អានតួអត្ថបទ
១ឧសភា

ពិភពលោក​ប្រារព្ធ​ទិវា​បុណ្យការងារ​ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា

បណ្តា​ជន​រាប់​លាន​នាក់ នៅគ្រប់​ជ្រុង​នៃ​ពិភពលោក​ បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​បុណ្យ​ការងារ ឬ​ទិវាពលកម្ម​អន្តរជាតិ ៖ ពី​ជើង​ទៅ​ត្បូង ពី​លិច​ទៅកើត ពី​ហុងកុង ទៅ តួកគី ឆ្លង​កាត់​ម៉ូស្គូ អឺរ៉ុប រួច​ចុះ​មក​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ពលករ​ កម្មករ បាតុករ សហជីព​បាន​ប្រមូល​ផ្តុំ​គ្នាក្នុង​ ​ ថ្ងៃ​ទី ១ ឧសភា ក្រោម​រូបភាព​ជា​បាតុកម្ម ជា​ការ​ដើរ​ដង្ហែ​ក្បួន ឬ​ជា​ជួប​ប្រជុំ​គ្នា ... ដែល​ពេល​ខ្លះ​អម​​ដោយ​អំពើ​ហិង្សា ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​ និង​ក្រុម​បាតុករ។

ប៉ូលិស​តួកគី​បំបែល​​បាតុករ​នៅ​ទីលានTaksim ក្រុង Istanbul ថ្ងៃទី​១ ឧសភា
ប៉ូលិស​តួកគី​បំបែល​​បាតុករ​នៅ​ទីលានTaksim ក្រុង Istanbul ថ្ងៃទី​១ ឧសភា REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​តួកគី ប៉ូលិស​បាន​ប្រើ​មធ្យោបាយ​ធំ ជា​កាំភ្លើង​បាញ់​ទឹក បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក បំបែក​ហ្វូង​បាតុករ​ដែល​នាំ​គ្នា​ជម្នះ​បម្រាម​អាជ្ញាធរ​មិន​ឱ្យ​ធ្វើ​ដង្ហែ​ក្បួន​បាតុកម្ម​ ទៅ​​កាន់​ទីលាន Taksin ទីលាន​ជា​និមិត្តរូប​នៃ​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដូច​អ្វី​ដែល​មាន​កើត​ឡើងទន្ទឹម​គ្នា​នេះ​​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 
បាតុកម្ម​ក៏​មាន​រៀប​ចំ​ធ្វើ​ឡើង​ដែរ នៅប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហុងកុង សិង្ហបុរី តៃវ៉ាន់ ឬ​កូរ៉េខាង​ត្បូង​ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​និង​បរិហារ​ អំពី​ជីវភាព​កាន់​តែ​លំបាក ទំនិញ​ឡើង​ថ្លៃ​ និ​ងពិសេស​តម្លៃ​ផ្ទះ​សម្បែងខ្ពស់ ដែល​ធ្វើ​ឱ្យ​គម្លាត​សង្គម​មាន​កាន់​តែ​ជ្រៅ។

នៅអឺរ៉ុប​ មានក្បួន​ដង្ហែ​ជា​ប្រពៃណី​ជា​ច្រើន​សម្រាប់​ឧទ្ទិស​ដល់​ថ្ងៃ​ទី ១ ឧសភា ទិវា​ការងារ​អន្តរជាតិ ដែល​បាន​បង្កើត​ឡើង​នាចុង​សតវត្សរ៍​ទី ១៩ នៅ​សហរដ្ឋអាមេរិក ដោយ​​ ចលនា​ទាមទារ​កាត់​បន្ថយ​ពេល​ម៉ោង​ធ្វើ​ការ។ សម្រាប់​ប្រទេ​ស​បារាំង ក្រុម​សហជីព មិន​សូវ​ស៊ី​ចង្វាក់​គ្នា​ទេ ខ្លះ​បាន​ឆ្លៀត​យក​ទិវា​នេះ ដើម្បី​រិះគន់​រដ្ឋាភិបាល​ ដែល​ទើប​អនុម័ត​ផែនការ​សេដ្ឋកិច្ច​៥០ពាន់​លាន​អឺរ៉ូ និង​ខ្លះ​ទៀត ធ្វើ​បាតុកម្ម​ក្រោម​ប្រធានបទ​អឺរ៉ុប។ អេស្ប៉ាញ​ដែល​ទើប​ស្គាល់​កំណើន​សេដ្ឋកិច្ច​រើប​ឡើងវិញ​ ក៏​នាំ​គ្នា​ចុះ​ថ្នល់​ ​នៅរដ្ឋ​ធានី និង​ក្រុង​ជាង​៧០​ ព្រោះ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ខ្ពស់​ត្រដឹម​នៅ​ឡើយ។

នៅ​អាហ្វ្រិក​ខាង​ត្បូង ដោយ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់ លោក​ប្រធានាធិបតី​​បានចេញ​មុខ​ធ្វើ​សន្ទរកថា ក្នុង​​​អង្គ​មិទ្ទិញ​ឧទ្ទិស​ដល់​ទិវា​ការងារ។

ដោយ​ឡែក​នៅ​ក្រុង​ម៉ូស្គូ ទីលាន​ក្រហម ការ​ប្រមូលផ្តុំ​អបអរ​​ទិវា​ពលកម្ម​អន្តរជាតិ​​មាន​ទំហំ​ធំ​ក្រៃ និង​អត្ថន័យ​ពិសេស​ខុស​ពី​សព្វ​មួយដង។ បាតុករ​ប្រមាណ​១សែន​នាក់ បាន​យក​ទិវា​នេះ​ទៅ​ភ្ជាប់​នឹង​ប្រវត្តិ​អតីត​កាល​ជា​សហភាព​សូវៀត។ វិបត្តិ​អ៊ុយក្រែន បាន​ត្រឹម​តែ​បំផុស​បំផុល​ឱ្យ​​ឆន្ទៈ​ជាតិ​និយម កាន់​តែ​រីកធំ​ធាត់។ ដឹកនាំ​ដោយ​អភិបាល​ក្រុងម៉ូស្គូ ទិវា​ការងារ​អន្តរជាតិ​ឆ្នាំ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​លើក​ទី​មួយ គិត​ចាប់ពី​ឆ្នាំ​១៩៩១ នៅ​មុខ​វិមាន​ក្រេម​ឡាំង​ ជាមួយ​ជ័យ​ឃោស​គាំទ្រ​លោក​ពូទីន មិន​ខុស​អ្វី​ពី​សម័យ​សហភាព​សូវៀត ដែល​ជា​រៀង​រាល់​ថ្ងៃ​ទី​១​ឧសភា មាន​ការ​ប្រារព្វ​ពិធី​បុណ្យ​នៅទីលាន​ក្រហម​​នេះ អម​ដោយ​ព្យុះហយាត្រ​យោធា​ និង​ស៊ីវិលផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ