុទ្រ និង​ផ្លូវអាកាស ព័ទ្ធជុំវិញ​ទឹកដី​គុយបា មិនឲ្យ​កងនាវា និង​យន្តហោះ​សូវៀត​បាន​ទៅដល់​កោះ​នោះឡើយ។ ព្រមទាំង​ស្នើ​ភាគី​សូវៀត ឲ្យ​រុះរើ ហើយ​ដកចេញទៅ រាល់​កាំជ្រួចមីស្ស៊ីល​ដែល​មាន​ដំឡើង​នោះ ព្រមទាំង​បត់ត្រឡប់​ទៅវិញទៅ នាវា​សូវៀត​ណា ដែល​យាត្រា​ជិតដល់​ទឹកដី​គុយបា​ទៅហើយ។
 
ជាថ្នូរ ស.រ.អា. សន្យា​មិន​វាយប្រហារ​ទៅលើ​កោះគុយបា​សង្គមនិយម ដើម្បី​ទម្លាក់​លោក Fidel Castro ឡើយ។ ប៉ុន្តែ​ល័ក្ខខ័ណ្ឌ​ធំបំផុត ដែល​សហភាព​សូវៀត​ទាមទារ​ពី​អាមេរិក គឺ​ឲ្យ​រដ្ឋបាល​វ៉ាស៊ីនតោន រុះរើ​ដកចេញទៅ នូវ​រាល់​កាំជ្រួចមីស្ស៊ីល​នុយក្លេអ៊ែរ​អាមេរិកាំង ដែល​ពង្រាយ នៅលើ​ដែនដី Turquie ជា​ប្រទេស​ស្និទ្ធនឹង​អាមេរិក​ក្នុង​បក្សសម្ព័ន្ធ OTAN និង​ដែល​សុទ្ធតែ​ជា​កាំជ្រួច ទុក​វាយប្រហារ​មកលើ​រដ្ឋធានី​សូវៀត។ ពោលគឺ​មិនខុសគ្នា​ឡើយ ពី​កាំជ្រួច​មីស្ស៊ីល​សូវៀត ដំឡើង​នៅ​គុយបា​កាលណោះ ដែលតែ​ក្នុង​ប៉ុន្មាននាទី​ប៉ុណ្ណោះ អាច​ហោះទៅ​កំទេច​រដ្ឋធានី​អាមេរិក។
 
ជាតុល្យាការ នៃ​ការចរចាគ្នា​យ៉ាង​ស្វិតស្វាញ មេដឹកនាំ​សូវៀត​កាលណោះ លោក Nikita Khrouchtchev និង​លោក​ប្រធានាធិបតី​អាមេរិកាំង John Kennedy ក៏​ចេះ​និយាយ​បាន​ត្រូវគ្នា ហើយ​បញ្ជា​ទៅ​កងកម្លាំង​ប្រដាប់អាវុធ​រៀងៗខ្លួន ឲ្យ​នៅថ្ងៃ២៨​តុលា កាលពី​៥០ឆ្នាំ​មុននោះ ចាប់ផ្តើម​ដកចេញ​ទន្ទឹមគ្នា គឺថា កាំជ្រួចមីស្ស៊ីល​អាមេរិកាំង​ដកចេញ​ពី​ដែនដី​តួកគី ចំណែក​កាំជ្រួមីស្ស៊ីល​សូវៀត គឺ​ដកចេញ ពី​ដែនដី​គុយបា ហើយ​ខ័ណ្ឌ​បញ្ចប់ទៅ របស់​ដែល​ហៅថា វិបត្តិនៅសមុទ្រការ៉ាអ៊ីបឆ្នាំ១៩៦២
 
អ្វីដែលគេចងចាំ គឺថា នាកិច្ចចរចា​នោះ មេដឹកនាំ​សូវៀត លោក Nikita Khrouchtchev បាន​បំភ័យ​គូសន្ទនា​អាមេរិកាំង​របស់​គាត់ លោក John Kennedy ថា សហភាព​សូវៀត​ផលិត​កាំជ្រួចមីស្ស៊ីល ដូច​ផលិត​សាច់ក្រក​អ៊ីចឹង។
 
ចំណែក​កាំជ្រួច​មីស្ស៊ីល ដែល​ត្រូវបាន​រកឃើញ​ដោយ​យន្តហោះ​ឈ្លបការណ៍​អាមេរិក កាលណោះ ឃើញមាន​ដំឡើង​ចំនួន ៤០ដើម។ វា​ជា​កាំជ្រួច​នុយក្លេអ៊ែរ​សូវៀត​ធុន R-12 ដែល​ត្រូវ​បក្សសម្ព័ន្ធ​អូតង់ ឲ្យឈ្មោះ​ថា SS-4 ទុក​សម្រាប់​បាញ់​ទៅ​ចម្ងាយមធ្យម ដ្បិត ពី​គុយបា ទៅ​រដ្ឋធានី​អាមេរិក គឺ​ចម្ងាយតែ ១.៨០០គម ប៉ុណ្ណោះ៕

tags: គុយបា - រុស្ស៊ី - សហរដ្ឋអាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close