មេធាវីបរទេស ៣រូបការពារក្ដីរឿងប្រាសាទព្រះវិហារ ចុះប្រមូលភស្តុតាង
មេធាវីជនបរទេសចំនួន ៣រូប ជនជាតិបារាំង អាមេរិក និងអង់គ្លេស ដែលការពារក្តីឲ្យកម្ពុជា ក្នុងសំណុំរឿងក្តីជាមួយថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ បានចុះទៅពិនិត្យ និងប្រមូលភស្តុតាង នៅប្រាសាទព្រះវិហារ កាលពីថ្ងៃអាទិត្យ ទី៧ ខែតុលាម្សិលមិញ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានអមដំណើរមេធាវីបរទេស ចុះទៅកាន់ប្រាសាទព្រះវិហារ ព្រមទាំងមានមេទ័ពកម្ពុជា ឈរជើង ប្រចាំតំបន់ព្រំដែន បានរាយការណ៍ផ្ទាល់មាត់ ប្រាប់ពីហេតុការណ៍ និងបង្ហាញពីស្លាកស្នាម ដោយគ្រាប់កាំភ្លើងរបស់ថៃ លើប្រាសាទព្រះវិហារផងដែរ។ សំណុំរឿងក្តីបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ របស់កម្ពុជា នឹងត្រូវតុលាការឡាអេ លើកមកជំនុំជម្រះ នៅអំឡុងខែមេសា ឆ្នាំ២០១៣។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាជាច្រើនរូប រួមមាន លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក ជុច ភឿន ប្រធានអាជ្ញាធរព្រះវិហារ និងលោកឧត្តមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការកងពលធំអន្ដរគមន៍លេខ៣ ប្រចាំព្រំដែនប្រាសាទព្រះវិហារ ជាដើម បានអមដំណើរមេធាវីបរទេស ៣ រូប ចុះទៅកាន់ប្រាសាទព្រះវិហារ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ។ ក្រុមមេធាវីបរទេស បានជួបផ្ទាល់ជាមួយមេទ័ពកម្ពុជា ឈរជើងប្រចាំតំបន់ព្រំដែនប្រាសាទព្រះវិហារ គឺលោកឧត្តមសេនីយ៍ ស្រី ឌឹក។ លោកឧត្តមសេនីយ៍ ស្រី ឌឹក ដែលបានបញ្ជាក់ប្រាប់មេធាវីថា កម្ពុជា បានគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងការដកទ័ព ហើយដាក់ជំនួសនូវកម្លាំងប៉ូលិស នៅតំបន់ព្រំដែនប្រាសាទព្រះវិហារ។ នេះបើតាមលោក ជុច ភឿន ប្រធានអាជ្ញាធរព្រះវិហារ និងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក ជុច ភឿន បានមានប្រសាសន៍ថា មេធាវីបរទេសទាំង ៣រូប ជនជាតិបារាំង អាមេរិកកាំង និងជនជាតិអង់គ្លេស បានចុះទៅពិនិត្យជាក់ស្ដែង នៅទីតាំងដែលមានការប្រយុទ្ធរបស់កងទ័ពថៃ លើកម្ពុជា គិតចាប់ពីឆ្នាំ២០០៨ ពិសេសលើប្រាសាទព្រះវិហារ វត្ដកែវសក្ខាគីរីស្វារៈ និងចំណុចវាលឥន្ទ្រី ជាដើម។ លោក ជុច ភឿន បានបន្ថែមថា ក្រុមមេធាវី ក៏បានស្វែងយល់នៅតំបន់គ្មានកងទ័ពបណ្តោះអាសន្ន ដែលតុលាការឡាអេ បានកំណត់ រួមទាំងស្វែងយល់ពីតំបន់ភ្នំទ្រព្យ ដែលមានការ ដាក់ពង្រាយកងទ័ពខ្មែរ និងទ័ពថៃ។
មេធាវីបរទេសរបស់កម្ពុជា ក៏បានដើរពិនិត្យមើលជួរប៉ូលិសកម្ពុជា ដែលដាក់នៅលើប្រាសាទព្រះវិហារ និងបានថតរូប ទុកជាភស្តុតាង ដើម្បីយកទៅបញ្ជាក់ប្រាប់តុលាការឡាអេ។ តុលាការ ឡាអេ នឹងបើកសវនាការលើពាក្យបណ្តឹងរបស់កម្ពុជា ក្នុងរឿងសុំបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ នៅអំឡុងខែមេសា ឆ្នាំ២០១៣ ខណៈដែលពីមុនតុលាការ កំណត់ថា នឹងបើកសវនាការ នៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ជុច ភឿន។
សូមរម្លឹកថា ពាក្យបណ្តឹងរបស់កម្ពុជា ដាក់ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ(ICJ) កាលពីខែឧសភា ឆ្នាំ២០១១ បានធ្វើឡើង ក្រោយពីថៃបានធ្វើសង្គ្រាមច្រើនលើកច្រើនសារមកលើកម្ពុជា ដែលបណ្តាលឲ្យខូចខាត ដោយគ្រាប់កាំភ្លើងរបស់ថៃ លើប្រាសាទព្រះវិហារ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ កម្ពុជា បានស្នើសុំវិធានបន្ទាន់ និងស្នើសុំតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រមឆ្នាំ១៩៦២ លើរឿងក្តីប្រាសាទព្រះវិហារ ដើម្បីឲ្យដឹងថា ទឹកដីនៅម្តុំប្រាសាទព្រះវិហារ ដែលថៃអះអាងថា ទំហំ ៤,៦ គីឡូម៉ែត្រ នៅជាប់នឹងប្រាសាទព្រះវិហារ ជាទឹកដីរបស់កម្ពុជា ឬក៏ជារបស់ថៃ។
តាមរយៈពាក្យបណ្តឹងនោះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការ ICJ បានចេញដីកាបង្គាប់ឱ្យភាគីកម្ពុជា និងថៃ ដកកងទ័ពដែលមានជម្លោះ ចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារ ដែលត្រូវបានកំណត់ថា ជាតំបន់គ្មានកងទ័ពបណ្តោះអាសន្ន ទំហំជាង ១៧ គីឡូម៉ែត្រក្រឡា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ