កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 01 វិច្ឆិកា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 03 វិច្ឆិកា 2012

កម្ពុជា​ប្រារព្ធខួប ១០ ឆ្នាំ​នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ជម្លោះ​នៅ​សមុទ្រចិន​ខាងត្បូង DOC

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា
លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា
RFI/ម៉េងហួរ

ដោយ លី ម៉េងហួរ

កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន នៅ​ថ្ងៃ​ទី​១​វិច្ឆិកា​នេះ បាន​ប្រារព្ធ​ពិធី​រម្លឹក​ខួប​គម្រប់ ១០ឆ្នាំ​នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រចិន​ខាង​ត្បូង ហៅ​កាត់​ថា DOC​។ សេចក្តីថ្លែងការណ៍​រួម​ដែល​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០២ ដើម្បី​កំណត់​ពី​ការ​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​សន្តិវិធី​។ ប៉ុន្តែ ១០ ឆ្នាំ​មក​នេះ ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​តែ​បន្ត​ឡើង​កំដៅ តែ​មិន​មាន​ការ​ផ្ទុះអាវុធ​ណា​មួយ រវាង​ចិន និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ឡើយ​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
 

01/11/2012 by លី ម៉េងហួរ

 

សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ ដើម្បី​រម្លឹក​ខួប ១០ ឆ្នាំ នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី នៅ​សមុទ្រ​ចិន​ខាងត្បូង ហៅ​កាត់​ថា DOC បាន​ធ្វើ​ឡើង នៅ​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់ ក្នុង​ទីក្រុង​ភ្នំពេញ​។ ពិធី​ជួបជុំ​នោះ ធ្វើ​ឡើង ក្រោម​វត្តមាន​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​តំណាង​ប្រទេស​អាស៊ាន​ទាំង ១០ និង​មន្ត្រីជាន់ខ្ពស់​ចិន​ចូលរួម​ផង​ដែរ​។​
 
នៅ​ពេល​កម្ពុជា ជា​ប្រធាន​អាស៊ាន នៅឆ្នាំ២០០២ អាស៊ាន និង​ចិន​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​​ឯកសារ DOC ដើម្បី​ប្រែក្លាយ​សមុទ្រ​ចិន​ខាងត្បូង ឲ្យ​ទៅ​ជា​សមុទ្រ​មួយ​នៃ​សន្តិភាព ស្ថិរភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អចិន្ត្រៃយ៍​ដើម្បី​ផលប្រយោជន៍​ទៅវិញ ទៅមក។ អាស៊ាន និង​ចិន ក៏​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា​លើ​វិស័យ​ជាច្រើន គ្រប់​កំរិត តាមរយៈ​យន្តការ​ពហុភាគី​នានា ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​-​សេដ្ឋកិច្ច​។
 
កិច្ចព្រមព្រៀង DOC ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ឆ្ពោះ​ទៅ​រក​សហប្រតិបត្តិការ និង​ការដោះ​ស្រាយ​​ដោយ​សន្តិវិធី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ​ដែនសមុទ្រ រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន រួម​មាន៖ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយ​ណេ​។​
 
លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នកកាសែត​ថា "​កិច្ចប្រជុំ​នា​ព្រឹក​នេះ​មាន​សារសំខាន់​សម្រាប់ DOC​។ ដូច​ខ្ញុំ​បាន​និយាយ​ក្នុង DOC នេះ មាន​គ្រប់​ចំណុច​ទាំង​អស់ ទាំង​ផ្លូវ​នយោបាយ ទាំង​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​"​។ លោក​ប្រមុខ​ការទូត ហោ ណាំហុង​បាន​បន្ថែម​ថា "​នៅ​ឆ្នាំ​២០០២ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​លើក​ទី​១ កម្ពុជា​បាន​ខិតខំ​អស់​លទ្ធភាព ខ្ញុំ​សូម​សង្កត់​ថា យើង​ខិត​ខំ​យ៉ាង​ធំធេង​ណាស់​ដើម្បី​សម្រេច​បាន​នូវ​ឯកសារ​ជា​ប្រវត្តិសាស្ត្រ DOC នេះ​។ ដូច្នេះ​ថ្ងៃ​នេះ DOC ក៏​នៅ​តែ​ជា​ឯកសារ​ចាំបាច់ សមស្រប​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង South China Sea"​។
 
អំពី​ជំហរ​របស់​កម្ពុជា​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏​ត្រូវ​បាន​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង​គូស​បញ្ជាក់​ជា​ថ្មី​ទៀត​ថា "​ក្នុង​បញ្ហា​នេះ យើង​ត្រូវ​បន្ត​ពិភាក្សា​គ្នា​រវាង​អាស៊ាន និង​ចិន ជា​ជំហានៗ ដើម្បី​ដោះស្រាយ​ជា​យថាហេតុ និង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ COC ( ក្រម​ប្រតិបត្តិ​សម្រាប់​ភាគី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង )"​។
 
សូម​រម្លឹក​ថា បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ស្ថិត​នៅ​ជា​របៀបវារៈ​ដ៏​ក្តៅគគុក សម្រាប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន រួម​ទាំង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​អាស៊ាន​បូក​ប្រទេស​ដៃគូ​ក្នុង​រយៈកាល​កន្លង​មក​។ កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះ នៅ​ទីក្រុង​ភ្នំពេញ ក៏​ត្រូវ​គេ​រំពឹងថា នឹង​បន្ត​ពិភាក្សា​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ​។ ការ​ខ្វែង​គំនិត​ក៏​បាន​កើត​មាន​នៅ​ក្នុង​សមាគម​អាស៊ាន ដោយ​ប្រទេស​ដែល​មាន​ជម្លោះ​នឹង​ចិន ចង់​ឲ្យ​មាន​ការពិភាក្សា​ដោះស្រាយ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នោះ ជារួម ដោយ​ធ្វើ​ឡើង ក្រុម​ក្របខ័ណ្ឌ អាស៊ាន និង​ចិន​។ តែ​ចិន​វិញ ចង់​ពិភាក្សា​ដោះស្រាយ​តែ​ជាមួយ​នឹង​ប្រទេស​នីមួយៗ​។ កម្ពុជា​បាន​គាំ​ទ្រ​ជំហរ​របស់​ចិន​។
 
យ៉ាង​ណា​ក៏​ដោយ ចុង​ក្រោយ​នេះ ចិន និង​អាស៊ាន​បាន​ព្រមព្រៀង​គ្នា ឈាន​ដល់​កិច្ច​ពិភាក្សា​រវាង​មន្ត្រី​ជាន់ខ្ពស់​ជា​បន្ត​បន្ទា​ប់ លើ​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​សម្រាប់​ភាគី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង COC។ ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ៕​ ​

 

tags: កម្ពុជា - ចិន - សមុទ្រចិនខាងត្បូង - អាស៊ាន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close