១៧ក្រសួង បានកំណត់កម្រៃសេវាជិត ២០០០ ប្រភេទ

នៅថ្ងៃព្រហស្បតិ៍នេះ លោក ឱម យ៉ីនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា មកដល់ពេលនេះ មាន ១៧ ក្រសួង បានកំណត់នូវកម្រៃសេវា ១៩៨៦ សេវា។ ក្នុងនោះ មានប្រហែល ១០០ សេវា មិនយកប្រាក់។ នេះគឺជាការបង្កើតនូវបញ្ជីសេវាសាធារណៈ នៅតាមក្រសួងស្ថាប័នរដ្ឋ ដើម្បីចូលរួមប្រឆាំងនឹងអំពើពុករលួយ។ បញ្ជីទាំងនោះ បានកំណត់អំពីកម្រៃសេវាក្នុងការធ្វើលិខិតស្នាម ការចុះបញ្ជី និងការធ្វើស្លាកលេខម៉ូតូ ឡាន ជាដើម ហើយបើសិនជាមន្ត្រីរាជការណាមួយយកលុយលើសបញ្ជីកំណត់សេវាកម្រៃនោះ នឹងត្រូវជាប់ពន្ធនាគារយ៉ាងតិច ២ ឆ្នាំ។
បន្ទាប់ពីកិច្ចប្រជុំជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច បានរៀបចំការកែសម្រួលលើបញ្ជីកំណត់កម្រៃសេវា ទាំង ១៧ ក្រសួង ត្រូវដាក់ឲ្យអនុវត្ត ចាប់ពីថ្ងៃនេះទៅ។ ក្នុងនោះមានការកំណត់នូវកម្រៃសេវា ១៩៨៦ ប្រភេទ ហើយមានប្រហែល ១០០ សេវា មិនតម្រូវឲ្យយកប្រាក់ទេ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ីនទៀង បានបញ្ជាក់ទៀតថា “មាន១៧ ក្រសួងយើងបានកំណត់នូវកំរ៉ៃសេវា ដែលមានចំនួន ១៩៨៦ សេវា ហើយក្នុងនោះមានប្រហែល ១០០ សេវា មិនយកប្រាក់ទេ គឺសេវាសូន្យរៀល។ អីចឹងការកំណត់សេវានេះ សូមជំរាបថា ទី១, អំពីតំលៃថាតើប៉ុន្មាន ដែលអ្នកមកទទួលសេវានេះត្រូវបង់? បើលើសនេះ មិនបានទេ។ ទី២, ក្រសួងស្ថាប័នត្រូវកំណត់ថា តើប៉ុន្មានថ្ងៃធ្វើឲ្យគេឲ្យហើយ លើសនេះមិនបានដូចគ្នា ហើយនេះជាការបើកឆាកទំលាប់មួយថ្មីទៀត ហើយបើមានការចូលរួមពីក្រសួងស្ថាប័ន និងអ្នកសារព័ត៌មាន ការងារនេះនឹងទទួលបានជោគជ័យ”។
ជាមួយគ្នានោះ លោក ឱម យ៉ីនទៀង ក៏បានបន្ថែមថា ក្រសួងនិងស្ថាប័ននីមួយៗក៏ត្រូវរៀបចំកន្លែងទទួលពាក្យបណ្តឹង នៅកន្លែងបម្រើសេវានោះ និងត្រូវបិទផ្សាយពីកម្រៃសេវា និងរយៈពេលធ្វើឲ្យបានជាក់ច្បាស់ផងដែរ។
លោក ឱម យ៉ិនទៀង បានបន្តថា នៅពេលមានពាក្យបណ្តឹងឡើងមកដល់អង្គភាពប្រឆាំងអំពើពុករលួយ នោះនឹងមានការពិនិត្យ ហើយបើមន្ត្រីរាជការណា យកកម្រៃលើសកំណត់ នឹងអាចមានជាលិខិតព្រមាន រហូតមានការធ្វើសំណុំបែបបទបញ្ជូនទៅតុលាការ ហើយអាចនឹងត្រូវជាប់ទោសពន្ធនាគារយ៉ាងតិច ២ឆ្នាំ។
ជាមួយនឹងការដាក់កំហិតតឹងរ៉ឹងដូច្នេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ីនទៀង ក៏បានឲ្យដឹងថា ការកំណត់ថ្មីនេះក៏បានតម្រូវឲ្យតាមស្ថាប័នក្រសួងទាំង ១៧ នោះ កាត់ប្រាក់ដែលបានមកពីការផ្តល់កម្រៃសេវាធ្វើលិខិតស្នាម ទុកមួយចំណែកដែលជារបបសម្រាប់ក្រុមមន្ត្រីរាជការអ្នកផ្តល់សេវាផងដែរ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ីនទៀង ក៏បានឲ្យដឹងថាក្រសួងមហាផ្ទៃ ដែលជាអ្នកគ្រប់គ្រងប៉ូលិស និងឃុំ-សង្កាត់-ស្រុក-ខណ្ឌ-ក្រុង ខេត្ត-រាជធានី ដែលល្បីល្បាញក្នុងរឿងយកលុយច្រើនហួសហេតុ ក្នុងការបញ្ជាក់លិខិតស្នាមនានា ក្នុងពេលកន្លងមក គឺស្ថាប័នមួយនេះ បានយឺតយ៉ាវក្នុងការកំណត់តម្លៃផ្តល់សេវាសាធារណៈ មកកាន់ក្រសួងសេដ្ឋកិច្ច។ មូលហេតុនៃការយឺតយ៉ាវនោះ គឺក្រសួងមហាផ្ទៃអះអាងថា កម្រៃសេវាទាំងនោះត្រូវកំណត់ដោយអនុក្រឹត្យ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ (2)
Congratulation Mr.
Congratulation Mr. Anti-corruption Minister, your achievement make me happy because I don't want to pay for the fees that I don't want too. Hopefully the implementation will get on well. It would be strongly successful if Mr. Prime Minister re-enforce it through his media coverage.
Good job!
Congratulation and hopefully
Congratulation and hopefully the process of anti-corruption will do at the same time from to TOP to Bottom(All ministries in Cambodia not only small rank person) without discriminate who or whom.
ប្រតិកម្មជុំវិញអត្ថបទនេះ