អានតួអត្ថបទ
ភូមា

អ្នក​សារពត៌មាន​ភូមា​៥នាក់​ជាប់​ទោស​១០ឆ្នាំ​ពី​បទ​សរសេរ​ទម្លាយ​រឿង​សម្ងាត់​រដ្ឋ

តុលាការ​ភូមា​បាន​ធ្វើ​ការ​ផ្តន្ទាទោស​អ្នក​សារពត៌មាន​៥នាក់​ ឲ្យជាប់​ពន្ធនាគារ​១០ឆ្នាំ និង​ត្រូវ​ធ្វើការ​ដោយ​បង្ខំ​ ពី​បទ​ដែល​អ្នក​សារពត៌មាន​ទាំង​នោះ​បាន​សរសេរ​អត្ថបទ​មួយ​ ចោទ​ថា​រដ្ឋាភិបាល​ភូមា​បាន​បង្កើត​រោងចក្រ​ផលិត​អាវុធ​ជាតិ​គីមី។ ក្រុម​អ្នក​ឃ្លាំមើល​ការ​ការពារ​សិទ្ធ​មនុស្ស​នៅ​ភូមា​ បាន​ហៅ​ការ​កាត់ទោស​នេះ​ថា ​ជា​ការ​បំបិទ​មាត់​អ្នក​សារពត៌មាន​ហើយ​ថា​វា​ជា​ការ​ដើរ​ថយ​ក្រោយ​របស់​អជ្ញាធរ​ភូមា​ វិល​ទៅ​រក​ការ​គ្រប់គ្រង​ដោយ​ផ្តាច់​ការ​វិញ។

នៅភូមាចាប់​តាំង​ពី​ឆ្នាំ​១៩៦២មក​មានតែសារពត៌មានរដ្ឋប៉ុណ្ណោះដែលមានសិទ្ធបោះផ្សាយ
នៅភូមាចាប់​តាំង​ពី​ឆ្នាំ​១៩៦២មក​មានតែសារពត៌មានរដ្ឋប៉ុណ្ណោះដែលមានសិទ្ធបោះផ្សាយ Getty Images/Bloomberg/Dario Pignatelli
ផ្សាយពាណិជ្ជកម្ម

អ្នក​សារពត៌មាន​៥នាក់​របស់​សារពត៌មាន​ភូមា​មូយ​ឈ្មោះ​ថា​Unity Weekly News ដោយ​ក្នុង​នោះ​មាន​នាយក​ប្រតិបត្តិ​ម្នាក់​ផង ត្រូវ​បាន​តុលាការ​តំបន់​ម៉ាកវ៉េ​ ភាគ​កណ្តាល​ប្រទេស​ភូមា​ ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ ហើយ​ដោយ​ត្រូវ​ឲ្យ​ធ្វើការ​ដោយ​បង្ខំ​ផង។ អ្នក​សារពត៌មាន​ទាំង​៥នាក់​នេះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ ​កុម្ភៈ​កន្លង​ទៅ បន្ទាប់​ពី​បាន​សរសេរ​ផ្សាយ​ពត៌មាន​មួយ​ដោយ​ចោទ​ថា រដ្ឋាភិបាល​ភូមា​បាន​ដាក់​ឲ្យ​ដំណើរ​ការ​រោងចក្រ​ផលិត​អាវុធ​ជាតិ​ផ្ទុះ​ផ្សំ​ពី​ជាតិ​គីមី។ ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​អនុវត្ត​ទៅ​តាម​បទ​បញ្ជា​ផ្ទាល់​របស់​លោក ថាន់ ហ្ស្វេ អតីតៈ​មេ​ដឹកនាំ​យោធា​ភូមា​កាល​ណោះ។

 
លោក​វ៉ា វីន ម៉ូង ដែល​ជា​មេធាវី​ការពារ​ក្តី​របស់​អ្នក​សារពត៌មាន​ជាប់​ចោទ​បាន​និយាយ​ថា ការ​កាត់ទោស​ដែល​យោង​ទៅ​លើ​ច្បាប់​ស្តី​ពី​ការ​រក្សា​ការសម្ងាត់​រដ្ឋ​នេះ ​គឺ​មាន​ភាព​អយុត្តិធម៌បំផុត​ ពោល​គឺ​គ្មាន​ហេតុផល​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​នោះ​ទេ។ លោក​ថា កូន​ក្តី​លោក​នឹង​ធ្វើ​បណ្តឹង​ឧទ្ធរណ៍។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​បាន​កាន់​កាប់​អំណាច​ផ្តាច់ការ​យ៉ាង​រឹង​ទទឹង​អស់​រយៈ​ពេល​ជិត​៥០ឆ្នាំ របប​យោធា​ភូមា​បាន​បន្ទន់​ឥរិយាបថ​កាល​ពី​ឆ្នាំ២០១១​កន្លង​ទៅ។ ​បន្ទាប់​ពី​នោះ​មក របប​យោធា​បាន​ធ្វើ​កំណែរ​ទំរង់​ជា​ច្រើន​វិស័យ​ ដែល​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​លោក​ខាង​លិច​មាន​ទំនុក​ចិត្ត​ ហើយ​បាន​ដក​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់់។​ពួក​យោធា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បោះផ្សាយ​សារពត៌មាន​ប្រចាំថ្ងៃ និង​ មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ​ជា​ច្រើន​នាក់​ផង​ដែរ។​ស្ថិត​នៅ​ចំពោះ​មុខ​ការ​កែរ​លម្អ​បែប​នេះ ប្រទេស​ភូមា​បាន​រំកិល​ខ្លូន​ឡើង​ជា​ប្រទេស​ទី​១៤៥​ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០​ ដែល​មាន​ការ​គោរព​សិទ្ធ​សេរីភាព​សារពត៌មាន។

​ ទោះ​បី​ជា​យ៉ាង​ណា​អ្នក​តំណាង​អង្គការ​Reporters sans frontières បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កាត់ទោស​ថ្មី​នេះ ហើយ​ថា​រដ្ឋាភិបាល​ភូមា​កំពុង​តែ​ដើរ​ថយ​ក្រោយ​ វិល​ទៅ​រក​ការ​បំបិទ​សិទ្ធ​សេរីភាព​សារពត៌មាន​សា​ជា​ថ្មី​វិញ។  អ្នក​តំណាង​អង្គការ Human Rights Watch ក៏​មាន​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​ដែរ បន្តែ​លោក​ថា​គេ​គួរ​ចាត់​ការ​កាត់ទោស​នេះ​ជា​រឿង​ដោយ​ឡែក ពី​ព្រោះ​ថា​មាន​ប្រទេស​ច្រើន​ណាស់​ដែល​មាន​ច្បាប់​ការពារ​ការ​សម្ងាត់​របស់​រដ្ឋ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​ថា ដាក់​ទោស​១០ឆ្នាំ​គឺ​វា​ធ្ងន់​ហួស​ហេតុ​ពេក​ហើយ។ ​គួរ​រំលឹក​ដែរ​ថា កាល​ពី​ខែ​មករា​ឆ្នាំ​២០១៣ រដ្ឋាភិបាល​ភូមា​បាន​បដិសេធ​ថា​យោធា​ភូមា​ មិន​បាន​ប្រើប្រាស់​អាវុធ​គីមី​ ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ជនជាតិ​ភាគ​តិច​ កាឈីន នៅ​ភាគ​ខាង​ជើង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ