កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 22 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 22 តុលា 2012

ដាក់ទោស​ពន្ធនាគារ​២ឆ្នាំ ក្នុងរឿង​ឃាតកម្ម​ពាក់ព័ន្ធ​នឹង​សកម្មជន​ការពារ​ព្រៃឈើ​លោក​ឈុត វុទ្ធី

លោក ឈុត​ វុទ្ធី​ អតីតសកម្មជន​ការពារ​ព្រៃឈើ​
លោក ឈុត​ វុទ្ធី​ អតីតសកម្មជន​ការពារ​ព្រៃឈើ​
RFI/Leang Delux

ដោយ លី ម៉េងហួរ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២​តុលា​នេះ ចៅក្រម​តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ផ្តន្ទាទោស បុរស​ជាប់ចោទ​ម្នាក់ ដាក់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ ក្នុង​សំណុំរឿង​ឃាតកម្ម ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នៃ​ការបាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី កាលពី​ខែ​មេសា​។ ក៏ប៉ុន្តែ​ចៅក្រម បាន​តម្រូវឲ្យ​បុរស​ជាប់ចោទ​នោះ ជាប់​ពន្ធនាគារ​ត្រឹមតែ ៦ ខែ​ប៉ុណ្ណោះ រីឯ​ទោស​នៅសល់ ១ ឆ្នាំ និង ៦ ខែ​ទៀត ត្រូវ​ព្យួរ។ ពោល​គឺ​គិត​ដល់​ថ្ងៃទី​៣ ខែវិច្ឆិកា បុរស​ជាប់ចោទនឹង​ត្រូវ​រួចខ្លួន​ចេញពី​ពន្ធនាគារ បើសិន​ជា​ភាគី​ព្រះរាជអាជ្ញា​មិន​ប្តឹង​ឧទ្ធរណ៍​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ
 

22/10/2012

​សាលក្រម​នោះ ត្រូវបាន​ប្រកាស​ដោយ​លោក​ចៅក្រម ខាន់ សុ​ផា​រី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​សាលាដំបូង ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ពី​បើក​សវនាកា​រលើ​សំណុំរឿង​ក្តីពាក់ព័ន្ធ​នឹ​ង​ឃាតកម្ម​លើ​សកម្មជន​ព្រៃឈើ លោក ឈុត វុទ្ធី កាលពី​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២​។ សាលក្រម​នៃ​សំណុំរឿង​ក្តី​នោះ ដំបូង​ឡើយ ចៅក្រម​កំណត់ថា ត្រូវ​ប្រកាស កាលពី​ថ្ងៃ​ទី​៨​តុលា តែ​ត្រូវ​ពន្យារពេល មក​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​វិញ​។​
 
​សូម​រម្លឹកថា សំណុំរឿង​ក្តី​ឃាតកម្ម លើ​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ល្បីល្បាញ ត្រូវបាន​តុលាការ​ខេត្ត​កោះកុង តម្កល់ទុក មិន​ចាត់ការ​ទេ ព្រោះថា ជនជាប់ចោទ ថា​ជា​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដែល​ត្រូវបាន​អាជ្ញាធរ​អះអាងថា ជា​ប៉េអឹម ឈ្មោះ អ៊ិន រតនា បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២​។​
 
​ដូច្នេះ​មានតែ​ជនជាប់ចោទ​តែ​ម្នាក់​គត់ ក្នុង​សំណុំរឿង​ក្តី​នោះ គឺ​យុវជន រ៉ា​ន់ បូ​រ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន Timber Green ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​អ​ចេតនា តាមរយៈ​ការ​បាញ់សម្លាប់ ដោយ​អ​ចេតនា​លើ ប៉េអឹម​ឈ្មោះ អ៊ិន រតនា ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២​។
 
​ចៅក្រម​បាន​ប្រកាសថា ប៉េអឹម អ៊ិន រតនា ពិតជា​បាន​បាញ់សម្លាប់​លោក ឈុត វុទ្ធី ហើយ​ក្រោយមក រ៉ា​ន់ បូ​រ័ត្ន បាន​ទៅ​ដណ្តើម​កាំភ្លើង​អាកា ពី​ប៉េអឹម អ៊ិន រតនា ដើម្បី​រារាំង​កុំឲ្យ​មាន​ការផ្ទុះ​អាវុធត​ទៅ​ទៀត ក៏​រាលកៃ​កាំភ្លើង​លើ​ប៉េអឹម អ៊ិន រតនា ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ដែល​ជា​ទីតាំង​ក្រុមហ៊ុន Timber Green មាន​គំនរ​ឈើ និង​វល្លិ៍​ល្មៀត នៅ​តំបន់​ព្រៃភ្នំ ក្នុង​ខេត្ត​កោះកុង​។
 
​ក្នុង​ព្រឹត្តិការណ៍​នោះ ក្រុម​សន្តិសុខ និង​ប៉េអឹម បី​បួន​នាក់ បាន​ព្យាយាម​រារាំង​លោក ឈុត វុទ្ធី និង​ស្ត្រី​អ្នកកាសែត​ពីរ​នាក់ មិនឲ្យ​ថតរូប និង​យក​ព័ត៌មាន​ពី​ការកាប់​ឈើ​នៅ​តំបន់​នោះ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ រហូត​នាំឲ្យ​មាន​ការផ្ទុះអាវុធ​។​
 
​លោក​ព្រះរាជអាជ្ញារង ស្រី ម៉ា​ក់នី តំណាង​អយ្យការ​របស់​តុលាការ ខេត្ត​កោះកុង នៅថ្ងៃនេះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ជុំវិញ​សំណួរ​ថា តើ​លោក​នឹង​ធ្វើ​ការប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​នេះ ឬ​ក៏​មិន​ប្តឹង​បន្ត​ទៀត​នោះ​។​
 
​ចំណែក​សកម្មជន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​សំណុំរឿង​ក្តី​ដ៏រ​សើប​នៅ​ខេត្តកោះកុង​នោះ បាន​ចាត់ទុកថា សាលក្រម​របស់​តុលាការ​ខេត្ត​កោះកុង នៅថ្ងៃនេះ ជា​ការប្រកាស​បិទ​បញ្ចប់​សំណុំរឿង​ក្តី​ឃាតក​ម្មលើ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ដែល​ជា​ការ​បន្សល់ទុក​នូវ​ភាពអយុត្តិធម៌​សម្រាប់​ក្រុមគ្រួសារ​របស់​លោក ឈុត វុទ្ធី​។ សកម្មជន​សិទ្ធិមនុស្សក៏​បង្ហាញ​ការសោកស្តាយ​លើ​ករណី​ស្លាប់​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី ដែល​តាំងពី​ដំបូង អាជ្ញាធរ​រដ្ឋាភិបាល ចង់​បិទ​បញ្ចប់​សំណុំរឿង​ក្តី​ដ៏រ​សើប​នោះ​។​
 
​ជា​ការកត់សម្គាល់ បើសិន​ជា​ភាគី​ព្រះរាជអាជ្ញា មិន​ប្តឹង​ជំទាស់​នឹង​សាលក្រម​នោះទេ ជនជាប់ចោទ លោក រ៉ា​ន់ បូ​រ័ត្ន នឹង​ត្រូវ​រួច​ទោស នា​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ ព្រោះ​យុវជន​នោះ ជាប់ពន្ធនាគារ​រយៈពេល ៦ ខែ គិត​ពី​ពេល​តុលាការ ចេញ​ដី​ឃុំខ្លួន ពី​បទ​មនុស្សឃាត ដោយ​អ​ចេតនា​៕

tags: កម្ពុជា - តុលាការ - បរិស្ថាន - ព្រៃឈើ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (2)

អយុត្តិធម៌ណាស់

បើបិតជាឃាតករមែនម៉េចបែរជាជាប់គុកតែក្នុងរយះពេលពីរឆ្នាំអញ្ចឹង, ពិតជាអយុត្តិធម៌ចំពោះជនរងគ្រោះមែន,បើជនរងគ្រោះប៉ះចប់សាច់ញាតិរបស់តុលាការវិញប្រហែលជាជាប់គុកមួយជីវិតហើយ, ពិតជាយ៉ាប់ណាស់អ្នកអនុវត្តន៍ច្បាប់ស្រុកខ្មែរ។

ពិតជាមហាអយុត្តិធ៌មណាស

It is not fare at all. The court is belongs only for the winner! Oh God! RFI, do you think it is justice?

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close